ភ្ជាប់​​ពាក្យ​​រួច​​សឹម​រៀបការ និង ​រៀប​ការ​តែ​ម្ដង​មួយ​ណា​ប្រសើរ​ជាង?

  • 2015-05-12 17:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​​​ស្នេហ៍​​ជា​ច្រើន​មុន​ពេល​រៀបការ ពួក​គេ​ជ្រើស​យក​ការ​ភ្ជាប់​ពាក្យ​សិនទើប​រៀប​ការ​តាម​ក្រោយ ។ តែ​គូ​ស្នេហ៍​មួយ​ចំនួន​វិញ​មិន​បែប​នេះ​ឡើយ គឺ​សម្រេច​រៀប​ការ​តែ​ម្ដង ព្រោះ​គេ​យល់​ថា​ ការ​ភ្ជាប់​ពាក្យ​ត្រូវ​ចំណាយ​លុយ​ច្រើន​ឥត​អំពើ ចាំ​រៀប​ការ​តែ​ម្ដងជួយ​ឲ្យ​ពួក​គេ​ចំណេញ​លុយ សល់​ប្រាក់​រកស៊ីក្រោយ​រៀប​អាពាហ៍ពិពាហ៍។ ម្យ៉ាង​ទៀត គេ​​យល់​ថា​​​​ចាំ​​បញ្ចូល​​ពិធី​​ភ្ជាប់​ពាក្យ​ក្នុង​ពេល​​រៀបការ​​តែ​​ម្ដង​​ល្អ​​ជាង។

 

ដូច្នេះ ​រវាង ភ្ជាប់​ពាក្យ​រួច​ចាំ​រៀបការ និង​ រៀប​មង្គលការ​តែ​ម្ដង មួយ​ណា​ល្អ​ជាង? ហើយ​បើ​រៀប​ការ​​តែ​​ម្ដង​​ដោយ​​មិន​បាច់​ភ្ជាប់​ពាក្យ​ អាច​ខុស​ប្រពៃណី​ឬ​ទេ? ​

 

 

 

 

ទាក់​​ទិន​នឹង​រឿង​នេះ រ៉ា​វី អាយុ​ ២៣ ឆ្នាំ​ និយាយ​ថា បើ​សិន​កញ្ញា​មាន​គូ​ស្រករដែល​ត្រូវ​ដឹក​ដៃ​គ្នា​ចូល​​រោង​​ជ័យ នាង​នឹង​ជ្រើស​យក​ពិធី​រៀប​ការ​តែ​ម្ដង ដោយ​មិន​ភ្ជាប់​ពាក្យ​ទេ។

 

 

អ្វី​​ដែល​ជំរុញ​ឲ្យ​អតីត​និស្សិត​ផ្នែក​ប្រវត្តិវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និយាយ​ដូច្នេះ ក៏​ព្រោះ​​នាង​យល់​ថា “ការ​ភ្ជាប់​ពាក្យ​មិន​ត្រឹម​តែ​ចំណាយ​លុយ​ច្រើន​ឥត​ប្រយោជន៍​ទេ ថែម​ទាំង​ជា​​ចំណង​​គ្មាន​សេរីភាព​ថែម​ទៀត ព្រោះ​នៅ​ពេល​ខាង​ប្រុស​ធ្វើ​អ្វី​ខុស ​មិន​ស្មោះ​ត្រង់ យើង​ជា​នារី​​​​ពិបាក​សុំ​គេ​ផ្ដាច់​ពាក្យ ដោយសារ​ខ្លាច​​ខូច​ឈ្មោះ”។ មួយ​វិញ​ទៀត កញ្ញា​គិត​ថា ការ​រៀបការ​​ដោយ​​គ្មាន​​ភ្ជាប់​ពាក្យក៏​មិន​ខុស​ប្រពៃណី​អ្វី​ដែរ។

 

 

ចំណែក យុន សុ​ផា​លី​ណា អាយុ​២៨​ឆ្នាំ ដែល​បាន​ភ្ជាប់​ពាក្យ​រៀបការ​រួច​ហើយ មិន​ឯកភាព​អ៊ីចឹង​​ឡើយ។ អ្នកនាង​ថា​​ការ​រៀប​ចំ​ឲ្យ​មាន​ពិធី​ស្ដី​ដណ្ដឹង​មុន​រៀបការជួយ​ឲ្យ​ញាតិ​ជិត​ខាង​ដឹង​ថា គូ​ស្នេហ៍​ទាំង​ពីរ​នោះ​មាន​គូ​គាប់​រួច​ហើយ​ ដែល​នឹង​ត្រូវ​ជិត​រៀប​ការ។

 

លើស​ពី​នេះ ពី​បរម​បុរាណ​មក​ពិធី​នេះ​មាន​យូរ​ហើយ​ ហើយ​ក៏​មិន​មែន​មាន​តែ​អ្នក​នាង​ម្នាក់​ដែល​​បាន​​រៀប​ចំ​ធ្វើ​ដែរ បង​ប្អូន ឪពុក​ម្ដាយ​​នាង​ក៏​មុន​ពេល​រៀប​ការ​​សុទ្ធ​​តែ​ភ្ជាប់​ពាក្យ​សិន​ព្រោះ​បើ​​រៀបការ​​តែ​​ម្ដង​​ខុស​​ភ្នែក​ញាតិ ប្រាស​ចាក​ប្រពៃណី។

 

អ្នក​នាង​បាន​​ចំណាយ​លុយ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​អស់ ​៦០០ ដុល្លារ បន្ត​ថា៖ “សម័យ​ឥលូវ យុវវ័យ​មួយ​ចំនួន គាត់​ចូល​ចិត្ត​អ្វី​ដែល​ងាយ​ខ្លី​ឆាប់ ដោយ​ពេល​ខ្លះ គាត់​សឹង​តែ​ខ្ជិល​មិន​ចង់​រៀបការ​ទៀត ត្រឹម​ចុះ​អ៊ី​តា​ស៊ី​វិល ដោយ​យក​ស្ទីល​តាម​អឺរ៉ុប។ បើ​គាត់​គិត​តែ​អ្វី​ដែល​ចំណេញ​ហួស​ហេតុ​ពេក​បែបនេះ ថ្ងៃ​ក្រោយ​ទំនៀម​ទម្លាប់​ក្នុង​ពិធី​ផ្សេង​ៗ​របស់​ខ្មែរ​បាត់​បង់​បន្តិច​ម្ដង​ៗ រហូត​ក្មេង​ជំនាន់​ក្រោយ​លែង​ដឹង​តែ​ម្ដង”។

 

 

សូមអាន ៖​   ពេលា​ណា​ខ្លះ​ល្អ​សម្រាប់​កូន​កំលោះ​ក្រមុំ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ ?​​​

 

 

 

 

រី​ឯ លោក ប៉ូ​លីន អតីត​និស្សិត​សាកលវិទ្យាល័យ​ស៊ី​តិច ជំនាញIT បញ្ចេញ​យោបល់​ថា រវាង​ភ្ជាប់​ពាក្យ​មុន​រៀប​ការ និង​រៀប​ការ​តែ​ម្ដង ​វា​មាន​ចំណុច​ល្អ​និង​អាក្រក់​ផ្សេង​គ្នា អាស្រ័យ​លើ​បុគ្គល។ ប្រសិន​ជា​ពួក​គាត់​ស្រលាញ់​គ្នា​យូរ​ហើយ​ និង​មាន​គម្រោង​រៀបការ​ពិត​ប្រាកដ ២ ឬ ៣ ឆ្នាំ​ទៀត គាត់​គួរ​មាន​ពិធី​ភ្ជាប់​ពាក្យ ចៀស​វាង​អ្នក​ជិត​ខាង​និយាយ​ដើម​មិន​ល្អ​ថា​ជា​សង្សារ​បណ្ដើរ​តែ​គ្នា។ បើ​ជា​គូ​ដណ្ដឹង​ហើយ ទោះ​មិន​ទាន់​រៀប​ការ​ភ្លាមៗ ក៏​វា​ជា​ការ​ផ្ដល់​តម្លៃ​សេចក្ដី​ថ្លៃថ្នូរ​ដល់​ឪពុក​ម្ដាយ​ទាំង​សង​ខាង និង​ខាង​ស្រី​ផង​ដែរ។

 

​លោក​មិន​ហ៊ាន​អារ​កាត់​ថា​ភ្ជាប់​ពាក្យ​អាច​ជា​រឿង​ឥត​ប្រយោជន៍​នោះ​ទេ ប៉ុន្តែ​បើ​រៀបចំ​ចំណាយ​លុយ​ខ្ជះខ្ជាយ​មាន​រៀប​ចំ​រោង​ធំ​ដុំ នាំ​ឲ្យ​ខាត​ទទេ ព្រោះ​ពិធី​នេះ​គ្មាន​ចំណង​ដៃ​មក​វិញ​ឡើយ។ បើ​ធ្វើ​ត្រឹម​តែ​បង្គ្រប់​កិច្ច​សម​ល្មម ហៅ​អាចារ្យ ទិញ​ផ្លែ​ឈើ​និង​ហៅ​ញាតិ​មិត្ត​ជិតស្និទ្ធ​ប៉ុន្មាន​នាក់​ចូល​រួម​បាន​ហើយ។

 

​ប៉ូ​លីន បន្ត​ថា សម្រាប់គូស្នេហ៍​ដែល​ជ្រើស​យក​ការ​រៀប​មង្គលការ​ដោយ​គ្មាន​ការ​ស្ដី​ដណ្ដឹង​ជា​មុន​នោះ ជួន​កាល​ក៏​ម្យ៉ាង​ដែរ ព្រោះ​ពេល​រៀប​ការ​រួច​ពួក​គាត់​សល់​ប្រាក់​ច្រើន​សម្រាប់​ជីវភាព​រស់​នៅ ហើយ​ណា​មួយ​គេ​អាច​បញ្ចូល​ពិធី​បំពាក់​ចិញ្ចៀន​ក្នុង​ថ្ងៃ​នោះ​តែ​ម្ដង​ក៏​បាន មិន​ចាំ​បាច់​ដល់​ធ្វើ​ពិធី​២​ដង​ខាត​លុយ​ច្រើន។

 

បើ​តាម​លោក​តា ស៊ុន ជាន អាចារ្យ​ធំ​នៅ​វត្ត​ព្រះ​ដំរី មាន​ប្រសាសន៍​ថា ពិធី​ភ្ជាប់​ពាក្យនិង​រៀប​អាពាហ៍ពិពាហ៍​សុទ្ធ​សឹង​តែ​ជា​ទំនៀម​ទម្លាប់​ខ្មែរ ដែល​បុរាណកាល​គេ​ធ្វើ​ពិធី​ស្ដី​ដណ្ដឹង​៣លើក តែ​សព្វ​ថ្ងៃ​គេ​និយម​ធ្វើ​តែ​មួយ​លើក​ជា​ការ​ស្រេច។

 

"ចំពោះ​ការ​ភ្ជាប់​ពាក្យ​រួច​សឹម​រៀប​ការ ជា​ការ​ល្អ​ប្រសើរ​ ព្រោះ​រក្សា​ទំនៀម​ទម្លាប់​វប្បធម៌​ខ្មែរ តែ​បើ​ជ្រើសរើស​យក​រៀប​ការ​តែ​ម្ដង​ក៏​មិន​មាន​អ្វី​ដែរ។ ទាំង​ពិធី​ស្ដី​ដណ្ដឹង និង​រៀបការ​មិន​តម្រូវ​ទាល់​តែ​រៀប​ចំ​ធុំ​ដុំ​នោះ​​ឡើយ សំខាន់​គូ​ទាំង​ពីរ​ព្រមព្រៀង​គ្នា​គួរ​រៀប​ចំ​ឲ្យ​មាន​លក្ខណៈ​យ៉ាង​ណា"។ លោកតា បញ្ជាក់។

 

ពាក់ព័ន្ធ​នឹង​ចម្ងល់​ដែល​សូរ​ថា តើ​​អាច​ខុស​ប្រពៃណី​ឬ​ទេ បើ​រៀបការ​ដោយ​គ្មាន​ភ្ជាប់​ពាក្យ?

 

លោកតា បង្ហើប​ថា វា​អាច​ឆ្គង​បន្តិច​ តែ​​មិន​​ខុស​​អ្វី​​ទេ ។ បើ​គូ​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា និង​ឪពុក​ម្ដាយ​ទាំង​សង​ខាង​ឯក​ភាពថា​មិន​អាច​មាន​លទ្ធភាព​បង្កើត​ពិធី​នេះ​បាន។ ប្រសិន​បើ​គូ​ទាំង​ពីរ​ស្រលាញ់​គ្នា​ស្ម័គ្រ​ស្មោះ តែ​ខ្វះ​ថវិកា គេ​អាច​លើក​កម្មវិធី​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ដោយ​ក្រាល​កន្ទេល​មួយ រៀប​ចំ​បណ្ណាការ ឲ្យ​មេ​បានដឹង​លឺ៕

 

 

សម្រាប់​មិត្ត​អ្នក​អាន យល់​យ៉ាង​ណា?

 

 

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី