ចង់​ក្លាយ​ជា​អ្នកបង្កើត​ហ្គេម ហួយលីង សម្រេច​រៀន IT ដែល​នារី​ភាគច្រើន​មិន​ប្រាថ្នា

  • 2015-11-12 15:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​​សិស្ស​ស្រី​ភាគច្រើន ចូល​ចិត្ត​រៀន​ជំនាញ ធនាគារ គណនេយ្យ គ្រប់គ្រង ច្បាប់ និង​ជំនួញ​ជាដើមនោះ ប៉ុន្តែកញ្ញា​ ទា ហួយលីង បែរ​ជារៀន «ព័ត៌មាន​វិទ្យា» ជា​ជំនាញ​ដែល​ពេញ​និយម​សម្រាប់​តែ​ប្រុសៗ​ទៅ​វិញ។ អតីត​សិស្ស​វិទ្យាល័យ​ព្រះយុគន្ធរ បង្ហើប​ឱ្យ​ដឹង​ថា អនាគត​នាង​ចង់​ក្លាយ​ជា​អ្នក​បង្កើត​ហ្គេម​ដ៏​ល្បី​ឈ្មោះ​ម្នាក់។

 

 

សមាជិក​​​គ្រួសារ​សុទ្ធ​តែ​រៀន​ជំនាញ​​ផ្សេង ដូច្នេះ​តើ​អ្វី​ជា​កត្តា​ជំរុញ​ឱ្យ ហួយលីង ចាប់​ជំនាញ​ព័ត៌មាន​វិទ្យា? ចំពោះ​មូលហេតុ យុវតី​សម្បុរ​សជា​កូន​ចៅចិន​ បាន​ទម្លាយ​ថា ព្រោះ​​តែ​កញ្ញា​ចូល​ចិត្ត​លេង​ហ្គេម​តាំង​ពី​តូច ហើយ​មក​ដល់​​ពេល​នេះ កញ្ញា​លេង​បាន​ច្រើន​ហ្គេម​ហើយ។

 

ក្រៅ​ពី​នេះ​នៅ​មាន​កត្តា​ចម្បង​មួយ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​កញ្ញា​ចាប់ចិត្ត គឺ​ឱកាស​ការងារ និង​ មាន​ការ​ជ្រោមជ្រែងយ៉ាង​កក់​ក្ដៅ​​​ពី​ក្រុម​គ្រួសារ។

 

“ខ្ញុំ​ចូលចិត្ត​ហ្គេម​តាំង​ពី​ថ្នាក់​ទី៦ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​បង្កើត​ហ្គេម បង្កើត App និង Software អី​ចឹង​ទៅ។ ចំណែក​ម៉ាក់​ក៏​ឱ្យ​ខ្ញុំ​រៀន​ជំនាញ​ហ្នឹង​ដែរ ព្រោះ​គាត់​យល់​ថា ស្រីៗ​អត់​សូវ​រៀន​ចឹង​ឱកាស​ការងារ​ច្រើន។ បើ​សិន​មិន​អាច​សម្រេច​ក្ដី​ស្រមៃបាន​ ខ្ញុំ​ក៏​អាច​ធ្វើ​ផ្នែក​ផ្សេង​ដូច​ជា​បង្កើតវិបសាយ​ជាដើម​។ ក្រុមហ៊ុន​​ណា​ក៏​ត្រូវ​ការ​អ្នក​ចេះ​ IT បើ​ចេះ​ ស្រីៗ​ច្បាស់​មាន​អាទិភាព​ជាង"។

 

ចំពោះ​ជំនាញ​ដែល​ភាគ​ច្រើន​ជា​សិស្ស​ប្រុស​នេះ យុវតី​វ័យ​១៩​ឆ្នាំ​ ក៏​បាន​បង្ហាញក្ដី​បារម្ភ​​ថា​ រៀន​មិន​ទាន់​គេ​ខ្លះ​ដែរ ប៉ុន្តែ​វា​មិនមាន​អ្វី​ចោទ​​ទេ​ ព្រោះ​​​​កញ្ញា​ជឿជាក់​ថា សិស្ស​ស្រី​ក៏​មាន​សមត្ថភាព​ក្នុង​ជំនាញ​នេះ ឬ​អាច​រៀន​ពូកែខ្លាំង​​ ជាង​សិស្ស​ប្រុស​ទៀត​ផង។

 

ក្នុង​ជំនាញ​ព័ត៌មានវិទ្យា ហួយលីង ត្រូវ​​ចំណាយ​ពេល​សិក្សា​បួន​ឆ្នាំ តែ​បើ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​នេះ អ្នក​កើត​នៅ​ទីក្រុង​ភ្នំពេញ ទើប​​រៀន​បាន​មួយ​សប្ដាហ៍​ប៉ុណ្ណោះ នៅ​សាកលវិទ្យាល័យ​ន័រតុន។ នៅ​ឆ្នាំ​មូលដ្ឋានឆមាសទី១ ​កញ្ញា​ត្រូវ​រៀន​៥មុខវិជ្ជា​ដូចជា៖

 

  1. Human & society
  2. Principles of Business
  3. English
  4. Introduction to Computer
  5. Mathematics for Computer  

តាម​ការ​បញ្ជាក់​សិស្ស​ស្រី ​ក្នុង​ថ្នាក់​របស់​អតីត​សិស្ស​វិទ្យាល័យ​ព្រះយុគន្ធរ ​​ដែល​ទើប​បញ្ចប់​បាក់ឌុប​ថ្មីៗ​នេះ មាន​​ស្រី​តែ​២​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​សិស្ស​ជាង​៥០​នាក់។ ទោះ​មាន​សិស្ស​ស្រី​មិន​ច្រើន​​មែន ប៉ុន្តែ​កញ្ញា​ថា​នឹង​ខំប្រឹង​ប្រែង ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន៕

 

អាន៖ និស្សិត IT មក​ពី​ឧត្តរមានជ័យ ប្រឹង​ស្រាវជ្រាវ​​ដើម្បី​ជួយ​ពន្យល់មេរៀន​​មិត្តភ័ក្ដិ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ ​​

រូបភាព​ផ្ដល់​ឱ្យ

អត្ថបទថ្មី