អ៊ុន សិទ្ធា ហូរ​ឈាម​ស្រោច​ខ្លួន​ពេល​ថត​រឿង "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង"

  • 2014-10-20 22:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ុន សិទ្ធា បាន​រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន ក្រោយ​ត្រូវ​របួស​ដោយ​គ្រាប់​ព្រួញ​របស់​តួ​សម្ដែង​ជាមួយ​គ្នា ក្នុង​រឿង "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង"។ នេះ​បើ​តាម​សាមី​ខ្លួន។

 

 

លោក សិទ្ធា ប្រាប់​ថា ហេតុការណ៍​នោះ បាន​កើត​ឡើង​ក្នុង​ឈុត​មួយ​ដែល​លោក​ម្ចាស់​គ្រញូង​ដែល​សម្ដែង​ដោយ​លោក ត្រូវ​ប្រយុទ្ធ​តតាំង​ជាមួយ​នឹង​អ្នក​ស្រុក​ដើម្បី​ការពារ​ខ្លួន។ ដោយ​សារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ពី​ដៃគូ​សម្ដែង បាន​ធ្វើ​ឲ្យ​តួឯក​ប្រុស​រូប​នេះ​ត្រូវ​របួស​គួរ​សម​នៅ​លើ​ស្លាប​ប្រចៀវ​ខាង​ឆ្វេង​បណ្ដាល​ឲ្យ​ហូរ​ឈាម​យ៉ាង​ខ្លាំង។

“តាម​បច្ចេកទេស​ឥឡូវ គេ​គ្រាន់​តែ​ធ្វើ​ជា​បាញ់​រួច​កាត់​ប្លង់​គឺ​បាន​ហើយ តែ​នេះ​គាត់​បាញ់​មែន​ទែន ខ្ញុំ​បាន​ស្ដី​ឲ្យ​គាត់​ថា ម៉េច​ធ្វើ​អីចឹង តែ​គាត់​ថា គាត់​បាញ់​បង្ខុស​ទេ ឯ​អ្នក​ឈរ​មើល​ក៏​ថា​អីចឹង​ដែរ ប៉ុន្តែ​មិន​ដឹង​ម៉េច បែរ​ជា​ត្រូវ​មែន​ទែន!"។

 

តារា​ប្រុស​រូប​នេះ បាន​ប្រាប់​ទៀត​ថា លោក​ធ្លាប់​រង​របួស​ក្នុង​ពេល​សម្ដែង​ជា​ញឹក​ញយ ប៉ុន្តែ​លើក​នេះ រាង​ធ្ងន់​ជាង​មុន​ៗ​បន្តិច។ លោក បន្ត​ថា លោក​បាន​ទន់​ជង្គង់​ភ្លាម​ៗ ក្រោយ​ឃើញ​មាន​ឈាម​ច្រើន​លើ​ដង​ខ្លួន។

 

ក្រោយ​ពី​ជា​សះ បាន​សល់​ស្នាម​ដុំ​សាច់​លើ​ស្មា​របស់​ខ្លួន​មក​ដល់​សព្វ​ថ្ងៃ ដែល​ចំណុច​នេះ លោក សិទ្ធា យល់​ថា​ជា​ស្នាម​អនុស្សាវរីយ៍​មួយ​ក្នុង​អាជីព​ជា​តារា​សម្ដែង​ជា​ច្រើន​ឆ្នាំ​មក​នេះ ពិសេស​រឿង "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" ដែល​និយាយ​អំពី​ដួង​ព្រលឹង​នៃ​ព្រៃ​ប្រឹក្សា​ដំបូង​គេ​នេះ។

 

តាម​ទំនៀម​របស់​ខ្មែរ ការ​សាង​សង់​ផ្ទះ ឬ​ថត​ភាពយន្ត​ក៏​ដោយ គេ​រមែង​រៀប​ចំ​ពិធី​ក្រុង​ពាលី ដើម្បី​សុំ​សេចក្ដី​សុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី។ លុះ​មុន​ពេល​ថត​ឈុត​គ្រោះថ្នាក់ ហោច​ណាស់​ក៏​ត្រូវ​អុជ​ធូប​សុំ​សេចក្ដី​សុខ​ទៀត​ដែរ។ ឆក​ល្វែង​លើ​បញ្ហា​នេះ គឺ​ជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​លោក អ៊ុន សិទ្ធា ត្រូវ​របួស។

លោក អ៊ុន សិទ្ធា និង​កញ្ញា តូតា ឈុត​ក្នុង​រឿង "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង"

លោក អ៊ុន សិទ្ធា ថ្លែង​ថា "មុន​ចាប់​ផ្ដើម​ឈុត​នេះ អ៊ុំ​ស្រី​ដែល​ជា​តុប​តែង​ឲ្យ​តួ​សម្ដែង បាន​ប្រាប់​ខ្ញុំ​ដែរ ឲ្យ​អុជ​ធូប ប៉ុន្តែ​ខ្ញុំ​អត់​ព្រម​អុជ ចុង​ក្រោយ​ក៏​ជួប​ហេតុការណ៍​ខាង​លើ​នោះ​តែ​ម្ដង"។

 

យ៉ាង​ណា លោក សិទ្ធា ប្រាប់​ថា ក្រោយ​ៗ​មក លោក​តែង​តែង​អុជ​ធូប​សុំ​សេចក្ដី​សុខ​រហូត ព្រោះ​ខ្លាច​មាន​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​ទៀត"។

 

“វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" ជា​ខ្សែ​ភាពយន្ត​រឿង​ខ្មោច​ទី​១​របស់​អ្នក​ស្រី ពាន់ ភួង​បុប្ផា និង​ជា​ភាពយន្ត​ខ្មែរ​ដំបូង​ដែល​និយាយ​ពី​ការ​បាក់​បែក​ព្រាត់​ប្រាស​ក្នុង​អំបូរ​ឈើ​គ្រញូង ដោយ​ស្នាដៃ​មនុស្ស។ ភាពយន្ត​ខ្នាត​ធំ​នេះ ត្រៀម​នឹង​ចាក់​ផ្សាយ​ជូន​ប្រិយមិត្ត​បាន​ទស្សនា​នៅ​ថ្ងៃ​ទី ២៣ តុលា ២០១៤​ខាង​មុខ​នេះ នៅ​រោងភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex By Cellcard៕

 

អត្ថបទ​ពាក់​ព័ន្ធ​នឹងជុំវិញ​សិល្បៈ​ជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ​ពាក់​ព័ន្ធ​នឹង​បញ្ហាតារាជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម