បើ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នៅ​ថ្ងៃ​ស្អែក បឹង​កេត​នឹង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

  • 2015-11-28 19:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹងកេត​អង្គរ​នឹង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Club Championship 2015 ប្រសិន​បើ​លទ្ធផល​នៅ​ថ្ងៃ​ស្អែក​បញ្ចប់​ត្រឹម ០-០ ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា បើ​ទោះ​ក្រុម Yangon United លើស​គ្រាប់​បាល់​ចំណេញ​ក៏​ដោយ។ ប៉ុន្តែ​បើ​ស្មើ​គ្នា​ចាប់​ពី ១-១ ឡើង​ទៅ ក្រុម Yangon United គឺ​ជា​អ្នក​ឆ្លង​ទៅ​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

 

សន្និសីទកាសែត​កាល​ពី​ព្រឹក​មិញ

 

ក្រុម​បឹង​កេត​អង្គរ​របស់​កម្ពុជា, ក្រុម Yangon United របស់​ប្រទេស​មីយ៉ាន់ម៉ា និង​ក្រុម Lao Toyota FC ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ដំបូង​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Club Championship 2015។ យ៉ាង​ណា​ក្ដី ក្រុម Lao Toyota FC បាន​អស់​ឱកាស​ហើយ ក្រោយ​ចាញ់​ទាំង​ពីរ​ប្រកួត។ ចំណែក​ក្រុម​បឹង​កេត​អង្គរ ត្រូវ​ប្រកួត​ជាមួយ​ក្រុម Yangon United របស់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​កាត់​សេចក្ដី​នៅ​ថ្ងៃ​ស្អែក។

 

ដំបូង​ឡើយ​មាន​ការ​យល់​ច្រឡំ​ថា លុះ​ត្រា​បឹង​កេតអង្គរ​ឈ្នះ​ទើប​អាច​មាន​​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ប៉ះ​ក្រុម​មក​ពី​វៀតណាម ដោយសារ​ក្រុម​បឹងកេត​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម Lao Toyota FC ២​គ្រាប់ ខណៈ​ក្រុម Yangon United យក​ឈ្នះ​ក្រុម Lao Toyota FC ៥-២។ មាន​ន័យ​ថា​ក្រុម Yangon United មាន​គ្រាប់​ចំណេញ៣ ឯ​បឹងកេតអង្គរ​មាន​តែ ២​គ្រាប់​ប៉ុណ្ណោះ។

 

យ៉ាង​ណា​មិញ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015 បាន​ពន្យល់​ពី​រូបមន្ត​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ក្នុង​សន្និសីទ​កាល​ពី​ព្រឹក​មិញ​នេះ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់។ តាម​រូប​មន្ត​ពិន្ទុ​គ្រាប់​ស៊ុតក្រៅ​ដី ប្រសិន​បើ​ក្រុម​បឹងកេតអង្គរ អាច​រក្សា​លទ្ធផល​ត្រឹម ០-០ ក៏​បាន​ឈាន​ទៅ​វគ្គ​បន្ត​ដែរ មិន​ចាំ​បាច់​យក​ឈ្នះ​នោះ​ទេ ប៉ុន្តែ​បើ​ស្មើ​ដោយ​មាន​គ្រាប់​បាល់​គឺ​ក្រុម Yangon United ជា​អ្នក​ឡើង។

 

ក្រុម​បឹងកេតអង្គរ​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​ឡាវ Lao Toyota FC ២​គ្រាប់ ដែល​មួយ​គ្រាប់​ស្មើ​នឹង ២​ពិន្ទុ ដូច​នេះ​មាន ៤​ពិន្ទុ​លើ​គ្រាប់​​បាល់។ ចំណែក​ក្រុម Yangon United បាន​យក​ឈ្នះ​ក្រុម Lao Toyota FC ៥-២ ក្នុង​ទឹក​ដី​ខ្លួន ដែល​មួយ​គ្រាប់​គិត​មួយ​ពិន្ទុ មាន​ត្រឹម ៣​ពិន្ទុ​ប៉ុណ្ណោះ។ ដូច​នេះ​បើ​ស្មើ​គ្នា ០-០ គឺ​បឹង​កេត​លើស​ពិន្ទុ​គ្រាប់​ស៊ុត តែ​បើ​ស្មើ​គ្នា​ដោយ​មាន​គ្រាប់​ស៊ុត​ចាប់​ពី ១-១ ឡើង​ទៅ គឺ​ពិន្ទុ​គ្រាប់​ស៊ុត​ស្មើ​គ្នា ដូច​នេះ​គិត​តាម​រូប​មន្ត​គ្រាប់​បាល់​ចំណេញ​​វិញ​ម្ដង ដែល​ធ្វើ​ឲ្យ​ក្រុម Yangon United ជា​អ្នក​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ចំពោះ​លទ្ធផល​ឈ្នះ​ចាញ់ គឺ​ច្បាស់​ណាស់​ថា​ក្រុម​ឈ្នះ​ជា​អ្នក​ឡើង។

 

ការ​ពន្យល់​ពី​រូបមន្ត​ជម្រុះ

 

ក្រុម​បឹង​កេតអង្គរ​នឹង​ទទួល​ក្រុម Yangon United របស់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​វេលា​ម៉ោង ៦:៣០​នាទី​ស្អែក នា​ទីលាន​ពហុកីឡដ្ឋាន​ជាតិ ក្នុង​វគ្គ​ជម្រុះ​ដំបូង។ ក្រុម Becamex Binh Duong FC ​របស់​វៀតណាម​បាន​រង់​ចាំ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ចំណែក​ក្រុម Buriram United របស់​ថៃ​រង់​ចាំ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

 

អត្ថបទ៖ គង់ វិសាល ​​