គេអញ្ជើញការទៅតាមខេត្ត គួរទៅឬមិនទៅ?
- 2015-11-12 15:34:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេអញ្ជើញការទៅតាមខេត្ត គួរទៅឬមិនទៅ?
ចន្លោះមិនឃើញ
មិត្តភ័ក្ដិឲ្យធៀបការ តែគ្រាន់ដឹងថារៀបការនៅតាមខេត្ត ម្នាក់ៗហាក់ស្ទាក់ស្ទើរមិនចង់ទៅ ដោយសារគិតថាអស់លុយច្រើន ហើយខ្លះទៀតបានលើកហេតុផលខុសៗគ្នាពីបញ្ហាកន្លែងស្នាក់នៅ បូករួមទាំងសុខភាពព្រោះគិតថាទៅចូលរួមអាពាហ៍ពិពាហ៍តាមខេត្តពិបាកពេក។
ទាក់ទិននឹងរឿងនេះ កញ្ញា ឡុង ចាន់កណ្ណិការ និស្សិតជំនាញអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ប្រាប់ថា បើនិយាយពីចិត្តពិតរបស់កញ្ញាផ្ទាល់ គឺមិនចង់ទៅនោះទេបើមានគេហៅទៅការនៅតាមខេត្តនោះ ព្រោះសោហ៊ុយត្រូវចំណាយទ្វេដង ទាំងចំណងដៃផង លុយថ្លៃឡានផង គិតទៅអស់ច្រើនពេក។
តែកញ្ញាថាមិនមែនឲ្យតែហៅទៅខេត្តសុទ្ធតែបដិសេធទាំងអស់ឡើយ គឺមើលដែរ បើជាមនុស្សជិតស្និទ្ធគ្នារាប់ឆ្នាំទោះទៅដល់ណាក៏ត្រូវទៅដែរ តែបើត្រឹមអ្នកស្គាល់គ្នាប្រហែលជាគ្រាន់ផ្ញើចំណងដៃនោះទេ។
ស្រដៀងគ្នានេះដែរ លោក វុទ្ធី បុគ្គលិកនៅក្រុមហ៊ុន វីង ប្រាប់ថា សម្រាប់លោកផ្ទាល់គឺស្ទាក់ស្ទើរ។ "បើខេត្តជិតមិនអីទេ ព្រោះអាចវិលពេលយប់បាន។ តែបើខេត្តឆ្ងាយអី ដឹងតែត្រូវគេងទីនោះហើយ គិតទៅមួយរោងចំណាយច្រើនគួរសមដែរ ។ មានពេលខ្លះមិនមែនល្អិតល្អន់រឿងអីចឹងៗពេកទេ តែវាជារឿងពិតដែលមិនអាចគិតគូរមិនបាន។ ដូចដឹងស្រាប់ហើយ អំឡុងខែនេះគេការច្រើនណាស់ ធៀបមកបន្ត លុយក៏ត្រូវចេញច្រើនដែរ"។
លោក បន្តថា បើប្រាក់ខែតិចតួច ពេលខ្លះអាចចោលបាន ក៏ចោលខ្លះទៅព្រោះរៀបការនៅខេត្ត ទោះមិនទៅក៏ផ្ញើចំណងដៃតាមទៅដែរ គ្រាន់តែវាធូរលុយ មិនចំណាយច្រើនដូចទៅផ្ទាល់។
ងាកមកកញ្ញា សុផា អ្នកបកប្រែ ក្រៅម៉ោងនៅក្រុមហ៊ុនមួយ និយាយថា មានពេលខ្លះពិបាកមែន ព្រោះធ្វើដំណើរទៅខេត្តផ្លូវឆ្ងាយហត់អស់កម្លាំង វាប៉ះពាល់សុខភាពដែរ។ ណាមួយ រឿងកន្លែងគេងក៏ជាបញ្ហាមួយដែរ។ ទោះខាងម្ចាស់ដើមការផ្ដល់កន្លែងសម្រាកមែន តែក៏មិនស្រួលដែរព្រោះពេលមានរវល់អីចឹង ចង្អៀតណាស់។
ចំណែក លោក ហុង ស៊ាង និស្សិតនៅ IFL មិនគិតបែបនេះទេ។ លោកថា ៖ "អ្នកការ ពេលគេឲ្យធៀបយើង គេសង្ឃឹមថាយើងទៅ។ អ្នកខ្លះថែមទាំងចេញសោហ៊ុយថ្លៃឡានឲ្យថែមទៀត ដូច្នេះហើយអ្នកត្រូវគេអញ្ជើញគួរតែទៅ ។ ណាមួយទៅខេត្តបានសប្បាយផង ស្គាល់ភូមិសាស្ត្រថ្មី ដូចតែទៅដើរលេងដែរ។ បើយើងបានចូលរួម ដូចបានផ្ដល់កិត្តិយសនិងភាពសប្បាយរីករាយដល់ម្ចាស់ការដែរ កុំឲ្យរោងពិធីស្ងាត់ ព្រោះម្ដងគេម្ដងយើងដែរទេ"។
សម្រាប់ប្រិយមិត្តវិញ គិតយ៉ាងណា? ទៅឬមិនទៅ បើមិត្តភ័ក្ដិហៅការទៅតាមខេត្ត?
សូមអាន ៖ ភ្ជាប់ពាក្យរួចសឹមរៀបការ និង រៀបការតែម្ដងមួយណាប្រសើរជាង? អត្ថបទ៖ លឹម សុនា