មានសិល្បករខ្មែរ ២ រូបលាចាកលោកម្សិលមិញ
- 2015-10-30 18:25:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសិល្បករខ្មែរ ២ រូបលាចាកលោកម្សិលមិញ
ចន្លោះមិនឃើញ
មានសិល្បករខ្មែរចំនួន ២ រូប បានលាចាកលោកទៅកាលពីម្សិលមិញនេះ ក្នុងមូលហេតុផ្សេងគ្នា ដោយបន្សល់នៅកេរ្តិ៍ឈ្មោះ និងស្នាដៃមួយចំនួន ដែលជានិមិត្តរូបប៉ុណ្ណោះ។
រូបភាព៖ ហ្វេសប៊ុក កូនប្រុសលោក ហ៊ុយ សាន់
១. លោក ហ៊ុយ សាន់៖ អតីតតារាសម្ដែងតាំងពីសង្គមចាស់រូបនេះ បានទទួលមរណភាពហើយកាលពីម្សិលមិញ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ នៅឯទឹកដីសហរដ្ឋអាមេរិក។ ដំណឹងនេះ ត្រូវបានផ្សព្វផ្សាយក្នុងគណនី Facebook កូនប្រុសរបស់លោក ដោយមានការចែករំលែកតៗគ្នា ខណៈអ្នកធ្លាប់ដឹងពីការសម្ដែងរបស់លោកបានពោលពាក្យសោកស្ដាយគ្រប់គ្នា។
បើតាមកូនប្រុសឈ្មោះ ចាន់ណាវ៉ា បញ្ជាក់តាមរយៈបណ្ដាញព័ត៌មានក្នុងស្រុកមួយថា ឪពុករបស់លោក ហ៊ុយ សាន់ កើតនៅថ្ងៃទី១១ ធ្នូ ១៩៣៨ ។ លោកបញ្ជាក់ថា កាលពីជំនាន់សង្គមរាស្ត្រនិយមមកដល់បច្ចុប្បន្នឪពុករបស់លោកជាគ្រូក្បាច់គុនដំបងខ្មែរ បុរាណ ជាអតីតកីឡាករជើងឯកទទួលពានរង្វាន់អូឡាំពិក ជាតារាភាពយន្ត និងជាអ្នកផលិតខ្សែភាពយន្តផងដែរ។
រូបភាព៖ ផ្ដល់ដោយ សាវិន ហ្វីលីប
២. តារាភាពយន្ត អ៊ាង ម៉ាឡៃ៖ បានទទួលអនិច្ចកម្មកាលពីម្សិលមិញ នៅប្រទេសវៀតណាម ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលភ្ជុំបិណ្ឌកន្លងទៅ ដែលគ្រានោះបណ្ដាលឲ្យស្វាមី ចៅ និងក្មួយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈអ្នកស្រីត្រូវបានបញ្ជូនទៅព្យាបាលនៅទីនោះ។ មរណភាពរបស់អ្នកស្រី ជាការបាត់បង់នូវធនធានសិល្បៈដ៏សំខាន់ក្នុងវិស័យសិល្បៈ ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាផងដែរ។ បច្ចុប្បន្នសពកំពុងតម្កល់នៅវត្តចិនដំដែក ដើម្បីធ្វើបុណ្យតាមប្រពៃណី។
អ្នកស្រី អ៊ាង ម៉ាឡៃ ក៏ធ្លាប់បានទទួលពានកិត្តិយសអមតពីកម្មវិធី "អាណាចក្រតារា" ឆ្នាំ២០១៤ ក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាល ដែលបានបំពេញការងារក្នុងបុព្វហេតុសិល្បៈវប្បធម៌ផងដែរ៕
អានអត្ថបទ៖ មកដល់ហើយ…!រូបភាពកាត់ចំណងដៃ ឈិន ច័ន្ទសុធារី-សុវណ្ណ មករា យប់មិញ
អានអត្ថបទ៖ ដល់វេលា វណ្ណ មករា និងហង្ស សុជាតា ហើយ!
អត្ថបទ៖ សំ ជំនាញ