មង្គលការ រស់ សំអឿន និងសាយ ពិសិដ្ឋ ខែធ្នូនេះពិសេសគួរឲ្យសរសើរ
- 2015-11-11 17:03:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មង្គលការ រស់ សំអឿន និងសាយ ពិសិដ្ឋ ខែធ្នូនេះពិសេសគួរឲ្យសរសើរ
ចន្លោះមិនឃើញ
បាល់ប្រហែលក្លាយជាវត្ថុសម្រាប់តុបតែងលំអក្នុងពិធីមង្គលការរបស់កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាពីររូបគឺ សាយ ពិសិដ្ឋ និង រស់ សំអឿន នាខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ខណៈពិធីកាត់នំ និងបោះផ្កាមិនមានរៀបចំឡើយ។
សាយ ពិសិដ្ឋ និង ងួន ចាន់បូរមី (រូបថត៖ ចាន់បូរមី)
កញ្ញា ងួន ចាន់បូរមី ដែលជាកីឡាការិនីសីប៉ាក់តាក្រជម្រើសជាតិកម្ពុជាបានឲ្យដឹងថា កញ្ញានិងគូដណ្តឹង សាយ ពិសិដ្ឋ នឹងរៀបចំមង្គលការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះនៅភោជនីយដ្ឋានវិមានចរណៃ។ តាមគម្រោងមង្គលការរបស់នាងនឹងត្រូវអញ្ជើញភ្ញៀវចូលរួមប្រហែលជា៦០ទៅ៧០តុ។
កីឡាការិនីសីប៉ាក់តាក្រជម្រើសជាតិកម្ពុជារូបនេះប្រាប់ថា មង្គលការរបស់នាងមិនមានរៀបចំពិធីកាត់នំ និងបោះផ្កាឡើយ ប៉ុន្តែនឹងមានអ្វីពិសេសប្លែកទៀត ប៉ុន្តែសូមលាក់ទុកសិនដើម្បីធ្វើឲ្យមានការភ្ញាក់ផ្អើល។
ចំណែកកញ្ញា យូ បូណ៌មី ដែលជាគូដណ្តឹងរបស់ រស់ សំអឿន បានឲ្យដឹងថា មង្គលការរបស់នាងនឹងរៀបចំនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះនៅភោជនីយដ្ឋានពិភពថ្មី។ ក្នុងពិធីនេះក្រុមគ្រួសាររបស់នាង និងខាងគ្រួសារសំអឿនគ្រោងអញ្ជើញភ្ញៀវចូលរួមប្រហែលជា៥០តុឡើង។
បុគ្គលិកក្រុមហ៊ុនឯកជនរូបនេះបានប្រាប់ថា មង្គលការរបស់នាងមិនរៀបចំពិធីកាត់នំ និងបោះផ្កាឡើយ ប៉ុន្តែនឹងរៀបចំពិធីកាត់ផ្លែឈើ និងនំអន្សម ព្រមទាំងបោះបាល់ជំនួសវិញ។ អ្វីដែលពិសេសទៀតក្នុងរោងជ័យមង្គលការនឹងរៀបចំតុបតែងលំអដោយបាល់ ហើយភ្ញៀវជិតស្និទ្ធរបស់នាងនឹងស្លៀកពាក់ត្រូវតាមពណ៌កំណត់យ៉ាងពិសេសមួយ។
ស្នេហារបស់កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងពីរខាងលើបានចាប់ផ្តើមច្រើនឆ្នាំមកហើយតាមរយៈវិស័យកីឡាដែលបានផ្តល់ឱកាសឲ្យពួកគេបានជួបគ្នា និងសម្រេចរៀបចំអាពាហ៍ពិពាហ៍នៅខែធ្នូ ចុងឆ្នាំ២០១៥នេះព្រមគ្នាតែម្តង៕
អត្ថបទ៖ ជាន ចាន់រ៉ា