ជន​អនាមិក៖ ហ្សូរីដា គួរ​តែ​ត្រូវ​បាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ជាង

  • 2015-12-01 22:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​អនាមិក​ម្នាក់ បាន​ទូរសព្ទ​មក​កាន់​គេហទំព័រ Sabay ឈឺ​ឆ្អាល​ចំពោះ​ករណី​របស់ ដួង ហ្សូរីដា ដែល​ថ្មី​ៗ​នេះ​ទទួល​បាន​ការ​រិះគន់​ខ្លាំង​ពី​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ជុំវិញ​ការងារ​ជា​ពិធីការិនី​របស់​នាង​ក្នុង​កម្មវិធី "ពាន​រង្វាន់​តារា​ឯក​សាំងហ្គាពួរ"។

 

បុរស​ដែល​ពុំ​ព្រម​ប្រាប់​ឈ្មោះ​ម្នាក់ ថ្លែង​មក​កាន់ Sabay ថា "ខ្ញុំ​ឃើញ​គេ​រិះគន់​នាង តែ​សម្រាប់​ខ្ញុំ នាង​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ច្រើន​ជាង ព្រោះ​នាង​អត់​មាន​បាន​ធ្វើ​ខុស​ដាក់​នរណា​ទេ ល្អ​មិន​ល្អ​ជា​ការងារ​របស់​នាង​តើ ហើយ​ម្នាក់​ៗ ឃើញ​តែ​ទៅ​រិះគន់​នាង​ទៅ​វិញ ខ្ញុំ​គិត​ថា​ដូច​ជា​មិន​សម​ហេតុផល​ទាល់​តែ​សោះ!”។

 

 

ដួង ហ្សូរីដា ទទួល​បាន​ការ​រិះគន់ ជុំវិញ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ថ្មី​ៗ​នេះ​ក្នុង​កម្មវិធី "ពាន​រង្វាន់​តារា​ឯក​សាំងហ្គាពួរ" រៀប​ចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ខ្សែ​កាប PPCTV ដែល​នាង​កាន់​នាទី​ជា​ពិធីការិនី រួម​ជាមួយ​តារា​ប្រុស​ស្រី​៤​រូប​ទៀត​មាន ញ៉ែម សុគន្ធ ប៉ែន ចំរុង អេឡិច ច័ន្ទត្រា និង ម៉ាឡែន។ ក្រោយ​ចប់​កម្មវិធី​ថ្ងៃ​នោះ ហ្សូរីដា ទទួល​បាន​ការ​រិះគន់​ជា​ហូរហែ ជុំវិញ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស មិន​បាន​ល្អ និង​ការ​បញ្ចេញ​សំឡេង​ជា​ដើម។

 

ជុំវិញ​ករណី​ដដែល ជន​ដែល​មិន​ព្រម​បញ្ចេញ​អត្តសញ្ញាណ និង​មិន​ដឹង​ថា ត្រូវ​ជា​អ្វី​នឹង​ប្រធាន​ក្រុម Cambodia Super Model រូប​នេះ ថ្លែង​ទៀត​ថា ហ្សូរីដា គឺ​គួរ​ឲ្យ​អាណិត។ "ខ្ញុំ​នៅ​តែ​និយាយ​ដដែល នាង​គួរ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​រឹត​តែ​គួរ​អោយ​អាណិត​ទៀត ជា​នារី​ខ្មែរ​ម្នាក់ ធ្វើ​បាន​ប៉ុណ្ណឹង​សរសើរ​នាង​ទៅ ព្រោះ​ល្អ​មិន​ល្អ តែ​នាង​បាន​កែ​ប្រែ​ស្ថាន​ការណ៍​មិន​ឲ្យ​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត"។

 

លោក បន្ត​ទៀត​ថា "ដូច​នាង​បាន​ប្រាប់​ហើយ​ថា អត់​បាន​ដឹង​មុន​កាលៈទេសៈ​ត្រូវ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​នោះ​ទេ ព្រោះ​ក្រុម​ការងារ​មិន​បាន​ប្រាប់​មុន តែ​ដល់​ពេល​ទ័ល​ច្រក នាង​ត្រូវ​គេ​រុញ​ឲ្យ​ទៅ​សម្រួល​ស្ថានការណ៍​ភ្លាម​ៗ អីចឹង​ស្រមៃ​មើល បើ​យើង​ខ្លួន​ឯង​វិញ​អាច​ធ្វើ​បាន​ប្រហែល​នាង​ទេ ហើយ​នាង​ក៏​បាន​ទទួល​ហើយ​ថា នាង​មិន​ល្អ​គ្រប់​ដប់​នោះ​ទេ អីចឹង​សម្រាប់​ខ្ញុំ​ នាង​គឺ​គួរ​ឲ្យ​អាណិត​ជាង...!”។

 

 

មិន​ត្រឹម​ជន​អាថ៌កំបាំង​ទេ ប៉ុន្តែ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ដែល​ជា​មិត្ត​រួម​អាជីព​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង ហ្សូរីដា ក៏​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​នាង​ដែរ ដោយ​ស្នើ​កុំ​នាង​បាក់​ទឹក​ចិត្ត​ចំពោះ​រឿង​ដែល​កើត​ឡើង។

 

វិល​មក​សាមី​ខ្លួន ដួង ហ្សូរីដា វិញ​បើ​ទោះ ត្រូវ​គេ​រិះគន់​ដូច្នេះ ប៉ុន្តែ​នាង​រក្សា​ឥរិយាបថ​មិន​តប​ត។ នៅ​លើ Facebook របស់​ខ្លួន នាង​សរសេរ​ថា នោះ​គ្រាន់​តែ​ចេតនា​របស់​មនុស្ស​៣-៤​នាក់​ដែល​ស្អប់​នាង ហើយ​បង្កើត​គណនី​ក្លែង​ក្លាយ​មក​វាយ​ប្រហារ​មាន​ចេតនា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​របស់​នាង​ប៉ុណ្ណោះ។

 

ដូច្នេះ គ្មាន​ហេតុផល​អ្វី​នាង​ត្រូវ​តប​ត ព្រោះ​នាង​ជា​មនុស្ស​របស់​មហាជន រមែង​មាន​អ្នក​ស្អប់ អ្នក​ស្រឡាញ់។ នាង​បន្ត​ថា មិន​ត្រឹម​តែ​មិន​បាក់​ទឹក​ចិត្ត ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នាង​ថា អ្វី​ដែល​កើត​ឡើង​នេះ កាន់​តែ​ក្រើន​រំលឹក​នាង​ឲ្យ​កាន់​តែ​ខិត​ខំ​ថែម​ទៀត៕

 

ប្រភព​​ទម្លាយ​មូលហេតុ ម៉ៅ ហាជី ចុះ​កុងត្រាជាមួយ​ផលិតកម្ម​ថោន សៅ ឧត្តម ទម្លាយ​រឿង​មិន​ចូល​ច្រៀង​​ក្នុង​ផលិត​កម្ម

 

អត្ថបទ៖ ទារិកា