ស្វែងយល់មូលហេតុ ការការពារ និងវិធីព្យាបាលមុនជាមួយវេជ្ជបណ្ឌិតជំនាញ
- 2015-11-10 18:24:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់មូលហេតុ ការការពារ និងវិធីព្យាបាលមុនជាមួយវេជ្ជបណ្ឌិតជំនាញ
ចន្លោះមិនឃើញ
មុនគឺជាប្រភេទជំងឺសើស្បែកម៉្យាងដែលតែងកើតមាននៅលើមនុស្សពេញវ័យ។ ដោយសារបញ្ហាមុន មនុស្សជាច្រើនមិនមានទំនុកចិត្តពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ លោក វេជ្ជបណ្ឌិត សេង ម៉ាឡា ឯកទេសជំងឺសើស្បែក និងកាមរោគបានពន្យល់ពីជំងឺនេះពាក់ព័ន្ធនឹងមូលហេតុ ផលវិបាក និងវិធីព្យាបាលដោយសង្ខេប។
វេជ្ជបណ្ឌិតវ័យ ២៩ ឆ្នាំ ពន្យល់ថា មុនគឺជាជំងឺមួយដែលបណ្ដាលមកពីការរលាកផ្នែក Pilosebaceouse Unitesនៃស្បែក ដែលភាគច្រើនកើតលើមនុស្សពេញវ័យ ហើយស្ត្រីមានអត្រាកើតខ្ពស់ជាងបុរស ក៏ប៉ុន្តែបើកើតលើបុរសវាមានលក្ខណៈធ្ងន់ធ្ងរជាងស្ត្រី។ មុនភាគច្រើនកើតលើមុខ ប៉ុន្តែវាក៏អាចកើតលើកន្លែងផ្សេងទៀតដូចជា ទ្រូង ខ្នង និងដើមដៃ។
លោក វេជ្ជបណ្ឌិត សេង ម៉ាឡា ឯកទេសជំងឺសើស្បែក និងកាមរោគ
លោកឲ្យដឹងដែរថា មកដល់បច្ចុប្បន្ន ពុំទាន់មានឯកសារណាមួយបញ្ជាក់ថាមូលហេតុពិតប្រាកដនៃជំងឺនេះមកពីអ្វីនៅឡើយទេ ប៉ុន្តែមានកត្តាមួយចំនួនដែលងាយបង្កអោយកើតមុន។ កត្តាទាំងនោះរួមមាន កត្តាតំណពូជ កត្តាអ័រម៉ូន កត្តាផលិតផល (ការប្រើប្រាស់ផលិតផលខុសដូចជាម្សៅ ឬឡេលាយ ឡេផ្ដល់សំណើម ឬហ្វូមលាងមុខដែលផ្ដល់សំណើមខ្លាំង) កត្តាឱសថ(ការប្រើប្រាស់ឱសថLithium, hydantoin, isoniazid, glucocorticoids, oral contraceptives, iodides, bromides និង androgens) កត្តាចំណីអាហារ(ផ្អែមខ្លាំង ហិរខ្លាំង គ្រឿងផ្អាប់) ការជិតមករដូវ ការសម្រាក ឬគេងមិនគ្រប់គ្រាន់ ស្ត្រេស ធុញថប់តប់ប្រមល់។
រោគសញ្ញានៃជំងឺមុនមានពីរសណ្ឋានគឺ៖
សណ្ឋានទី ១៖ មុនមិនរលាក (Non-Inflammatory Lesions)
មុនមិនរលាកបង្ហាញអោយឃើញនូវវត្តមាននៃគ្រាប់មុនក្បាលស (White Comedone) ឬគ្រាប់មុនក្បាលខ្មៅ (Black Comedone) នៅលើស្បែក។
សណ្ឋានទី ២៖ មុនរលាក(Inflammatory Lesions)
មុនរលាកបង្ហាញអោយឃើញនូវវត្តមាននៃកន្ទួលក្រហម ឬកន្ទួលក្រហមមានខ្ទុះ(Red Papules/Pustules)ទំហំ ២ ទៅ ៥ មីល្លីម៉ែត្រ ដុំពកតូច រឺ គីស (Nodule/Cyst) នៅលើស្បែក ហើយពេលខ្លះអាចមានការឈឺចាប់រួមជាមួយផងដែរ។
វិធីព្យាបាល
វិធីព្យាបាលត្រូវព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែកដើម្បីអោយគ្រូពេទ្យវាយតម្លៃសភាពនៃជំងឺដើម្បីងាយស្រួលព្យាបាល និងការពារកុំអោយមានស្នាមក្រមៅ ឬសម្លាកនៅលើស្បែក។ ការព្យាបាលរួមមាន៖
- ការលាបពួកANTIBIOTCS, RETINOIDSនិងយកគ្រាប់មុនចេញ (TAKE COMEDONE) ក្នុងករណីមិនធ្ងន់ធ្ងរ។
- ការលាបANTIBIOTCS, RETINOIDSនិងលេបពួកANTIBIOTCS, RETINOIDSរួមជាមួយនិងការយកគ្រាប់មុនចេញ(TAKE COMEDONE) ក្នុងករណីធ្ងន់ធ្ងរ។
ផលវិបាកនៃជំងឺមុនប្រសិនបើគ្មានការព្យាបាលបានត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញទេនោះវានឹងបណ្ដាលអោយមានស្នាមខូង ឬខ្មូតដែលមិនអាចព្យាបាលតាមរយៈការលាប ឬលេបថ្នាំបានឡើយ។
ការការពារ៖ ការលាងសំអាតមុខមានសារសំខាន់ណាស់ក្នុងការការពារនិងព្យាបាលជំងឺមុន ដែលតម្រូវអោយយើងត្រូវចេះជ្រើសរើសសាប៊ូ ឬហ្វូមលាងមុខអោយបានសមស្របតាមប្រភេទនៃស្បែករបស់យើងហើយអាចកម្ចាត់ចោលនូវជាតិខ្លាញ់ កម្ទេចកំទីកាកសំណល់របស់ស្បែក និងមេរោគដែលមានលើផ្ទៃមុខ។
ចម្ងល់ពាក់ព័ន្ធនឹងប្រភេទមុនទូទៅ ឬមុនផ្សេងទៀត ឬវិធីព្យាបាល អ្នកអាចទាក់ទងប្រឹក្សាជាមួយលោកវេជ្ជបណ្ឌិតតាមទូរសព្ទ៖ 011/093 39 49 39៕
អត្ថបទ៖ ប្រាក់ ចាន់សីហា រូបថត៖ ផ្តល់ឲ្យ