ប្រធាន​ UEFA ​ថា​ CR7 និង ​Messi មិន​ឈ្នះ Ballon d'Or ​ឆ្នាំ​នេះ​ទេ

  • 2014-10-20 18:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Michel Platini ​​​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប​ (UEFA) ​បាន​និយាយ​ថា​​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ពិភពលោក​ ឬ FIFA Ballon d'Or ឆ្នាំ​២០១៤​នេះ ​ប្រហែល​មិន​បាន​ទៅ​លើ Cristiano Ronaldo ​ឬ ​Lionel Messi ​នោះ​ទេ​ តែ​អាច​បាន​ទៅ​​កីឡាករ​ណា​ម្នាក់​របស់​ជម្រើស​ជាតិ​​អាល្លឺម៉ង់​ដែល​​បាន​​លើក​ពាន​ FIFA World Cup 2014។

 

ទោះ​បី​ជា​ CR7 ​អាច​ជួយ​ Real Madrid ​លើក​ពាន​ UEFA Champions League ​រដូវ​កាល​មុន​ ឯ​​ Messi ​អាច​ជួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​ឡើង​ដល់​វគ្គ​ព្រ័ត្រ​នៅ​ World Cup ​ឆ្នាំ​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​លោក Platini ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ឯ​ណោះ​ទេ​ដែល​សម​នឹង​ឈ្នះ​ពាន​ Ballon d'Or ​ឆ្នាំ​នេះ។

 

លោក Platini

 

បុរស​សញ្ជាតិ​បារាំង​ខាង​លើ​បាន​និយាយ​បន្ថែម​ថា៖ “ខ្ញុំ​មិន​មែន​ជា​អ្នក​បោះឆ្នោត​ក្នុង​ពាន​នេះ​ទេ ប៉ុន្តែ​ក្នុង​ឆ្នាំ​ដែល​មាន​ World Cup ​កីឡាករ​ណា​ដែល​លេង​បាន​ល្អ​ និង​ជួយ​ជម្រើស​ជាតិ​គេ​លើក​ពាន​ World Cup ​គឺ​សាក​សម​បំផុត​ហើយ​ក្នុង​ការ​ទទួល​បាន​ពាន​ Ballon d'Or។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ខ្ញុំ​មិន​បដិសេធ​ទេ​ថា​មាន​តែ CR7 ​និង​ Messi ​នេះ​ហើយ​ដែល​ខ្លាំង​ជាង​គេ​ក្នុង​ពិភព​បាល់​ទាត់​បច្ចុប្បន្ន​នេះ​ ប៉ុន្តែ​វា​មិន​ទាក់ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នេះ​ទេ អ្នក​ណា​ធ្វើ​បាន​ល្អ​ក្នុង​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ពាន​រង្វាន់​នេះ”។

 

យ៉ាង​ណា​មិញ​ នេះ​គ្រាន់​តែ​ជា​សម្ដី​ និង​ការ​យល់​ឃើញ​​របស់​ប្រធាន​​​ UEFA ​ប៉ុណ្ណោះ។ ចំណែក​ពាន​រង្វាន់​ FIFA Ballon d'Or វិញ​ត្រូវ​រៀប​ចំ​ឡើង​ដោយ​ FIFA និង​ទស្សនាវដ្ដី​បារាំង​ ខណៈ​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​គឺ​គ្រូ​បង្វឹក​ជម្រើស​ជាតិ ប្រធាន​ក្រុម​ជម្រើស​ជាតិ និង​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​ជ្រើសរើស​ប៉ុណ្ណោះ (ចុច​អាន​លម្អិត)។

 

ប្រធាន​ UEFA ​វ័យ​៥៩​ឆ្នាំ​ខាង​លើ​នេះ​ជា​អតីត​កីឡាករ​របស់​ក្រុម Nancy, Saint-Etienne ​និង​ Juventus ​តាំង​ពី​ឆ្នាំ​១៩៧២​-១៩៨៧ ហើយ​រូប​លោក​ក៏​បាន​ជាប់​ជម្រើស​ជាតិ​បារាំង​ពី​ឆ្នាំ​១៩៧៦-១៩៨៧ ​ផង​ដែរ។ ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​ពេល​ជា​ច្រើន​ឆ្នាំ​​នោះ ​រូប​លោក​ក៏​ធ្លាប់​ឈ្នះ​ពាន​ Ballon d'Or នេះ​បាន​៣​ដង​ជាប់ៗ​គ្នា​ដែរ​ ពោល​គឺ​១៩៨៣,១៩៨៤,១៩៨៥។

 

Ronaldo និង Messi

 

បេក្ខភាព​២៣នាក់​សម្រាប់​ប្រជែង​យក​ពាន​ FIFA Ballon d'Or ឆ្នាំ​២០១៤ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា​ខាង​មុខ មុន​ជម្រុះ​ចេញ​យក​៣នាក់​ចុង​ក្រោយ​នៅ ថ្ងៃ​ទី​១ ខែ​ធ្នូ។ ​បេក្ខភាព​៣នាក់​ចុង​ក្រោយ​នោះ នឹង​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ឈ្នះ ក្នុង​កម្មវិធី FIFA Ballon d’Or gala ដែល​រៀប​ចំ​នៅ​ទីក្រុង Zurich ប្រទេស​ស្វីស នា​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥៕

 

តើ​ប្រិយមិត្ត​យល់​ស្រប​ការ​លើក​ឡើង​របស់​លោក Platini ដែរ​ឬ​ទេ?

 

ចុច​អាន៖ អ៊ុតមើលទំាងអស់គ្នា ថាកីឡាករ​ណា​​ឈ្នះ​ពាន​ FIFA Ballon d’Or ឆ្នាំ​នេះ?

 

ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖ goal

អត្ថបទថ្មី