ការដើរលើវិថីសិល្បៈ បញ្ហាប្រឈម និង ធ្វើខ្លួនបែបណាឱ្យល្បីជាអ្វីដែលតារាៗធ្លាប់ឆ្លងកាត់
- 2014-09-17 16:57:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការដើរលើវិថីសិល្បៈ បញ្ហាប្រឈម និង ធ្វើខ្លួនបែបណាឱ្យល្បីជាអ្វីដែលតារាៗធ្លាប់ឆ្លងកាត់
ចន្លោះមិនឃើញ
មិនមែនជាការងាយស្រួលនោះទេសម្រាប់ការដើរលើវិថីសិល្បៈ ដែលអាចធ្វើឱ្យកេរ្តិ៍ឈ្មោះល្បីសុះសាយ ដោយរងនៅព្យុះភ្លើង ក៏ដូចជាការតស៊ូជាខ្លាំងដើម្បីសម្រេចគោលដៅក្លាយខ្លួនជាតារាម្នាក់ទទួលសំឡេងគាំទ្រពីទស្សនិកជន។ ជាក់ស្ដែងតារាបួនដួងបានបង្ហាញពីបទពិសោធន៍របស់ពួកគេពីរបៀបបោះជំហានចូលសិល្បៈ បញ្ហាប្រឈម និង ការធ្វើយ៉ាងណាឱ្យខ្លួនពួកគេល្បីឈ្មោះក្នុងវិថីសិល្បៈ។
សូមចុចអាន៖ ស្នាមញញឹមតារាល្បីៗ ក្នុងថ្ងៃបើកសម្ពោធ ETV ល្ងាចមិញ
របៀបនៃការបោះជំហានប្រឡូកក្នុងវិថីសិល្បៈ
ពិធីករល្បីឈ្មោះរបស់ស្ថានីយទូរទស្សន៍ MYTV លោក តាប៊ុយ ប្រាប់ថា ការឈានចាប់អាជីពជាអ្នកសិល្បៈរបស់ខ្លួនមិនមែនជាការជួយជំរុញលើកទឹកចិត្តពីនរណាម្នាក់ទេ គឺកើតឡើងពីការស្រលាញ់ផ្ទាល់ខ្លួនតែម្ដង។ "ខ្ញុំតែងតែមើលកម្មវិធីរបស់ទូរទស្សន៍បរទេស ហើយក៏ដឹងក្នុងចិត្តថាថ្ងៃណាមួយនឹងអាចក្លាយជាពិធីករល្បីឈ្មោះម្នាក់ដូចគេដែរ"។
តារាសម្ដែងសិចស៊ី កញ្ញា គង់ ចាន់ស្រីមុំ វិញ និយាយថា នាងធ្លាប់ទទួលបានការគាំទ្រ ពីមិត្តភ័ក្ដិក្នុងការផ្ដើមអាជីពជាអ្នកសិល្បៈ ដោយមិត្តភ័ក្ដិទាំងនោះបានលើកទឹកចិត្តឱ្យនាងប្រឡងជាស្រីស្អាតក្នុងកម្មវិធីសិល្បៈ។
កញ្ញាបញ្ជាក់ថា៖ "គេថាខ្ញុំរូបសម្ផស្សស្អាតអាចក្លាយទៅជាតារាល្បីៗបាន ខ្ញុំក៏សាក ប៉ុន្តែមិនជាប់ជាជយលាភីទេ។ ក៏ប៉ុន្តែខ្ញុំនៅតែព្យាយាមព្រោះជាអ្វីដែលខ្ញុំស្រលាញ់ពេញចិត្ត រហូតមានកេរ្តិ៍ឈ្មោះល្បីដល់ពេលបច្ចុប្បន្ន"។
"អាជីពជាអ្នកសិល្បៈហ្នឹងខ្ញុំស្រលាញ់តាំងពីតូចមកម្ល៉េះ។ ខ្ញុំតែងតែឡើងច្រៀងកាលខ្ញុំសិក្សានៅសាលាបឋម ព្រោះខ្ញុំស្រលាញ់ចូលចិត្ត ហើយគិតថាថ្ងៃណាមួយខ្ញុំនឹងក្លាយទៅជាតារាចម្រៀងល្បីឈ្មោះដូចគេ"។
ពិធីការិនីមានប្រភពមកពីខេត្តក្រចេះរូបនេះបញ្ជាក់ថា៖ "គ្រួសារខ្ញុំក្រីក្រដូច្នេះខ្ញុំត្រូវរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ខ្ញុំក៏សម្រេចចិត្តចូលធ្វើតេស្តជាពិធីករ-ពិធីការិនី រូបសម្ផស្ស ផ្គួបផ្សំនឹងចំណោះដឹងធ្វើឱ្យខ្ញុំមានឈ្មោះមកទល់នឹងពេលបច្ចុប្បន្ន"។
បញ្ហាប្រឈមក្នុងវិស័យសិល្បៈ
និយាយរឿងពីបញ្ហាប្រឈមក្នុងវិស័យសិល្បៈតារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ និយាយថា លោកមិនដែលមានបញ្ហាប្រឈមអ្វីឡើយជាមួយនឹងទស្សនិកជន ក៏ដូចជាមិត្តសិល្បករ សិល្បការិនី រួមទាំងអ្នកសារព័ត៌មានផងដែរ។ លោកថាសំខាន់គឺការរៀបចំខ្លួនឱ្យល្អដូចពាក្យចាស់ពោលថា "មាសសុទ្ធមិនខ្លាចភ្លើង"។
ខុសពីលោក ឆាយ វីរៈយុទ្ធ អ្នកនាង គង់ សុជាតិ ប្រាប់ថា ជីវិតក្នុងវិថីសិល្បៈរបស់នាងតែងតែមានបញ្ហាជាញឹកញាប់មិនចេះចប់មិនចេះហើយ ទើបតែមួយរយៈចុងក្រោយហាក់មានសភាពធម្មតាវិញ។
អ្នកនាង គង់ សុជាតិលើកឡើងថា៖ "អូនអើយជីវិតអ្នកសិល្បៈដែលស្រួលអី គេថាយើងចេះថាយើងចុះ ជាពិសេសអ្នកសារព័ត៌មានហ្នឹងតែម្ដងជីកសួរឫសគល់យើងគ្រប់បែបយ៉ាង ទើបតែឥឡូវទេស្ងាត់នោះ"។
ដូចគ្នាទៅនឹង អ្នកនាង គង់ សុជាតិដែរ ពិធីករឈ្នះពានពីរឆ្នាំជាប់គ្នាពីកម្មវិធីអាណាចក្រតារាផ្នែកពិធីករមានប្រជាប្រិយភាព លោក តាប៊ុយ ប្រាប់ថា លោកក៏ធ្លាប់មានបញ្ហាមួយចំនួនកើតឡើងផងដែរក្នុងវិថីសិល្បៈ តែមិនជាមានបញ្ហាអ្វីធំដុំឡើយ។ "អារឿងគេច្រឡំប្រុសដេកជាមួយប្រុយដូចគ្នាពេលកន្លងទៅធ្វើឱ្យទស្សនិកជនយល់ច្រឡំខ្លះដែរ។ តែបើនិយាយពីរឿងការងារវិញមិនដែលមានបញ្ហាកើតឡើងទេ គឺមានតែទៅមុខ"។
តារាសម្ដែងល្បីឈ្មោះ កញ្ញា គង់ ចាន់ស្រីមុំ បាននិយាយថា កញ្ញាតែងតែមានបញ្ហារកាំរកូសខ្លះៗនឹងសង្សាររបស់ខ្លួន រួមនឹងអ្នកសារព័ត៌មានផងដែរ។ នាងថាបញ្ហាអស់ទាំងនេះត្រូវបានដោះស្រាយរួចរាល់អស់ហើយមកទល់នឹងពេលនេះមិនមានអ្វីកើតឡើងទៀតទេ។ ទោះជាយ៉ាងណាក៏ដោយតារាសម្ដែងល្បីឈ្មោះរូបនេះបញ្ជាក់ថា ការប្រែក្លាយខ្លួនជាតារាធ្វើឱ្យមហាជនចាប់អារម្មណ៍គឺមានការលំបាកខ្លាំងណាស់។
ការធ្វើខ្លួនឱ្យក្លាយទៅជាតារាល្បី
សម្រាប់អ្នកនាង គង់ សុជាតិ ការក្លាយទៅជាតារាល្បីឈ្មោះម្នាក់ក្នុងចំណោមតារាដទៃទៀតគឺមានការលំបាកខ្លាំងណាស់។ អ្នកនាងនិយាយថា សមត្ថភាព ការចេះក្ដោបឱកាស រួមនឹងការប្រឹងប្រែងអស់ពីសមត្ថភាពធ្វើឱ្យនាងក្លាយខ្លួនជាពិធីការិនីឈរលើលំដាប់មកទល់នឹងពេលបច្ចុប្បន្ន។
ងាកមកលោក ឆាយ វីរៈយុទ្ធ ការក្លាយខ្លួនជាតារាល្បីឈ្មោះនាពេលកន្លងមកលោកថា លោកបានត្រៀមបទចម្រៀងល្អដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន ការស្លៀកពាក់ ការរៀបចំអាកប្បកិរិយា និង ការគោរពចំពោះទស្សនិកជនធ្វើឱ្យលោកមានឈ្មោះល្បីដល់បច្ចុប្បន្ន។
ទស្សនៈរបស់ពិធីករ តាប៊ុយវិញលើកឡើងថា ការដែលលោកក្លាយទៅជាពិធីករល្បីឈ្មោះដល់ពេលបច្ចុប្បន្នក៏ដោយសារតែលោកផ្ដោតតែទៅលើការងារ យកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នជានិច្ចមិនដែលធ្វេសប្រហែសម្ដងណាឡើយ។ អ្វីពិសេសជានេះទៀតលើការចង់បានពីសំណាក់ទស្សនិកជនពេលធ្វើជាពិធីករតាមកម្មវិធីម្ដងៗ។
ដោយឡែកនិយាយពីតារាសម្ដែង sexy កញ្ញា គង់ ចាន់ស្រីមុំវិញប្រាប់ថា ការតុបតែងខ្លួនប្លែកៗ sexy ជាអ្វីធ្វើឱ្យនាងទាក់ទាញការគាំទ្របានច្រើនពីទស្សនិកជនដល់ពេលបច្ចុប្បន្ន។ កញ្ញាអះអាងថាបើទោះជាការកសាងកេរ្តិ៍ឈ្មោះឱ្យល្បីក្នុងពិភពសិល្បៈមានភាពលំបាកខ្លាំងយ៉ាងណាក៏ដោយនាងមិនរុញរាឡើយគឺនាងនៅតែជម្នះរាល់ឧបសគ្គដើម្បីឈរជាតារាលំដាប់ម្នាក់ក្នុងសង្គមសិល្បៈ។
មានតារាភាគតិចណាស់ដែលអាចកសាងខ្លួនឱ្យល្បីដោយមិនមានការខិតខំប្រឹងប្រែងនៅពេលពួកគេបោះជំហានចូលទៅក្នុងវិថីសិល្បៈ។ សិល្បករ សិល្បការិនីខ្មែរទាំងអស់សុទ្ធតែប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទម្រាំពួកគេម្នាក់អាចមានឈ្មោះល្បីក្នុងចង្កោមសិល្បៈដល់ពេលបច្ចុប្បន្ន៕
អត្ថបទ៖ អ៊ីង សុឡា