ចំការស្នេហ៍ក្បែរបង្កើយ បានទៅលេងហើយពិតជាជក់ចិត្ត
- 2015-12-04 17:08:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំការស្នេហ៍ក្បែរបង្កើយ បានទៅលេងហើយពិតជាជក់ចិត្ត
ចន្លោះមិនឃើញ
មិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ ពោលគឺនៅក្នុងភូមិកោះតូច ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រមណីយដ្ឋាន «ចំការស្នេហ៍» កំពុងបង្ហាញខ្លួន និងបង្ហើរក្លិនដ៏ក្រអូបភាយ ដើម្បីទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ។
ផ្ទះជនជាតិព្នង
ធ្វើដំណើរតាមផ្លូវជាតិលេខ ៦ បត់ស្ដាំតាមក្លោងទ្វារវិហារចិនហុកតិច តាមផ្លូវលំប្រហែល ១០០ ម៉ែត្របត់ឆ្វេងត្រង់ អ្នកនឹងបានឃើញកំពង់ចម្លងព្រែកលៀប កោះដាច់ កោះឧកញ៉ាតីខាងស្ដាំដៃ។ ក្រោយពីឆ្លងកំពង់នេះហើយ អ្នកត្រូវធ្វើដំណើរឆ្លងស្ពានកោះដាច់ ឆ្ពោះទៅមុខត្រង់ រួចបត់ឆ្វេងត្រង់ នោះអ្នកនឹងឃើញរមណីយដ្ឋាន «ចំការស្នេហ៍» ដែលបើកទ្វារស្វាគមន៍ទេសចរគ្រប់វេលាកាល។
ហ៊ុមព័ន្ធដោយចម្ការពោត ផ្លូវទៅរមណីយដ្ឋានធម្មជាតិមួយនេះ ក្រាលដោយបេតុងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរ។ ចំណែកក្នុងបរិវេណវិញ មានកន្លែងអង្គុយលេងស្ងប់ស្ងាត់ដូចជា ក្យុស ផ្ទះព្នង ដែលមិនគិតពីថ្លៃឈ្នួល លើកលែងតែភេសជ្ជៈ និងអាហារហូបចុក ប៉ុន្តែទេសចរត្រូវទិញសំបុត្រចូលទស្សនាប៉ុណ្ណោះ។ រមណីយដ្ឋានចំការស្នេហ៍សំបូរដោយ ម្លប់ឈើដ៏ត្រជាក់ ជាពិសេសឈើហូបផ្លែ ស្វាយ ល្មុត ដួង ត្របែក ខ្វិត... រួមទាំងមានបរិស្ថានស្អាត និងខ្យល់អាកាសបរិសុទ្ធ ដែលនាំឱ្យអារម្មណ៍តប់ប្រមល់ទាំងប៉ុន្មាន រសាត់បាត់ទៅតាមវាយោ។
កាន់តែពិសេសអ្វីដែលភ្ញៀវចាប់ចិត្ត គឺកន្លែងមួយនេះមានផ្ទះបង្កើតដង្កូវនាង និងមានសូត្រធ្វើដោយដៃដ៏ប្រណីត របស់ពលរដ្ឋសហគមន៍តម្បាញ។ នេះបើតាមការឱ្យរបស់លោក ពេជ្រ វ៉ាង អ្នកគ្រប់គ្រងផ្នែកសេវា និងបុគ្គលិកប្រចាំរមណីយដ្ឋាន ចម្ការស្នេហ៍។
លោក ពេជ្រ វ៉ាង អ្នកគ្រប់គ្រងផ្នែកសេវា និងបុគ្គលិកប្រចាំរមណីយដ្ឋាន ចម្ការស្នេហ៍
លោកបន្តថា ៖ “បរទេសចង់ឃើញដង្កូវនាង និងសូត្ររបស់ខ្មែរយើង ព្រោះអីសូត្រយើងជាសូត្រល្អ គេទទួលស្គាល់ ហើយពួកគាត់ចង់ដឹងថាប្រភពសូត្រល្អពិតនៅឯណា"។ បើតាមការរៀបរាប់របស់លោក ពេជ្រ វ៉ាង តម្លៃសូត្រនៅទីនេះមានចាប់ពី ៥ ដុល្លារ ដល់ ២០០ដុល្លារ តាមទំហំ និងខ្នាត។
បើទោះបីទីនេះមានកន្លែងបង្កើតសត្វដង្កូវនាងមែន ប៉ុន្តែពេលនេះសត្វដ៏មានប្រយោជន៍នេះ មិនទាន់មាននៅឡើយទេ លុះចាំដល់កន្លះខែទៀតទើបមាន។
អ្នកគ្រប់គ្រងដដែលបន្តទៀតថា "ចំការស្នេហ៍" មានអាងហែលទឹកធ្វើក្នុងទន្លេផ្ទាល់ (ជម្រៅ១ ម៉ែត្រកន្លះ មានបាត និងប្រើទឹកទន្លេ) ដោយមានប្រព័ន្ធបញ្ចេញបញ្ចូលត្រឹមត្រូវ។ តម្លៃហែលទឹក មនុស្សធំត្រូវបង់ថ្លៃ ៤ពាន់រៀល និងក្មេង ២ពាន់រៀល"។
មិនតែប៉ុណ្ណោះ រមណីយដ្ឋានមួយនេះ មានផ្ទះខ្មែរសម្រាប់ជួលជូនទេសចរ ដែលចង់ស្នាក់នៅនាពេលយប់ ដោយមានសន្តិសុខយាមកាមត្រឹមត្រូវ។ មួយយប់មានតម្លៃប្រហែល ១០ ដុល្លារអាមេរិក។ ក្រៅពីនេះភ្ញៀវអាចមើលសត្វស្រុក សត្វព្រៃផ្សេងៗរួមមាន មាន់ កំប្រុក សារិកាកែវជាដើមដើម្បីកម្សាន្តអារម្មណ៍។
រមណីយដ្ឋានដែលស្ថិតនៅលើកោះឧកញ៉ាតីនេះ បើកដំណើរការនៅម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច ហើយតម្លៃសំបុត្រចូលទស្សនាសម្រាប់ខ្មែរគឺ ២ពាន់រៀល និង ១ ដុល្លារ សម្រាប់ជនបរទេស។ ថ្ងៃដែលមានភ្ញៀវមកទស្សនាច្រើន គឺថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទានធំៗ៕ https://www.youtube.com/watch?v=bdYqMK9mQ8o&feature=youtu.be
អាងហែលទឹកធ្វើក្នុងទន្លេ
ចុចអាន៖ រមណីយដ្ឋានក្បាលទឹក ទើបបង្កើតថ្មី តែភ្ញៀវទេសចរទៅកម្សាន្ដច្រើនកុះករ
អត្ថបទ៖ អ៊ុំ សុភក្តិ