ដើរលេងជាមួយសង្សារសុខៗស្រាប់តែម៉ាក់ប៉ាឃើញ ដោះស្រាយម៉េចទៅ?
- 2015-12-01 16:24:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងជាមួយសង្សារសុខៗស្រាប់តែម៉ាក់ប៉ាឃើញ ដោះស្រាយម៉េចទៅ?
ចន្លោះមិនឃើញ
ព្រលឹងចុងសក់មិនខាន កំពុងតែដើរលេងជាមួយសង្សារសុខៗស្រាប់តែចៃដន្យអី ឪពុក ម្ដាយ ប្រទះឃើញកំពុងតែផ្អែមល្ហែមសាសងគ្នាជាមួយសង្សារកំពូលសំណព្វចិត្ត។ បើអ្នកវិញ ដោះស្រាយដោយវិធីណា?
ទាក់ទងនឹងរឿងនេះ ផល សំណាង អាយុ២១ឆ្នាំ និស្សិតឆ្នាំទី២ ជំនាញទេសចរណ៍នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រាប់ថា ៖ "បើម៉ាក់ ប៉ាខ្ញុំឃើញដាច់ផ្ងារមិនខាន ព្រោះគាត់មិនចង់ឲ្យកូនៗមានស្នេហាពេលកំពុងរៀនឡើយ ដូច្នេះហើយមានតែកុហក"។
រូបតំណាង
យុវជនសក់ពណ៌ទង់ដែង បន្តថា ជួនកាលប្រាប់ត្រង់ក៏ពិបាកដែរ ព្រោះឪពុក-ម្ដាយមួយចំនួនកាចណាស់ពេលឃើញកូនដើរលេងជាមួយសង្សារ។ មានតែកុហកថា ជាមិត្តភ័ក្ដិជិតស្និទ្ធរៀនជាមួយគ្នាយូរឆ្នាំ ហើយចាំពេលវេលាណាគួរសមជាងនេះនឹងនិយាយប្រាប់គាត់តាមត្រង់ល្អជាង តែបើគាត់ចាប់បានភ្លាមៗអ៊ីចឹង មានតែកុហកសិន។
ចំណែក កញ្ញា នុត ម៉ាណា អាយុ២៤ឆ្នាំ កំពុងអង្គុយលេងនៅកោះពេជ្រ មិនដោះស្រាយដោយការកុហកឡើយ។ កញ្ញាថា ប្រាប់គាត់តាមត្រង់ល្អជាងព្រោះទោះកុហកក៏គាត់មិនជឿដែរ បើគាត់ឃើញនឹងភ្នែកច្បាស់ទៅហើយ។ បើថាមិត្តភ័ក្ដិក៏មិនសម ព្រោះមិត្តឯណាមកស្និទ្ធស្នាលកៀកកើយគ្នាអ៊ីចឹង និយាយប្រាប់គាត់តាមត្រង់ល្អជាង។
ងាកមក យុវតី តៃ យ៉ាណា សិស្សសាលាឯកជននៅទួន ហ្វា និយាយថា បើសុខៗដើរលេងជាមួយសង្សារ ចៃដន្យអីឪពុក ម្ដាយ ឃើញតាមផ្លូវ គឺបើគាត់សួរទើបប្រាប់ តែបើគាត់មិនសួរគឺធ្វើហីៗដូចអត់មានរឿងអីកើតឡើង។
យ៉ាណា បញ្ជាក់ថា ៖“បើមានរឿងបែបនេះមែន ពេលគាត់ឃើញនៅតាមផ្លូវមានតែនៅស្ងៀមធ្វើធម្មតា។ ចាំទៅដល់ផ្ទះចាំមើលគាត់វិញ។ បើទៅដល់ផ្ទះគាត់សួរ ចាំរៀបរាប់តាមត្រង់ប្រាប់គាត់ តែបើគាត់មិនសួរនាំអីទេ យើងធ្វើហីៗតាមសាច់រឿងហ្នឹងដែរ។ តែខ្ញុំជឿថា បើគាត់ឃើញចឹងមែន គាត់ដឹងបាត់ទៅហើយ ថាយើងកំពុងដើរលេងជាមួយអ្នកណា ទោះមិនប្រាប់ក៏គាត់អាចស្មានត្រូវខ្លួនឯងដែរ ដូច្នេះបើគាត់សួរគឺមានតែប្រាប់តាមត្រង់ប៉ុណ្ណោះ"។
យ៉ាងណាយុវតីសម្បុរសរូបនេះ បន្ថែមថា ដើរលេងជាមួយមនុស្សជាទីស្រលាញ់មានពេលខ្លះមិនមែនជារឿងអាក្រក់អីហួសហេតុនោះទេ សំខាន់យើងកុំប្រព្រឹត្តអីជ្រុលជ្រួសពេលកំពុងដើរលេងជាមួយមិត្តប្រុសទៅ គឺបានហើយ។
សម្រាប់អ្នកវិញ នឹងដោះស្រាយយ៉ាងណាបើប៉ាម៉ាក់តាមទាន់ពេលកំពុងដើរលេងជាមួយសង្សារ?
សូមអាន ទៅមើលកុនជាមួយសង្សារ ស្រាប់តែដល់ឈុតអោបថើប មានអារម្មណ៍ម៉េច?
អត្ថបទ៖ លឹម សុនា