លោក​យាយ​វ័យ ៦៧​ឆ្នាំ​លក់​សាំង​មួយ​យប់​ទល់​ភ្លឺ គ្រាន់​បាន​ប្រាក់​ទៅ​វត្ត​និង​ចិញ្ចឹម​ចៅ

  • 2015-11-03 14:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង ៥​ទៀប​ភ្លឺ ជា​ពេល​វេលា​ដែល​គ្រប់​គ្នា​កំពុង​លង់​លក់​ក្នុង​និទ្រា​បិទ​នេត្រា​យ៉ាង​ស្កប់​ស្កល់ ប៉ុន្តែ​លោក​យាយ​ម្នាក់​បែរ​ជា​ត្រូវ​មក​ងោក​ងក់​លើ​កៅអី​ម្នាក់​ឯង ក្នុង​នាម​ជា​អ្នក​លក់​សាំង​ដប​មួយ​យប់​ទល់​ភ្លឺ ដោយ​ប្ដូរ​មក​វិញ​ត្រឹម​កម្រៃ​ប្រមាណ ១​ម៉ឺន ទៅ ២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ គ្រាន់​ទុក​ជា​បច្ច័យ​ទៅ​វត្ត និង​ជួយ​ចិញ្ចឹម​ចៅ ២​នាក់​ក្នុង​បន្ទុក។

 

 

សំឡេង​​ម៉ូតូ​ឡាន​បើក​កាត់​យ៉ាង​អឺងកង​​នា​ពេល​សុរិយា​រៀប​រះជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់ ប៉ុន្តែ​នៅ​តែ​មិន​អាច​រំខាន​លោក​យាយ ពៅ សុភាព មិន​ឲ្យ​លង់​លក់​បាន ព្រោះ​អំណាច​នៃ​ភាព​អស់​កម្លាំង​តាំង​​ពី​​រាត្រី។ លោក​យាយ​វ័យ ៦៧​ឆ្នាំ​បាន​និយាយ​ប្រាប់ Sabay ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា៖ «ហឹម... យាយ​លក់​មួយ​យប់​ទល់​ភ្លឺ ចំណេញ​បាន​តែ ១ ម៉ឺន ទៅ ២​ម៉ឺន​អី​ហ្នឹង... ចេះ​តែ​លក់​ទៅ គ្រាន់​បាន​លុយ​ខ្លះ​ទៅ​វត្ត... បើ​មិន​ប្រឹង​លក់​អ៊ីចឹង គ្មាន​នរណា​មក​ជួយ​យើង​ទេ»។

 

 

លោក​យាយ ភាព បាន​ចាប់​ផ្ដើម​លក់​សាំង​ដប និង​ភេសជ្ជៈ​បន្តិច​បន្តួច​នេះ​តាំង​ពី​ម៉ោង​ប្រមាណ ៥ល្ងាច​រហូត​ដល់​ព្រលឹម​ស្រាង​ៗ ទើប​ចាប់​ផ្ដើម​ប្រមូល​ទុក​វិញ​ដើម្បី​សម្រាក។ មូលហេតុ​ដែល​លោក​យាយ​ត្រូវ​លក់​យប់​បែប​នេះ ក៏​ដោយសារ​គ្មាន​ទីតាំង ហើយ​សព្វ​ថ្ងៃ​លោក​យាយ​លក់​មុខ​ផ្ទះ​ក្មួយ ដែល​ពេល​ភ្លឺ​គេ​ត្រូវ​យក​កន្លែង​លក់​វិញ​ម្ដង។

 

ជា​រឿយ​ៗ​លោក​យាយ​តែង​ផ្ដាំ​អ្នក​នៅ​ជិត​នោះ​ថា បើ​ឃើញ​លោក​យាយ​សម្រាន្ត​លក់ ជួយ​ដាស់​ឲ្យ​ភ្ញាក់​ផង ព្រោះ​ខ្លាច​អ្នក​លក់​អេតចាយ​លួច​ឥវ៉ាន់​អស់ ឯ​ធុង​ទឹក​កក​លក់​ភេសជ្ជៈ​ត្រូវ​ចាក់​សោ​ជាប់​ជានិច្ច។ លោក​យាយ​ព្យាយាម​ទប់​ខ្លួន​ដែរ ប៉ុន្តែ​ពេល​ខ្លះ​នឿយ​ហត់​ពេក ទើប​ត្រូវ​ងោក​លើ​កៅអី​ម្នាក់​ឯង។

 

របរ​លក់​សាំង​នា​ពេល​រាត្រី​មិន​មែន​ជា​រឿង​ស្រួល​ឡើយ ព្រោះ​ពេល​ខ្លះ​ត្រូវ​គេ​បោក​គ្មាន​បាន​លុយ​មួយ​រៀល​ក៏​មាន។ លោក​យាយ ភាព ​បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹម​តែ​បង្កប់​​ទុក្ខ​ព្រួយ​ថា៖ «ពេល​ខ្លះ​គេ​មក​ចាក់​សាំង​ហើយ ប្រាប់​យាយ​ថា​គ្មាន​លុយ​ទេ សុំ​ចាំ​ថ្ងៃ​ក្រោយ​យក​មក​ឲ្យ ស្រាប់​តែ​បាត់​សូន្យ​ឈឹង... ពេល​ខ្លះ​ទៀត គេ​ដាក់​ទូរសព្ទ ហើយ​យាយ​ហ្នឹង​ទៅ​ចេះ​មើល​អី ជួន​កាល​ទូរសព្ទ​ខូច​ចោល ហើយ​មាន​មួក​មាន​អី​ទៀត នៅ​សល់​ពេញ​ហ្នឹង(សើច...)។ ​​

 

តាម​ពិត​លោក​យាយ​ដ៏​កម្សត់​នេះ មាន​កូន​ប្រុស​បង្កើត ២​នាក់ ប៉ុន្តែ​​គ្មាន​លទ្ធភាព​អាច​ជួយ​លោក​យាយ​បាន​ឡើយ ព្រោះ​ស្ថានភាព​គ្រួសារ​ពួក​គេ​ក៏​យ៉ាប់​យឺន​ដូច​គ្នា។ លោក​យាយ​បាន​បញ្ជាក់​ថា កូន​ប្រុស​ម្នាក់​ធ្វើ​ស្រែ និង​ម្នាក់​ទៀត​មាន​ការងារ​ប្រាក់​ខែ​តិច​តួច ហើយ​ប្រពន្ធ​សុទ្ធតែ​ជា​អ្នក​ធ្វើការ​រោង​ចក្រ បាន​ត្រឹម​ផ្ញើ​អង្ក ឬ​លុយ​កាក់​តិច​តួច​ប៉ុណ្ណោះ​សម្រាប់​ចិញ្ចឹម​ចៅ។

 

សព្វ​ថ្ងៃ​ចៅ ២​នាក់​ដែល​ជា​សាច់​ឈាម​របស់​កូន​ប្រុស​ច្បង ​បាន​មក​រស់​នៅ​ភ្នំពេញ​ជាមួយ​លោក​យាយ។ មិន​មែន​កូន​ប្រុស​លោក​យាយ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​ទេ ប៉ុន្តែ​លោក​យាយ​ចង់​ឲ្យ​ចៅ​បាន​រៀន​សូត្រ​ច្រើន​កុំ​ឲ្យ​ពិបាក​ទៅ​ថ្ងៃ​ក្រោយ​ទើប​យក​មក​រៀន​ឲ្យ​បាន​ច្រើន​នៅ​ភ្នំពេញ ខណៈ​ឪពុក​ម្ដាយ​គេ​កំពុង​រស់​នៅ​ធ្វើ​ស្រែ​ឯ​ស្រុក​បាទី ខេត្ត​តាកែវ៕

 

 

 

 

អត្ថបទ៖ គង់ វិសាល រូបភាព៖ ទូរសព្ទដៃ

អត្ថបទថ្មី