តារា Youtube ល្បី ត្រូវគេ​ជេរ​ផ្អើល ដោយ​សារ​វីដេអូ​ Prank 'សម្លាប់​មិត្តភក្តិ'

  • 2015-12-02 14:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​តារា Youtube វ័យ​ក្មេង​ល្បី​ឈ្មោះដែល​ធ្លាប់​តែ​ត្រូវ​បាន​គេ​សរសើរ​ថា​មាន​គំនិត​ធ្វើ​វីដេអូប្លែកៗ​នោះ ​​​ត្រូវ​​បាន​គេ​​រិះ​គន់​​ និង​ការ​ដៀលត្មះ​​ហួស​ពី​ការ​រំពឹង​ទុក ក្រោយ​ធ្វើ​វីដេអូ​​លេងសើច ឬ Prank ​បែប​រន្ធត់​ ពោល​គឺ​​ក្មេង​ប្រុស​ម្នាក់​​នៅ​មុខ​មិត្តភក្ដិ​របស់​គេ​​ដែល​ស្រែក​យំ​ស្ទើរ​គាំង។​

 

  អ្នក​​ដែល​បាន​មើល​វីដេអូ​​នេះ​លើ Youtube ជាច្រើន​នាក់​ បាន​បញ្ចេញ​កំហឹង និង​​ហៅ​វីដេអូ​នៃ​ការ​សម្លាប់​នេះ​ថាជា​រឿង​ថោកទាប និង​គួរ​ឲ្យ​អាម៉ាស់​​នៅ​លើ​សហគមន៍​ Youtube។

 

​​​​​​​​​​​​​​​វីដេអូ​នេះ​ចាប់​ផ្ដើម​ដំបូង​ដោយ​អ្នក​​រៀបចំ​​គម្រោង​ផ្ទាល់គឺ Colby Brock ​អាយុ១៨​ឆ្នាំ​ និង​​យុវជន​រងគ្រោះ​ឈ្មោះ​ Sam Golbach អាយុ ១៩ឆ្នាំ។ គេ​ទាំង​២​បាន​ជិះ​ក្នុង​រថយន្ត​តូច​​ជាមួយ​គ្នា​ រួច Colby បាន​​ឈប់​កន្លែង​​ស្ងាត់​មួយ​ដើម្បី​​​ចុះ​ពិនិត្យ​រថយន្ត ពេលនោះ​​មាន​ជន​ទីបី​​រត់​ពីក្រោយ​យក​មួក​ខ្មៅ​ទៅ​គ្រប​មុខ​យុវជន Sam ជិត​។ បន្ទាប់​មក​​ជន​ទីបី រួម​នឹង Colby បាន​ចង​ជើង​ បិត​​បង់​ខ្មៅ​លើ​មាត់​ Sam រួច​យក​ទៅ​ដាក់​គូទ​រថយន្ត បើក​ទៅ​កាន់​ផ្ទះ​ស្ងាត់​មួយ​កន្លែង។

 

​Sam Golbach ត្រូវ​គេ​ដាក់​ឲ្យ​អង្គុយ​លើ​កៅអី​ដោយ​ចង​​ខ្លួន​ជាប់ តែ​បាន​ដក​មួក​ និង​បង់​ស្អិត​ខ្មៅ​ចេញ​ពី​មាត់ ចំណែក​ Colby ​ត្រូវ​ឈរ​លុត​ជង្គង់​ព័ទ្ធ​ដៃ​ទៅ​ក្រោយ​ មួក​គ្រប​ក្បាល​ជិត។ ដោយ​មិន​និយាយ​​ហេតុ​ផល​វែង​ឆ្ងាយ​​ជន​ទីបី​​គ្រប​មុខ​ សល់​ប្រឡង់​ភ្នែក​ បាន​យក​កាំ​ភ្លើង​ជ័រ​បាញ់​ក្បាល​​​របស់ Colby ដែល​ជា​មិត្ត​ល្អ​របស់​ Sam តាម​បែប​ក្រុម​ភេរវករ ISIS សម្លាប់​អ្នក​ទោស​ ធ្វើ​ឲ្យ​ Colby ដេក​ដួល​ភ្លាមៗ។

 

​ក្រោយ​ឃើញ​ហេតុការណ៍​បាញ់​សម្លាប់​មិត្ត​របស់​ខ្លួន​ស្រស់​ៗ​ផ្ទាល់​ភ្នែក Golbach បាន​ស្រែក​យំ​​មែន​ទែន រហូត​ស្លេក​​មុខ ស្លេក​មាត់ ទើប​លោក Colby ក្រោក​ពី​ស្លាប់​មក​លួង​ថា​ជា​វីដេអូ​លេង​សើច​ប៉ុណ្ណោះ។​

 

 

​យ៉ាងណាក្ដី ជន​ទីបី​ក្នុង​វីដេអូ គឺ​លោក Sam Pepper ​​ដែល​ជា​អ្នក​បង្ហោះ​វីដេអូ​នេះ បាន​និយាយ​ថា​​លោក​មិន​គិត​ថា​មាន​អ្នក​ស្អប់​លោក​ច្រើន​ទេ​ព្រោះ​លើ Youtube Channel របស់​លោក​មាន​​អ្នក​គាំ​ទ្រ​ជាង ២លាននាក់ និង​ Twitter មាន​​ជាង ១លាន​នាក់​ផង​ដែរ។ បើ​ងាក​ទៅ​មើល​ប្រភព​​ដើម​វីដេអូ​វិញ ​គេ​ឃើញ​អ្នក​ចូលចិត្ត​ (Like) ជាង ២ម៉ឺន​នាក់​​ ​តែ​អ្នក​មិន​ចូល​ចិត្ត​​ (Dislike) ដល់​ទៅ​ជាង ២៤ម៉ឺន​នាក់​ឯណោះ ខណៈ​វីដេអូ​មាន​អ្នក​ចូល​មើល ៣លាន​ដង៕

 

សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​សាច់​រឿង​ Prank ដែល​រៀបចំ​ដោយ Sam Pepper និង Colby Brock ដើម្បី​បន្លាច​ ​Sam Golbach នេះ គឺ​ជា​រឿង​ជ្រុល​ហួសហេតុ​ដូច​ការ​រិះគន់​ជា​ច្រើន​ដែរ​ឬ​ទេ?

 

ចុចអាន៖ បង្កើត​រូប​ខ្មោច​ដូច​បេះបិទ​បន្លាច​សង្សារ ធ្វើ​ឲ្យ​នាង​ភ័យ​ស្ទើរ​លស់​ព្រលឹង

 

ប្រែ​សម្រួល៖​​​ឡេង ភារុណ ប្រភព៖ metro