ការលម្ហែរបស់យុវវ័យភ្នំពេញមិនបាច់មានសង្សារក៏សប្បាយ
- 2014-09-17 16:38:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការលម្ហែរបស់យុវវ័យភ្នំពេញមិនបាច់មានសង្សារក៏សប្បាយ
ចន្លោះមិនឃើញ
ក្រោយសម្រាកពីការ សិក្សា ឬ ការងារ តើយុវវ័យសម័យឥឡូវនេះនិយម ធ្វើសកម្មភាពអ្វី ឬ ទៅកន្លែងណាខ្លះទៅហ្ន៎ ដើម្បីលម្ហែអារម្មណ៍ រំសាយភាពនឿយហត់ និង ធុញថប់?
ព្រំ វិសាល និស្សិតឆ្នាំ២សាកលវិទ្យាល័យន័រតុន
“ខ្ញុំចប់ម៉ោងរៀនអស់ នៅម៉ោង៣រសៀលរាល់ថ្ងៃ លើកលែងតែ សៅរ៍ អាទិត្យ។ ញឹកញាប់ខ្ញុំបបួលមិត្តភ័ក្ដិទៅទាត់សីឲ្យបែកញើសនៅ សួនក្ដាន់ពីរ រួចហើយពួកយើងក៏បន្តជជែកគ្នា និងញ៉ាំអី រហូតដល់ម៉ោងចូលផ្ទះ រួចក៏បំបែកគ្នារៀងៗខ្លួន"។
កញ្ញា មាន ភារម្យ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
“ជាធម្មតា ខ្ញុំចូលចិត្តទៅសាកលវិទ្យាល័យភូមិន្ទណាស់។ យើងជួបជុំគ្នា រួចយើងក៏លេងវាយសី។ បើ សៅរ៍ អាទិត្យ វិញ ជួនអីច្រើនតែនាំគ្នាទៅអង្គុយលេងមាត់ទន្លេ និយាយគ្នាពីនេះពីនោះ និងស្រូបខ្យល់ត្រជាក់។ ប៉ុន្តែមិនញឹកញាប់ទេ ព្រោះអីមានការងារផ្ទះត្រូវធ្វើទៀត"។
ខន ខេមរិន្ទ និស្សិតផ្នែកគ្រប់គ្រងឆ្នាំទី១នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
“ខ្ញុំចំណាំតែមកមាត់ទន្លេកោះពេជ្រនេះ ជំនុំគ្នា និង មើលគេមើលឯង។ ទីនេះមានទឹក មានខ្យល់ត្រជាក់រំភើយ ធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ ក្រោយពីពេលនឿយហត់។ ជាធម្មតាមួយអាទិត្យ បានមកពីរឬបីហ្នឹងឯង ព្រោះថ្ងៃខ្លះជួបគ្នាជាមួយពួកម៉ាក ទៅញ៉ាំអី ឬ ទៅណាទៅណីផ្សេងអីចឹងទៅ”។
កញ្ញា យឹម សុខម៉ី សិស្សថ្នាក់ទី១២
"ជួនខ្លះជិះម៉ូតូលម្ហែ មើលទេសភាព ឬលេងជាមួយមិត្តភ័ក្ដិ មួយសន្ទុះ មួយម៉ោងអីទៅ ក៏វិលទៅផ្ទះវិញ។ មិនអីចឹងទេ យូរម្ដងៗខ្ញុំនៅអង្គុយលេង ឬមើលគេហាត់ប្រាណតាមមាត់ទន្លេ តាខ្មៅ ព្រោះផ្ទះខ្ញុំនៅទីនោះស្រាប់ មិនចាំបាច់ទៅណាឆ្ងាយផង"។
ស្រេង ទិត្យា អ្នកលក់ដូរ
“បើពេលព្រឹកម៉ោង ៥ ខ្ញុំចាប់ជិះកង់ទៅ តាខ្មៅ រួចក៏វិលមកកោះពេជ្រ ហើយទៅផ្ទះ។ ពេលល្ងាចវិញខ្ញុំច្រើននៅផ្ទះ ព្រោះរវល់ការងារណាស់ មិនសូវទំនេរច្រើនទេ។ តែបើថាខែទឹកឡើងច្រើនអីចឹង ខ្ញុំមកមាត់ទន្លេ អង្គុយកាន់សន្ទូចស្ទូចត្រី ជាមួយអ្នកឯផ្សេងទៀត ដល់តែល្ងាចមែនទែនបានទៅវិញ"។
អត្ថបទ៖ ប៉ែន សុផាន់ណា