រឿង​រ៉ាវ​​​មិន​ទាន់​បញ្ចប់​ ក្រុម​គ្រួសារ​ Ahmed Mohamed ទាមទារ​​សំណង​១៥​លាន​ដុល្លារ​

  • 2015-11-27 18:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួសារ​របស់​ Ahmed Mohamed បាន​​សម្រេច​ចិត្ត​ធ្វើ​ការ​ទាមទារ​នូវ​ប្រាក់​សំណង​១៥​លាន​ដុល្លារ​ពី​សមត្ថកិច្ច​នៃ​រដ្ឋ​តិចសាស ​​រួម​ជា​មួយ​នឹង​ការ​សុំ​ទោស​​អំពី​​ទង្វើ​ដែល​ពួក​គេ​បាន​ធ្វើ។

 

 

រំលឹក​ទៅ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​​​ កុមារ​ Mohamed បាន​ធ្វើ​ឲ្យ​កក្រើក​រាល់​បណ្ដាញ​សារព៌ត័មាន​អន្តរជាតិ​ នៅ​ពេល​ដែល​គេ​យក​នាឡិកា​ផលិត​ដោយ​ខ្លួន​ឯង​ទៅ​សាលា​រៀន​ ហើយ​មាន​អ្នក​យល់​ច្រឡំ​ថា ​វា​ជា​គ្រប់​បែក​រហូត​ដល់​មាន​ការ​ហៅ​សមត្ថកិច្ច​ឲ្យ​មក​ចាប់​ខ្លួន​កុមារ​រូប​នេះ​ទៀត​ផង។

 

បន្ទាប់​ពី​កើត​មាន​ហេតុ​ការណ៍​នេះ​រួច​ Mohamed ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ រួម​ទាំង​បុគ្គល​ល្បីៗ​ជា​ច្រើន​​នាក់​ រួម​ទាំង​លោក​ប្រធានាធិបតី​ Barack Obama ផង​ដែរ។

 

 

ទោះ​ជា​មាន​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​​យ៉ាង​ខ្លាំង​ក្លា​នេះ​ក្ដី​ ​​មេធាវី​តំណាង​ក្រុម​គ្រួសារ​​ Mohamed បាន​ឲ្យ​ដឹង​ថា ​កុមារ​វ័យ​១៤​ឆ្នាំ​រូប​នេះ​រង​របួស​ខាង​ផ្នែក​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​គេ​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ជា​រៀង​រហូត​ក្នុង​សហគមន៍​រស់​នៅ​របស់​គេ។

 

លោក​មេធាវី​ Kelly Hollingsworth បាន​លើក​ឡើង​ទៀត​ថា​ ផល​ប៉ះពាល់​នេះ​គឺ​បណ្ដាល​មក​ពី​​វិធី​ដែល​គេ​បាន​ប្រើ​ដើម្បី​ដោះស្រាយ​រឿង​ក្ដី​នេះ​ឯង។ មេធាវី​រូប​នេះ​បន្ត​ទៀត​ថា ​រឿង​ក្ដី​នេះ​នឹង​ធ្វើ​ឲ្យ​ Mohamed ត្រូវ​​រស់​នៅ​ជា​មួយ​ពាក្យ​ថា​គ្រាប់​បែក​ជា​រៀង​រហូត​ និង​​ត្រូវ​រង​ការ​សើច​ចំអក​ពី​មនុស្ស​ជា​ច្រើន។

 

ប្រសិន​បើ​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​បាន​ពាក់​ព័ន្ធ​ក្នុង​រឿង​ក្ដី​នេះ​មិន​ព្រម​​ធ្វើ​តាម​ការ​ទាមទារ​ សម្រាប់​ការ​សុំទោស ​និង​ផ្ដល់​​សំណង​ជា​ទឹក​ប្រាក់​​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ទេ​នោះ​​ គេ​នឹង​ធ្វើ​ការ​ដាក់​ពាក្យ​បណ្ដឹងទៅ​តុលាការ៕​​​

​​

​​

ចុច​អាន៖ មហាសេដ្ឋី​វ័យក្មេង​ Mark Zuckerberg សូម​​ផ្អាក​ពី​ Facebook ពីរ​ខែ​ដើម្បី​មើល​ថែ​កូន

 

 

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CNN​​​​​​​​​​