តា និង​យាយ​ពីរ​​នាក់​​សុខ​ចិត្ត​ដាច់​បាយ​ក៏​មិន​សុំ​ទាន​​​គេ

  • 2015-11-06 13:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​តា​ឈ្មោះ​ ឌួង និងលោក​​យាយ​ជា​ប្រពន្ធ​ឈ្មោះ​ សំអាត សុខ​ចិត្ត​ដាច់​បាយ​ក៏​នៅ​តែ​ប្រកប​របរ​រើស​អេតចាយ​តាម​​ផ្លូវ​​​​មិន​សុំ​ទាន​ពី​អ្នក​ដទៃ ដោយ​រើស​​ចាប់​ពី​​ក្រោយ​វត្ត​នាគវ័ន្ត​ ​រហូត​មក​ដល់​ស្តុប​ទេពផន​​ជារៀង​រាល់​យប់​។

 

 

លោក​តា ឌួង បាន​ឲ្យ​ដឹង​ថា​ លោក​មាន​អាយុ​ ៦៨​ ឆ្នាំ​។ ចំណែក​ប្រពន្ធ​គាត់​ឈ្មោះ​ សំអាត មាន​អាយុ​៧៤​ ឆ្នាំ​សព្វ​ថ្ងៃ​ប្រកប​របរ​រើស​អេតចាយ​ដោយ​មួយ​ថ្ងៃ​សល់​​លុយ​​ចំណេញ​​​​ប្រហែល​ ៧​​ពាន់​ឬ​១​ម៉ឺន​រៀល។​​​​​​ តា និង​យាយ​​ប្រកប​របរ​នេះ​តាំង​ពី​ឆ្នាំ​ ​១៩៩៦ មក​ម៉្លេះ បុន្តែ​លោក​គ្មាន​សល់​អ្វី​​ក្រៅ​ពី ​រទះ​ជាប់​ខ្លូន ​ដែល​ប្រកប​របរ​រាល់​ថ្ងៃ​នេះ​ឡើយ​។ មាន​​ថ្ងៃ​ខ្លះ​ដាច់​បាយ​ម្ដង​ម្កាល​ដែរ​គឺ​ពេល​មេឃ​ភ្លៀង​​ ដោយ​សារ​មិន​អាច​ចេញ​ទៅ​រើស​បាន​។ ម្យ៉ាង​ទៀត​ផ្ទះ​ដែល​បាំង​ក្ដា​បី​បួន​​សន្លឹក​នៅ​​លើ​ដី​គេ​ក្រោយ​វត្តនាគវ័ន្ត​​លិច​ទឹក​មិន​អាច​ដេក​បាន​​​ទេ​ ពេល​មានភ្លៀង​ម្ដង​ៗ។

 

 

លោក​តា​ប្រាប់​ទាំង​អួល​ដើម​ក​ទៀត​ថា ​លោក​រើស​នៅ​ម្ដុំ​ក្រោយវត្ត​នាគវ័ន្ត ​បន្ត​តាម​ផ្លូវ​រហូត​មក​ដល់​ស្តុប​ទេព​ផន​ទើប​​ឈប់​សម្រាក​នៅ​ទី​នោះ​។ ​ក្នុង​ពេល​ឈប់​តែង​តែ​មាន​បង​ប្អូន​ ដែល​ធ្វើ​ដំណើរ​ឃើញ​គេ​អាណិត​គេ​ឲ្យ​មួយ​រយពីរ​រយ​​ ប៉ុន្តែ​មិន​បាន​សុំ​ទាន​គេ​ទេ​​។ តា និង​យាយ​បញ្ជាក់​ថា "យើង​អត់​ហើយ​ចៅ​ គេ​ឲ្យ​យក​ទៅ​បើ​មិន​យក​បាន​អី​ហូប​។ ​តាម​ចិត្ត​មិន​ចង់​បាន​របស់​គេ​ទេ​សុខ​ចិត្ត​អត់​អី​ហូប​ក៏​មិន​ហា​មាត់​សុំ​គេ​​​ដែរ​​ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន​ផង​។ ពេល​រើស​មិន​បាន​មាន​បង​ប្អូន​ជិត​ខាង​គេ​ឲ្យ​នេះ​ឲ្យ​នោះ​ដែរ​មក​រហូត​នឹងចៅ"។

 

 

លោក​តា​ ឌួង បន្ថែម​ថា ពេល​ថ្ងៃ​រើស​អេត​ចាយ​មិន​បាន​ទេ​ ចឹង​ហើយ​ទើប​មករើស​ពេល​យប់​ ដល់​ពេល​ម៉ោង​ប្រហែល ១ ឬ ១​ជាង​តិច​​ទើប​ទៅ​ដល់​ផ្ទះ​វិញ​៕

 

 

 

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម