Jessica និយាយ​ពី​សេរីភាព​ក្រោយ​ចេញ​ពី SM

  • 2015-11-27 21:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ជំនួប​​ជាមួយ​ទស្សនាវដ្ដី​មួយ​នៅ​ពេល​ថ្មី​ៗ​នេះ ​អតីត​សមាជិក​ក្រុម​ចម្រៀង Girls' Generation បាន​បើក​ចិត្ត​និយាយ​ពី​រឿង​ចាក​ចេញ​ពី​ទ្រនំ​ចាស់ ផលិតកម្ម SM។

 

ថ្មី​ៗ​នេះ Jessica Jung បាន​ក្លាយ​ជា​តារា​គ្រប​មុខ​ថ្មី​បំផុត​សម្រាប់​ទស្សនាវដ្ដី L'Officiel Singapore។ នៅ​ក្នុង​រូប​ទាំង​អស់​នោះ អតីត​តារា​ចម្រៀង​មើល​ទៅ​ស្រស់​បំព្រង​ដូច​ជា​ព្រះ​នាង​ដែល​ចេញ​ពី​រឿង​និទាន​ម្នាក់។ ក្រៅ​ពី​ថត​រូប​សម្រាប់​ទស្សនាវដ្ដី​ប្រចាំខែ​ធ្នូ អតីត​សមាជិក Girls' Generation ក៏​បាន​ផ្ដល់​បទ​សម្ភាសន៍​​ខ្លី​មួយ​ផង​ដែរ។

 

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​ក្រោយ​ពេល​ចេញ​ពី​ផលិតកម្ម​ចាស់ SM Entertainment នាង​មាន​អារម្មណ៍​ថា​មាន​សេរីភាព​​ជាង​មុន​ដែរ​ឬ​អត់ Jessica បាន​ឆ្លើយ​ថា៖ "រឿង​នេះ​អាស្រ័យ​ទៅ​លើ​ថា​តើ​និយមន័យ​នៃ​ពាក្យ​សេរីភាព​របស់​អ្នក​ជា​អ្វី។ នៅ​ក្នុង​ខណៈ​ពេល​នេះ ខ្ញុំ​ពិត​ជា​រវល់​ជា​មួយ​ជំនួញ​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​ការងារ​សិល្បៈ​ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​ជ្រើស​រើស។ ដូច​ជា​មនុស្ស​ដទៃ​ទៀត​ដែរ នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ឲ្យ​អ្នក​ណា​ម្នាក់ វា​តែង​តែ​មាន​ថ្ងៃ​លំបាក​និង​ថ្ងៃ​ស្រួល។ ពេល​ខ្លះ​ អ្នកក៏​​ចង់​ឈប់​សម្រាក​មួយ​ថ្ងៃ។ អ្វី​ដែល​ខុស​ប្លែក​សម្រាប់​ខ្ញុំ​នា​ពេល​ឥលូវ​នេះ​គឺ​ថា បើ​ទោះ​ជា​ខ្ញុំ​ចង់​ឈប់​សម្រាក​ថ្ងៃ​ណា​ក៏​បាន​ក៏​ពិត​មែន ប៉ុន្តែ​ខ្ញុំ​​ក៏​មាន​សម្ពាធ និង​ស្ត្រេស​កាន់​តែ​ច្រើន​ដែរ ដោយ​សារ​ទំនួល​ខុស​ត្រូវ​ខ្ញុំ​ច្រើន​ជាង​មុន"។

 

 

បន្ថែម​ពី​នេះ​ទៀត នៅ​ពេល​ត្រូវ​បាន​សួរ​ពី​ជីវិត​នៅ​ក្នុង​សិល្បៈ បង​ស្រី​របស់ Krystal បាន​ឲ្យ​ដឹង​ថា៖ "ខ្ញុំ​ចាប់​ផ្ដើម​ហាត់​ច្រៀង​រាំ​​នៅ​អាយុ ១២ ឆ្នាំ ព្រោះ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយ​ខ្ញុំ​តែង​តែ​ចាត់​ទុក​វា​ថា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​​ឯង។ យ៉ាងណាក៏ដោយ​ សម្រាប់​ក្មេង​ស្រី​ម្នាក់​ដូច​ជា​ខ្ញុំ មាន​ពេល​ខ្លះ​ពិត​ផល​ពិបាក​ខ្លះ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង។ និយាយ​តាម​ត្រង់​ នៅ​ពេល​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​វិថី​នេះ​ជា​លើក​ដំបូង ខ្ញុំ​គ្រាន់​តែ​គិត​ថា​វា​ជា​សកម្មភាព​ក្រៅ​សាលា​មួយ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ដែល​គិត​ដែល​ថា​នឹង​មាន​ថ្ងៃ​នេះ​ដែរ។ យ៉ាងណាមិញ ខ្ញុំ​ជឿជាក់​ថា​ខ្ញុំ​នៅ​តែ​ខ្ញុំ​ដដែល គ្រាន់​តែ​ចេះ​ពិចារណា​ជាង​មុន​តែ​ប៉ុណ្ណោះ។ ​

 

ជា​ចុង​ក្រោយ ​នៅ​ពេល​ត្រូវ​គេ​សួរ​ថា​តើ អាច​នឹង​មាន​លទ្ធភាព​ត្រលប់​ចូល​មក​ក្នុង​សិល្បៈ​វិញ​ទេ Jessica បាន​ឆ្លើយ​ថា៖ "ក្រុម​ការងារ​របស់​ខ្ញុំ​និង​ខ្ញុំ​កំពុង​ធ្វើ​ការ​លើ​គម្រោង​ជា​ច្រើន​​ផ្នែក​​​នៃ​​អាជីព​របស់​ខ្ញុំ។ ពួក​ខ្ញុំ​នឹង​ប្រាប់​ដំណឹង​ល្អ​ឲ្យ​អ្នក​គាំទ្រ​បាន​ដឹង​នៅ​ពេល​ខាង​មុខ។ ខ្ញុំ​បាន​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដូច​នេះ​ខ្ញុំ​ចង់​បង្ហាញ​អ្នក​គាំទ្រ​នូវ​អ្វី​ដែល​ល្អ​បំផុត​នៅ​ពេល​ស័ក្ដិសម​​មក​ដល់" ៕

 

 

ចុចអាន៖Seohyun នឹង​ថត​ភាពយន្ត​ខ្នាត​ធំចិន​​លើក​ដំបូង​ជាមួយ Chanyeol ក្រុម​ EXO

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop

អត្ថបទថ្មី