អ្នករៀបចំកម្មវិធីតន្ត្រី KPOP មាន១៦នាក់ស្លាប់ បានសម្លាប់ខ្លួន
- 2014-10-19 01:34:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករៀបចំកម្មវិធីតន្ត្រី KPOP មាន១៦នាក់ស្លាប់ បានសម្លាប់ខ្លួន
ចន្លោះមិនឃើញ
អ្នករៀបចំកម្មវិធីប្រគំតន្ត្រី KPOP ដែលបណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់កាលពីល្ងាចថ្ងៃសុក្រ បានសម្លាប់ខ្លួន កាលពីព្រឹកមិញនេះ។ នេះបើយោងតាមសម្ដីប៉ូលិសបានប្រាប់ដល់សារព័ត៌មានកូរ៉េ។
ប៉ូលិសបាននិយាយថា បុរសម្នាក់មានត្រកូល Oh អាយុ ៣៧ឆ្នាំ ដែលជារៀបចំម្នាក់នៃកម្មវិធីប្រគំតន្ត្រី “The 1st Pangyo Techno Valley Festival” ត្រូវបានប្រទះឃើញស្លាប់កាលពីព្រឹកថ្ងៃសៅរ៍ នៅទីក្រុង Seognam បន្ទាប់ពីបានលោតពីលើអគារកម្ពស់១០ជាន់ គឺនៅជិតកន្លែងកើតហេតុកាលពីម្សិលមិញ និងបានផ្ញើសារខ្លីទៅកាន់ភរិយារបស់ខ្លួនថា “ខ្ញុំពិតជាសោកស្ដាយណាស់ចំពោះជនរងគ្រោះដែលបានស្លាប់ ... សូមមើលថែកូនៗយើងឲ្យបានល្អ”។
ប្រភពមួយបានប្រាប់សារព័ត៌មានកូរ៉េ Newsis ថា បុរសរូបនេះត្រូវបានប៉ូលិសហៅសួរសំណួររយៈពេល ១ម៉ោង និង២០នាទី កាលពីយប់ម៉ោង២រំលងអាធ្រាត បន្ទាប់ពីឧបទ្ទវហេតុ។
ហេតុការណ៍ម្សិលមិញនេះបានបណ្ដាលឲ្យ មនុស្ស១៦នាក់បានស្លាប់ និង១១នាក់ទៀតរងរបួសធ្ងន់ អំឡុងពេលការសម្ដែងដោយក្រុមចម្រៀង 4Minute នៅពេលដែលរនាំងដែក ដែលពួកគេឈរលើ បានបាក់រលំបណ្ដាលឲ្យពួកគេធ្លាក់ទៅខាងក្រោមជម្រៅជាង ១០ម៉ែត្រ។ ទឹកប្រាក់ប្រមាណ ២៨០០០ដុល្លារ នឹងត្រូវបង់ជាសំណង សម្រាប់ជនរងគ្រោះដែលបានស្លាប់ ដើម្បីរៀបចំពិធីបុណ្យសព។
បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុដែលនាំឲ្យបាក់ដែករនាំងនោះ។ ប៉ូលិសម្នាក់បាននិយាយថា “ប្រសិនបើរកឃើញថាមានការបំពានច្បាប់ការពារសុវត្ថិភាពណាមួយ ពួកយើងនឹងចាត់វិធានការដាក់ពិន័យចំពោះអ្នកដែលទទួលខុសត្រូវក្នុងហេតុការណ៍នេះ”។
ប្រទេសកូរ៉េខាងត្បូងជាប្រទេសមួយដែលមានអត្រាសម្លាប់ខ្លួនខ្ពស់បំផុតក្នុងពិភពលោក។ អ្នកដែលមានតួនាទីពាក់ព័ន្ធក្នុងហេតុការណ៍ណាមួយជួនកាលសុខចិត្តសម្លាប់ខ្លួន ដើម្បីបង្ហាញពីការទទួលកំហុស និងភាពអាម៉ាសរបស់ខ្លួន។
កាលពីខែមេសាកន្លងទៅ រយៈពេលមួយថ្ងៃបន្ទាប់ពីហេតុការណ៍លិចនាវាចម្លងដែលធ្វើឲ្យមនុស្សប្រមាណ ៣០០នាក់ស្លាប់ ដែលភាគច្រើនជាសិស្សវិទ្យាល័យ នាយករងសាលាដែលបានរៀបចំកម្មវិធីដំណើរកម្សាន្តនោះ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅជិតកន្លែងដែលនាវាលិច ៕
ចុចអានអត្ថបទ៖ ស្លាប់១៦នាក់ របួសធ្ងន់៩នាក់ ក្នុងការប្រគំតន្ត្រី KPOP ល្ងាចនេះ
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ latimes