អបអរ​កំណើត​កូន​ស្រី Mark Zuckerberg បរិច្ចាគ​ភាគហ៊ុន​ Facebook ៩៩% ជួយ​ពិភពលោក​

  • 2015-12-02 14:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​បណ្ដាញ Facebook លោក Mark Zuckerberg និង​ភរិយា​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ពួក​គេ​នឹង​បរិច្ចាគ​ប្រាក់ ៩៩ភាគរយ​នៃ​ភាគហ៊ុន​ពី Facebook ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ជាង ៤៥ប៊ីលាន (ពាន់​លាន) ​ដុល្លារ​អាមេរិក សម្រាប់​មូលនិធិ​សប្បុរសធម៌​ថ្មី​មួយ ដើម្បី​​ជា​ការ​ស្វាគមន៍​ការ​ចាប់​កំណើត​កូន​ស្រី​ Max របស់​ពួក​គេ។

 

 

នៅ​លើ​ Facebook Page ផ្ទាល់​ខ្លួន Zuckerberg បាន​បង្ហោះ​រូប​ភាព​របស់​លោក​ជាមួយ​ភរិយា Priscilla Chan និង​កូន​ស្រី​ និង​បាន​បង្កើត​បណ្ដាញ​មូលនិធិ​ថ្មី ដើម្បី​បរិច្ចាគ​ប្រាក់​ជា​ច្រើន​របស់​ពួក​គេ។

 

ក្នុង​លិខិត​ដែល​សរសេរ​ជាង ២ពាន់​ពាក្យ Zuckerberg និង Chan បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា សុខភាព ការ​អប់រំ ការ​ត​ភ្ជាប់​សេវា​អ៊ីនធឺណិត និង​ការ​សិក្សា​មុន​បង្កើត​គម្រោង Chan Zuckerberg ដែល​មាន​គោលបំណង​ "ជំរុញ​សក្ដានុពល​របស់​មនុស្ស​និង​លើក​កម្ពស់​​សមភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា" តាម​រយៈ​ការ​ព្យាបាល​ជំងឺ ការ​តម្រង់​ទិស​សិក្សា ការ​គ្រប់គ្រង​ថាមពល ការ​បង្កើត​ទំនាក់ទំនង ការ​អភិវឌ្ឍន៍​សហគមន៍ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ការ​​ផ្សព្វផ្សាយ​វប្បធម៌​យោគយល់​គ្នា​សម្រាប់​ប្រជាជាតិ​ទាំង​មូល​លើ​ពិភពលោក។

 

Max Chan Zuckerberg បាន​កើត​កាល​ពី​ដើម​សប្ដាហ៍​មុន និង​មាន​ទម្ងន់ ៣,៤គីឡូក្រាម​ពេល​កើត។ កាល​ពី​ខែ​មុន​សេដ្ឋី​វ័យ ៣១ឆ្នាំ Zuckerberg បាន​ប្រកាស​ថា​លោក​នឹង​ឈប់​សម្រាក​ពី​ការងារ​រយៈ​ពេល ២ខែ​ដើម្បី​​មើល​ថែ​ទាំ​កូន​ស្រី​របស់​ខ្លួន។

 

កន្លង​មក Chan និង Zuckerberg បាន​បរិច្ចាគ​ប្រាក់​ជាង ១,៦ប៊ីលាន​ដុល្លារ​​រួច​មក​ហើយ​ សម្រាប់​ការ​ជួយ​សង្គម។ ពួក​គេ​បាន​ធ្វើ​ការ​បរិច្ចាគ​មួយ​ចំនួន​ក្នុង​ឆ្នាំ​នេះ រួម​មាន​សម្រាប់​សាលារៀន ការ​ពង្រីក​ការ​តភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត Wireless និង​ជំនួយ​សម្រាប់​មន្ទីរ​ពេទ្យ San Francisco General Hospital ដែល Chan ធ្វើ​ការ​ជា​ពេទ្យ​កុមារ​នៅ​ទីនោះ ៕

 

 

ចុចអាន៖Mark Zuckerberg ​ផ្ដល់​៥​លាន​ដុល្លារ ដើម្បី​ជួយ​ជន​អន្តោប្រវេសន៍​នៅ​អាមេរិក​បាន​ចូល​សាលា

ចុចអាន៖ល្បិច​ដែល​ Mark Zuckerberg ​​​សុំ​គ្រួសារ​ភរិយា​​រៀបការ​គឺ​អញ្ចឹង​ទេ!

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖channelnewsasia

អត្ថបទពេញនិយម