អាយុ១៧ឆ្នាំ បញ្ចប់បរិញ្ញាបត្រ និងបានធ្វើការឲ្យ NASA
- 2015-11-05 17:04:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ១៧ឆ្នាំ បញ្ចប់បរិញ្ញាបត្រ និងបានធ្វើការឲ្យ NASA
ចន្លោះមិនឃើញ
មានអាយុទើបតែ១៧ឆ្នាំ យុវជនកូនកាត់តៃវ៉ាន់-ប្រេស៊ីល សញ្ជាតិអាមេរិកាំងម្នាក់ បានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ ដោយបានពិន្ទុខ្ពស់ និងបានធ្វើការក្នុងគម្រោងមួយឲ្យទីភ្នាក់ងារអាវកាស NASA ថែមទៀត។
Daily Mail បានបញ្ជាក់ថាយុវជនឈ្មោះ Moshe Kai Cavalin រូបនេះ មកពីទីក្រុង San Gabriel រដ្ឋកាលីហ្វ័រញ៉ា បានចូលរៀននៅសាលា East Los Angeles College តាំងពីអាយុ៨ឆ្នាំ និងបញ្ចប់ការសិក្សាទទួលបានលទ្ធផលពិន្ទុសិក្សា GPA ខ្ពស់ គឺ 4.0 នៅអាយុ១១ឆ្នាំ។ នៅអាយុ១៥ឆ្នាំ Moshe បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (University of California) ហើយទទួលបានសញ្ញាបត្របិរញ្ញាបត្រផ្នែកគណិតវិទ្យា។ បច្ចុប្បន្ន Moshe វ័យ១៧ឆ្នាំ បានកំពុងតែសិក្សាថ្នាក់អនុបណ្ឌិតអនឡាញតាមរយៈសាកលវិទ្យាល័យ Brandeis ផ្នែកប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិត។
ក្រៅតែពីការសិក្សា Moshe មានចំណាប់អារម្មណ៍ច្រើនលើបច្ចេកវិទ្យា និងខាងយន្តហោះផងដែរ។ គេបានចំណាយពេលច្រើនធ្វើការឲ្យទីភ្នាក់ងារអវកាសអាម៉េរិកាំង NASA នូវគម្រោងបច្ចេកវិទ្យាមួយអំពីកាមេរ៉ាឈ្លបការណ៍នៅលើយន្តហោះធំ និងយន្តហោះ Drone បន្ទាប់ពីបានជាប់ជាបេក្ខជនកម្មសិក្សានៅទីនោះ។ Moshe ជាមនុស្សនៅវ័យក្មេង ហើយឆ្លាតដែលធ្វើឲ្យអ្នកនៅទីនោះ កោតសរសើរគ្រប់គ្នា។
លោក Ricardo Arteaga ដែលជាអ្នកណែនាំ និងមើលការខុសត្រូវលើ Moshe ក្នុងអង្គការ NASA បាននិយាយថា ខាង NASA ត្រូវការអ្នកមានចំណេះដឹងផ្នែក Software ជាពិសេសការដោះស្រាយបញ្ហាតាមគណិតសាស្ត្រ (Mathematical Algorithms ) ហើយ Moshe ជាមនុស្សសក្ដិបំផុត ដោយសារតែគេជាក្មេងឆ្លាត ជាមនុស្សស្ងៀមស្ងាត់តែពេញចិត្តនឹងការងារ និងធ្វើដោយរីករាយ។
ទាំងជោគជ័យក្នុងការសិក្សា Moshe ក៏មានសរសេរសៀវភៅអំពីភាពជោគជ័យនិងស្នាដៃខ្លួនសម្រេចបានផងដែរ ដែលសៀវភៅទាំងនោះគឺលក់ដាច់ខ្លាំង គឺចំណងជើង " I was able to reach the stars but others can reach the Milky Way"និងសៀវភៅ " We Can Do" សរសេរឡើងក្នុងឆ្នាំ២០១១។
ជាជំហានបន្ទាប់នាថ្ងៃអនាគត Moshe បានឲ្យដឹងថារូបគេមានបំណងបន្តការសិក្សាបន្ថែមនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts មុននឹងចាប់ផ្ដើមអាជីវកម្មក្រុមហ៊ុនប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិតដោយខ្លួនឯង៕
ចុចអាន៖ លោកយាយវ័យ៩៧ឆ្នាំ ទប់ទឹកភ្នែកមិនជាប់ពេលទទួលសញ្ញាបត្របាក់ឌុប
ចុចអាន៖ លោកតាអាយុ៨៦ឆ្នាំប្រលងបាក់ឌុបលើកទី១៥ ដើម្បីចូលរៀនសាកលវិទ្យាល័យ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail , cctv