មជ្ឈមណ្ឌលសិល្បៈចេនឡា៖ ជាវេទិកាថ្មីសម្រាប់កិច្ចសហការរវាង អូស៊ីអាយស៊ី និងសាលារបាំបុប្ផាទេវី
- 2025-07-24 05:08:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មជ្ឈមណ្ឌលសិល្បៈចេនឡា៖ ជាវេទិកាថ្មីសម្រាប់កិច្ចសហការរវាង អូស៊ីអាយស៊ី និងសាលារបាំបុប្ផាទេវី
ចន្លោះមិនឃើញ
ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) និង សាលារបាំបុប្ផាទេវី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈសម្តែងរបស់កម្ពុជា រួមជាមួយទីតាំងវប្បធម៌នៅមជ្ឈមណ្ឌលសិល្បៈចេនឡា។ ភាពជាដៃគូនេះបានចុះហត្ថលេខាដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ និងលោក Thierry Tea អនុប្រធានក្រុមហ៊ុនអូស៊ីអាយស៊ី ដែលបង្ហាញពីទំនាក់ទំនងកាន់តែរឹងមាំក្នុងការសហការអភិវឌ្ឍវប្បធម៌ខ្មែរ។
បច្ចុប្បន្ននេះ ថ្នាក់របាំរបស់សាលារបាំបុប្ផាទេវី ដឹកនាំដោយ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូ ត្រូវបានរៀបចំឡើងនៅសាលាអន្តរជាតិកាណាដា (CIS) ដែលជាក្រុមហ៊ុនបុត្រសម្ព័នរបស់ក្រុមហ៊ុន OCIC ។ សាលារបាំបុប្ផាទេវីផ្ដល់ជូននូវការបង្ហាត់បង្រៀនររបាំទៅកាន់សិក្សានុសិស្សដោយឥតគិតថ្លៃ ដើម្បីជំរុញភាពសម្បូរបែបនៃការអប់រំសម្រាប់យុវជន ដោយប្រើប្រាស់បរិក្ខារសិក្សាទំនើប ខណៈពេលដែលជួយថែរក្សារបាំបុរាណខ្មែរទៅដល់កូនចៅជំនាន់ក្រោយផងដែរ។
ការសហការគ្នាមួយនេះគឺជាផ្នែកមួយនៃការគាំទ្រយ៉ាងទូលំទូលាយរបស់ OCIC ចំពោះផ្នែកសិល្បៈសម្តែងខ្មែរ។ សកម្មភាពដែលគួរអោយកត់សំគាល់នោះគឺ ការគាំទ្រភាពយន្តឯកសារ The Perfect Motion ឬ ទេពហត្ថា ចាក់បញ្ចាំងជាភាសាខ្មែរ និងដឹកនាំដោយលោក Xavier de Lauzanne ដែលផ្ដោតទៅលើភាពប្រណិត និងមរតកនៃរបាំបុរាណខ្មែរ។
OCIC មានគោលបំណងបង្កើតឱកាសអោយកាន់តែទូលំទូលាយសម្រាប់សិក្សានុសិស្ស និងសិល្បករក្នុងការសម្តែង និង ចែករំលែកដ៏ធំធេងនូវសិល្បៈជាតិខ្មែរទៅកាន់ទស្សនិកជននៅមជ្ឈមណ្ឌលសិល្បៈចេនឡា ដែលជាមជ្ឈមណ្ឌលវប្បធម៌ដ៏មានគុណតម្លៃដែរបង្កើតឡើងនៅ ឆ្នាំ 1969។ ស្របតាមចក្ខុវិស័យរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ មជ្ឈមណ្ឌលសិល្បៈចេនឡាត្រូវបានបើកសម្ភោធដោយស្ថាបត្យករល្បីឈ្មោះលោក វណ្ណ ម៉ូលីវណ្ណ ស្របពេលជាមួយនឹងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី២។
តាមរយៈព្រះបន្ទូលព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូ៖ “កិច្ចសហការនេះនឹងនាំមកនូវកន្លែងដែលមានវប្បធម៌ពហុជំនាញដល់ រាជធានីភ្នំពេញ។ សាលារបាំបុប្ផាទេវីមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមរបស់ OCIC ដែលផ្តល់ឱកាសឱ្យសិល្បកររបស់យើងសម្តែងនៅលើឆាកប្រវត្តិសាស្ត្រនៃមជ្ឈមណ្ឌលសិល្បៈចេនឡា។
បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំមក មជ្ឍមណ្ឌលសិល្បៈចេនឡាត្រូវបានកែលម្អក្នុងឆ្នាំ ២០០២ ដោយធនាគារកាណាឌីយ៉ា ដែលជាផ្នែកមួយនៃ ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប រួមជាមួយក្រុមហ៊ុន OCIC ។ សព្វថ្ងៃនេះ មជ្ឈមណ្ឌលសិល្បៈចេនឡា នៅតែជាស្ថាបត្យកម្ម គួរអោយកត់សម្គាល់មួយ ដែលមានរចនាបទបែប Brutalist Architecture ដ៏ទាក់ទាញ និងដំបូលក្បាច់ ដែលជាកេរ្តិ៍ដំណែលនៃចលនាស្ថាបត្យកម្មខ្មែរជំនាន់ថ្មី។
លោក Thierry Tea អនុប្រធាន OCIC បានថ្លែងថា៖ “ការបង្ហាញវប្បធម៌មានសារៈសំខាន់ណាស់ចំពោះទីក្រុងដែលកំពុងរីក ចម្រើន។ មជ្ឈមណ្ឌលសិល្បៈចេនឡា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះការគាំទ្រសិល្បករ និងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ជាតិទៅកាន់មនុស្សគ្រប់វ័យ។”
រួមជាមួយគ្នា សាលារបាំបុប្ផាទេវី និង OCIC បាននិងកំពុងបង្កើតប្រតិទិនសម្រាប់ការសម្តែង និងព្រឹត្តិការណ៍វប្បធម៌ដែលផ្ដោតទៅលើរបាំខ្មែរ ការចូលរួមសហគមន៍ និងការអបអរសាទរវប្បធម៌ដ៏រស់រវើកនៅរាជធានីភ្នំពេញ៕