Microsoft និង​អេស៊ីលីដា​​ឈាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​កម្មវិធី​មាន​តម្លៃ​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ

  • 2015-11-18 19:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft បាន​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​អេស៊ីលីដា​ការ​ទិញ​កម្មវិធី Microsoft ដែល​មាន​តម្លៃ​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ។

 

 

លោក Bharat Mirchandani នាយក​ផ្នែក​លក់​ប្រចាំ​ទីផ្សារ​ថ្មី​របស់​ក្រុមហ៊ុន Microsoft ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​ Microsoft Enterprise Agreement នឹង​ជួយ​បង្កើន​​ផលិតភាព​ការងារ​របស់​ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​ក្នុង​ស្រុក​ធំ​បំផុត​មួយ​​ក្នុង​ការ​ប្រតិបត្តិការ​អាជីវកម្ម​ឲ្យ​មាន​ភាព​រលូន និង​​ទប់ស្កាត់​​រាល់​ភាព​ងាយ​រងគ្រោះ​ផ្នែក​សន្តិសុខ​​ព័ត៌មានវិទ្យា​។

 

លោក​បន្ត​ថា ការ​ប្រើប្រាស់​កម្មវិធី​ខុសៗ​គ្នា​ច្រើន​ដែល​មិន​ស៊ី​សង្វាក់​គ្នា នាំ​ឲ្យ​រាំង​ស្ទះ​​និង​នាំ​ឲ្យ​​កើត​មាន​ហានិភ័យ​ខ្ពស់​​​ ដូច្នេះ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​អាជ្ញាប័ណ្ណ​កម្មវិធី​របស់​ Microsoft នឹង​ជួយ​ធនាគារ​​នេះ​ទទួល​បាន​ប្រព័ន្ធ​កម្មវិធី​ទាន់​សម័យ​កាល ដែល​អាច​ឆ្លើយតប​ទាន់​ពេល​វេលា​ទៅ​តម្រូវការ​របស់​អតិថិជន។

 

ការ​ងាក​ទៅ​ប្រើប្រាស់​កម្មវិធី Microsoft Office សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​ងាយៗ​​ជា​ឧបករណ៍​បេសកកម្ម​សំខាន់​ ដែល​ធនាគារ​​អេស៊ីលីដា​មើល​ឃើញ​ថា​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើការងារ​របស់​បុគ្គលិក​និង​ការ​បង្កើន​ផលិតភាព​អាជីវកម្ម​របស់​​ខ្លួន​។

 

លោក ម៉ាច ម៉ារី អនុប្រធាន​ជាន់ខ្ពស់​និង​ជា​ប្រធាន​ផ្នែក IT នៃ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹង​ថា កម្មវិធី Microsoft Office ជា​ផលិតផល​ចំណាស់​មួយ​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​ការងារ​ការិយាល័យ។ ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Microsoft នឹង​ធ្វើ​ឲ្យ​ធនាគារ​អាច​សន្សំសំចៃ​លើ​ការ​ចំណាយ បង្កើន​ផលិតភាព​ការងារ​ប្រសើរ​ជាង​មុន​និង​អាច​​ទប់ស្កាត់​ភាព​ងាយ​រងគ្រោះ​ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា។

 

យ៉ាង​ណា អ្នក​គ្រប់គ្រង​រូប​នេះ​មិន​បង្ហើប​ពី​តម្លៃ​នៃ​កិច្ចព្រមព្រៀង​នេះ​ទេ ដោយ​គ្រាន់​បញ្ជាក់​ថា​តម្លៃ​មិន​ក្រោម​លាន​ដុល្លារ​នោះ​ទេ។

 

លោក​បញ្ជាក់​បន្ថែម ក្នុង​កិច្ច​ព្រមព្រៀង​ដែល​​ត្រូវ​​ចំណាយ​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​នេះ​មាន​សុពលភាព​រយៈ​ពេល ៣ ឆ្នាំ ហើយ​ដែល​ធនាគារ​ត្រូវ​​បង់​ជា ៣ ដំណាក់កាល​រហូត​ដល់​ឆ្នាំ ២០១៨៕

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា