អុំទូកឆ្នាំនេះ ចាប់ផ្សាយពាណិជ្ជកម្មលើ CNN សប្ដាហ៍ក្រោយ
- 2014-10-18 17:23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុំទូកឆ្នាំនេះ ចាប់ផ្សាយពាណិជ្ជកម្មលើ CNN សប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
ស្ពតពាណិជ្ជកម្ម នៃព្រះរាជពិធីបុណ្យ អុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះខែ នឹងចាប់ផ្សាយបង្ហាញទៅពិភពលោកទាំងមូល តាមប៉ុស្តិ៍ទូរទស្សន៍ពិភពលោក CNN ចាប់ពីសប្ដាហ៍ក្រោយទៅ មុនពេលដែលពិធីប្រពៃណីដ៏ធំរបស់ខ្មែរមួយនេះនឹងធ្វើឡើងនៅពីថ្ងៃទី៥ដល់ទី៧វិច្ឆិកាខាងមុខ។
ឯកឧត្ដម កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) ទើបតែជូនដំណឹងលើទំព័រហ្វេសប៊ុក ពីការដាក់ស្ពតពាណិជ្ជកម្មលើបណ្ដាញទូរទស្សន៍ល្បីលើលោកដែលមានមូលដ្ឋាននៅរដ្ឋ អាតាឡង់តា សហរដ្ឋអាមេរិកមួយនេះ មុននេះបន្តិច។
រីឯចំនួនទូកង ទូកមួង មានសរុប ២៤០ទូក ដែលមានកីឡាករ កីឡាការិនីសរុប ១ ៧០៦នាក់ និងបំរុង ២ ០១៥នាក់។ ចំនួនទូកបានថមថយចំនួន ១៨១ទូក បើធៀបនឹងការរៀបចំលើកចុងក្រោយកាលឆ្នាំ២០១១។
ចំនួនប្រទីបមាន៩ប្រទីបរួមមាន ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការពារជាតិ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ និងប្រទីបរាជធានីភ្នំពេញ។
ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះជាការរៀបចំឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចប្រកាសផ្អាកការរៀប៣ឆ្នាំជាប់គ្នាគឺ ២០១១ ២០១២ និង២០១៣ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងការកាន់ទុក្ខការយាងចូលទិវង្គតរបស់ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ)៕
អ្នកជំនាញកំពុងញាប់ដៃញាប់ជើងរៀបចំភ្លើងប្រទីបហើយតើ
អត្ថបទ៖ ប៉ែន សុផាន់ណា