បើ​​ធុញថប់តប់ប្រម៉ល់​ខ្លាំង សាក​វិធី​៨យ៉ាង​នេះ

  • 2015-11-02 20:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​អន្ទះ​អន្ទែង ធុញថប់​តប់​ប្រមល់​ គឺ​ជា​​​បញ្ហា​ផ្លូវ​ចិត្ត​មួយ​ ដែល​គ្រប់​គ្នា​​បាន​ជួប​ប្រទះ​ស្ទើរ​គ្រប់​ពេល​វេលា និង​រាល់​ថ្ងៃ​ ជា​ពិសេស​ពេល​គិត​អ្វី​មួយ​មិន​ចេញ។

 

ការ​សិក្សា​របស់​មូលនិធិ​សុខភាព​ផ្លូវ​ចិត្ត​អង់គ្លេស​​ YouGov ​ធ្វើឡើង​ក្នុង​ឆ្នាំ ២០១៤ ​បាន​បង្ហាញ​ថា​ ជនជាតិ​អង់គ្លេស​ម្នាក់​ ក្នុង​ចំណោម ៥នាក់ បាន​កើត​មាន​ភាព​រសាប់រសល់​ ដោយ​មិន​មាន​វិធី​ណា​ដោះ​ស្រាយ​បាន ខណៈ​មនុស្ស​ជាច្រើន​​​អាច​​ដោះ​ស្រាយ​បាន​ ដោយ​គ្រាន់​តែ​និយាយ​ប្រាប់​មិត្ត​ភក្តិ ហាត់​ប្រាណ និង​ដើរ​លេង។ ​​ក្រៅ​ពី​វិធី​ទាំង​នេះ តើ​មាន​​មធ្យោបាយ​ណា​អាច​ដោះ​ស្រាយ​បាន?

 

AsapTHOUGHT ​ជា​ Youtube Channel មួយ​ដែល​បង្ហោះ​​ព័ត៌មាន​បែប​វិទ្យាសាស្ត្រ ជា​មួយ​ជីវិត​សង្គម​ប្រចាំថ្ងៃ និង​បាន​បង្កើត​វីដេអូ​និយាយ​ប្រាប់​ពី​វិធី​ទាំង ៨យ៉ាង​ ដើម្បី​​ដោះ​ស្រាយ​ភាព​រសាប់រសល់​នេះ​បាន។

 

 

១. ចៀស​ឆ្ងាយ​ពី​ការ​ស្វែង​រក​ដំណោះ​ស្រាយ​​តាម​អនឡាញ

 

នៅ​ពេល​លោក​អ្នក​កើត​អារម្មណ៍​បែប​នេះ ការ​ឆែក​មើល​លើ​ Google កាន់​តែ​ធ្វើ​ឲ្យ​អ្នក​កើត​អារម្មណ៍​មួរ​ម៉ៅ​​បន្ថែម​ទៀត ព្រោះ​ដំណោះ​ស្រាយ​មិន​ដូច​អ្វី​ដែល​អ្នក​ចង់​បាន។

 

២. ហត់ហេវ ខឹង ឯកា ឬ​ធុញ​ទ្រាន់​ទេ?

 

អ្នក​ត្រូវ​​បរិភោគ​ និង​សម្រាក​ឲ្យ​បាន​ច្រើន គេង​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល​គិត​បាន​វែង​ឆ្ងាយ​​ជាង​មុន។

 

៣. ដកដង្ហើម​វែងៗ

 

ចំណាយ​ពេល​វេលា​​ចេញ​ទៅ​ក្រៅ និង​ដក​ដង្ហើម​ឲ្យ​វែង ដោយ​ធ្វើ​ឲ្យ​បែប​នេះ​ជួយ​ឲ្យ​អ្នក​ធូរស្បើយ​ខួរ​ក្បាល​ និង​មាន​អារម្មណ៍​ស្ងប់។ ​​​ក្នុង​រយៈ​ពេល ៤វិនាទី អ្នក​ត្រូវ​ទប់​​ដង្ហើម​ឲ្យ​បាន ៧ដង និង​​ដកដង្ហើម​ចេញ​ឲ្យ​បាន ៨ដង ព្រោះ​ពេល​អ្នក​​​ជាប់​ផ្ដោត​​ទៅ​លើ​សកម្ម​ភាព​នេះ រឿង​អាក្រក់​ផ្សេង​ៗ​អ្នក​នឹង​ភ្លេច​បាត់។

 

៤. ស្រែក​ច្រៀង

 

​ការ​ស្ដាប់​តន្ត្រី និង​​ការ​ស្រែក​ច្រៀង​ ជា​វិធី​​ដ៏​ងាយស្រួល​ និង​ពេញ​និយម ដោយ​ទទួល​បាន​លទ្ធផល​ប្រសើរ​។

 

៥. ធ្វើ​ចលនា

 

ការ​ធ្វើ​លំហាត់​ប្រាណ​ អាច​ជួយ​អ្នក​ឲ្យ​កម្ចាត់​បាន​នូវ​ឫសគល់​នៃ​ភាព​រសាប់រសល់។ ការសិក្សា​របស់​សាកលវិទ្យាល័យ Leeds បង្ហាញ​ថា​ការ​ហាត់​ប្រាណ​បត់​បែន​ខ្លួន និង​ការ​ហាត់​លើក​ទម្ងន់ លោត​កម្ពស់ ពិត​ជា​អាច​កាត់​បន្ថយ​អារម្មណ៍​ទាំង​នេះ​បាន ដោយ​មិន​បាញ់​ចាំ​បាញ់​រត់​ចម្ងាយ ៥គីឡូម៉ែត្រ​ទេ​។ ៦. យក​ចិត្ត​ទុកដាក់

 

ត្រូវ​ដឹង​ថា មាន​អ្វី​កើត​ឡើង​ជុំ​វិញ​ខ្លួន​អ្នក រួច​ចំណាយ​ពេល​​ពិចារណា ​ស្វែង​យល់។​​

 

៧. ព្យាយាម​បន្តិច​ម្ដងៗ

 

រឿង​តូច​ពេល​ខ្លះ​​ អ្នក​មាន​អារម្មណ៍​ដូច​ជា​រឿង​ធំដុំ អញ្ចឹង​ត្រូវ​​ស្វែងរក​បញ្ហា​ពី​ដំបូង ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​គ្រប់​គ្រង​វា​បាន។​ ​

៨. មើល​ថែ​ខ្លួន​ឯង

 

ក្រោយ​ពី​ដឹង​ថា​ អ្វី​ជា​ឫសគល់​នៃ​បញ្ហា អ្នក​ត្រូវ​ប្រឹង​ប្រែង​យកចិត្ត​ទុកដាក់​លើ​សុខភាព​ខ្លួន​ឯង ដែល​ជា​រឿង​ចាំ​បាច់​​បំផុត។ មិន​ត្រូវ​បណ្ដែត​បណ្ដោយ​​ឲ្យ​ខ្លួន​​ធ្លាក់​​កើត​ជំងឺ​ណា​មួយ​ទេ៕

 

ចុចអាន៖ កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល

 

ប្រែ​សម្រួល៖​ ឡេង ភារុណ ប្រភព៖ independent, metro

អត្ថបទថ្មី