​ពេលា​ណា​ខ្លះ​ល្អ​សម្រាប់​កូន​កំលោះ​ក្រមុំ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ ?​​​

  • 2014-10-16 17:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ការ​ជ្រើស​រើស​ពេលា​នូវ​តែ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់ មិន​អាច​មើល​រំលង​បាន​ ដោយ​សារ​គេ​ជឿ​ថា​ ពេលា​ល្អ​ជួយ​ឲ្យ​កូន​កំលោះ​ក្រមុំ​រស់​នៅ​ជាមួយ​គ្នា​បាន​សុខសាន្ត​ត្រាណ​រហូត​ចាស់​កោង​ខ្នង។

 

 

លោកតា ជុំ គីម ជា​អាចារ្យ​ការ​ រស់​នៅ​ក្នុង​បុរី​ចំការ​ល្មុត ក្នុង​សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ ​បាន​មាន​ប្រសាសន៍​ថា​ រឿង​ជំនឿ​ក្នុង​ផ្នត់​គំនិត​ខ្មែរ​នូវ​តែ​មិន​អាច​លាង​ជម្រះ​បាន​ឡើយ​បើ​ទោះ​នេះ​ជា​សម័យ​បច្ចេកវិទ្យា​ទំនើប​យ៉ាង​ណា​ក៏​ដោយ។ ​ការ​គន់​គូរ​ពី​ថ្ងៃ​ខែ​ល្អ មិនមែន​ទាល់​តែ​ចំ​ថ្ងៃ​សៅរ៍​អាទិត្យ​បាន​ល្អ​នោះ​ឡើយ គេ​មាន​ក្បួន​ខ្នាត​ត្រឹមត្រូវ។

ឧ៖ ប្រុស​ឆ្នាំជូត ស្រី​ឆ្នាំ​ថោះ។ ប្រុស​ចំ​ខែ​កើត ស្រី​ចំ​អាទិត្យ គេ​បូក​បញ្ចូល​គ្នា​កំណត់​ថា ពួក​គេ​គួរ​រៀបការ​នៅ​ថ្ងៃអាទិត្យ ហើយ​ទៅ​មើល​ចំ​​ថ្ងៃ​ ៧ ​កើត​អត់? បើ​អត់​ត្រូវ​រំលង​ទៅ​១៣​កើត​ ឬ ​១០​កើត ហើយ​គេ​គន់​គូរ​សម្រាប់​ថ្ងៃ​ល្អ​ទាំង​រួម​ខ្នើយ​និង​ជ័យ​មង្គល​ពេល​រៀប​អាពាហ៍ពិពាហ៍។

 

ពេលា​ដែល​គេ​មាន​ជំនឿ​ថា​ល្អ៖​​​

 

ខ្នើត ​៖ ​

ថ្ងៃ​ល្អ

​  - ៧កើត

 - ១០កើត

​​ - ១៣កើត

 

ថ្ងៃ​មធ្យម

​​​​​​​​ - ៥កើត

  • ៦កើត

  • ១២កើត

 

រនោច៖

ថ្ងៃ​ល្អ

​ ​- ២រោច

​ ​- ១០រោច

  • ១១រោច

  • ១៤រោច

  • ៨រោច ( ​ហាម​មិន​ឲ្យ​ផ្សំ​ដំណេក​មុន​ម៉ោង​១២​យប់ លុះ​ត្រា​តែ​វេលា​ម៉ោង​៣ឬ៤ ទាប​ ​ ភ្លឺ​ព្រោះ​ជា​ថ្ងៃ​សីល។ ជា​ទូ​ទៅ​គេ​មិន​សូវ​យក​ថ្ងៃ​នេះ​ឡើយ)

 

មធ្យម

  • ៤រោច

  • ៧រោច

 

ទោះ​ជា​ពេលា​ល្អ​ក៏​ដោយ តែ​បើ​ពិធី​សំខាន់​ៗ​ត្រូវ​បាន​កាត់​ចោល​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ ក៏​ហាក់​បី​ដូច​ខ្វះ​អ្វី​ម៉្យាង។ ពិធី​មួយ​ចំនួន​សំខាន់​មិន​អាច​កាត់​ចោល​បាន​ទេ​។​​

 

 

​ពិធី​នោះ​មាន​ដូច​ជា​​៖

ពិធី​ក្រុង​ពាលី ៖ បញ្ជាក់​ថា​ មនុស្ស​ចំណូល​ថ្មី​នឹង​ចូល​មក​រួម​រស់​ជាមួយ​គ្រួសារ​ខាង​ស្រី ញាតិកា​ទាំង​ប្រាំ​ពីរ​​សន្តាន​ទទួល​ស្គាល់ សូម​ទឹក​សូម​ដី​ពី​អ្នក​តា​ចាស់​ស្រុក​ ជីដូន​ជីតា​ឲ្យ​កូន​ប្រុស​រស់​បាន​សុខ​ជាមួយ​កូន​ស្រី បាន​សុខ​រហូត​កុំ​ឲ្យ​បែក​បាក់​គ្នា រស់​ជាមួយ​គ្នា​សុខ​សាន្ត។

 

ពិធី​សូត្រ​មន្ត ៖​ និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះបរិត្ត ផ្ដល់​សិរីមង្គល។

 

ពិធី​កាត់​ខាន់​ស្លា ( អាច​មាន​បុក​លក្ខ) ៖​ បញ្ជាក់​ថា កូន​ប្រុស​កូន​ស្រី​មាន​ខាន់​ស្លា​ត្រឹម​ត្រូវ។ ជុំ​ព​លា​ដែល​តម្រូវ​ឲ្យ​កូន​ស្រី​បាំងឆត្រ​ជូន​ម្ដាយ​ឪពុក​ខាង​ប្រុស ឯ​កូន​ប្រុស​បាំង​ឆត្រ​ជូន​ម្ដាយ​ឪពុក​ខាង​ស្រី​ហើយ​គេ​ច្រៀង​រៀប​រាប់​ពី​គុណ​ម្ដាយ​ឪពុក​​ ឲ្យ​អ្នក​ទាំង​ពីរ​ដឹង​ពី​កាល​ម្ដាយ​ពរ​ពោះ រហូត​កើត លោក​ទាំង​ពីរ​ថ្នាក់​ថ្នម​ចិញ្ចឹម​បី​បាច់​ ដូច្នេះ​កូន​ប្រុស​កូន​ស្រី​មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា កុំ​ភ្លើត​ភ្លើន​ពេល​មាន​គ្រួសារ​ភ្លេច​គុណ​ឪពុកម្ដាយ ត្រូវ​មាន​អនុស្សាវរីយ៍​រវាង​លោក​ទាំង​ពីរ។

​​​

ពិធី​សែន​ផ្លែ​ឈើ ​៖ សែន​ចំពោះ​ខ្មោច​ជីដូន​ជីតា ជា​ការ​ដឹង​លឺ​ថា​ថ្ងៃ​នេះ​គេហដ្ឋាន​កូន​ស្រី​មាន​ពិធី​រៀបអាពាហ៍ពិពាហ៍ ដែល​ជា​ទូ​ទៅ​គេ​ថ្វាយ​ផ្លែឈើ​៨​មុខ​។

ពិធី​ហែ​កំណត់ ឬ ហែ​ជំនូន ៖ ដើម្បី​ជា​ភស្តុតាង​ឲ្យ​អ្នក​ស្រុក​ដឹង​លឺ​ថា​កូន​កំលោះ​កូន​ក្រមុំ​បាន​រៀបអាពាហ៍ពិពាហ៍​តាម​ប្រពៃណី​។

 

ពិធី​ពិសា​ស្លា​កំណត់ ៖ ជា​ការ​បង្ហាញ​ថា​ការ​រៀប​ការ​នេះ​ពិត​ជា​មាន​ការ​ព្រមព្រៀង​ពី​ឪពុក​ម្ដាយ​ទាំង​សង​ខាង​ពិត​មែន។ បើ​ចិន​វិញ​គេ​និយម​ហៅ​ថា ពិធី​ចាក់​ទឹក​តែ​។

 

ពិធី​បង្វិល​ពពិល​ ៖ គេ​ឧបកិច្ច​ពន្លឺ​ភ្លើង​ទៀន​ដែល​គេ​អុច​បួងសួង​ឲ្យ​កូន​កំលោះ​កូនក្រមុំ​មាន​ពន្លឺ​ប្រៀប​បាន​នឹង​ខែ​ពេញ​បូណ៌មី ឈ្នះ​ឧបសគ្គ​ទាំង​ឡាយ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​រហូត​។

 

ពិធី​កាត់​សក់ ​៖ កាត់​ជម្រះ​មន្ទិល ភាព​អាក្រក់​ទាំង​អំបាលម៉ាន​ចេញ​ឲ្យ​អស់ ជា​ពិធី​បង្កក់​សិរី​ ។​

 

​ពិធី​សែន​ចង​ដៃ ៖ ​សុំ​សេចក្ដី​សុខ​ពី​ដូន​តា​ឪពុក​ម្ដាយ​ បង្ហាញ​ថា​កូន​កំលោះ​ក្រមុំ​ជា​ចំណង​នឹង​គ្នា​ចាប់ពី​ពេល​នេះ​ត​ទៅ។

 

ដូច្នេះ​នៅ​ពេល​អ្នក​រៀបការ ពិធី​ខាង​លើ​អ្នក​មិន​គួរ​កាត់​ចោល​ឡើយ ​ព្រោះ​ជា​ពិធី​ដែល​ត្រូវ​តែ​មាន​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក។​

​សូមអាន៖ រៀបការ​ចំណាយ​តិច ចំណង​ស្នេហា​យូរ​អង្វែង​ជាង​ចំណាយ​ច្រើន

 

អត្ថបទ៖ លឹម​សុ​នា

​​

អត្ថបទថ្មី