Murray ហ៊ានបោះបង់ការប្រកួតកណ្ដាលទី បើប្រពន្ធឈឺពោះឆ្លងទន្លេ
- 2015-12-16 20:28:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Murray ហ៊ានបោះបង់ការប្រកួតកណ្ដាលទី បើប្រពន្ធឈឺពោះឆ្លងទន្លេ
ចន្លោះមិនឃើញ
កីឡាករវាយកូនបាល់សញ្ជាតិស្កុតឡែន Andy Murray ចេញមកបញ្ជាក់ថាខ្លួនហ៊ានបោះបង់ចោលការប្រកួតពានរង្វាន់ Australian Open ពាក់កណ្ដាលទី ដើម្បីទៅមើលប្រពន្ធ ក្នុងករណីដែលនាងឈឺពោះឆ្លងទន្លេមុនកាលកំណត់។
ការនិយាយបែបនេះដោយសារកីឡាករវ័យ២៨ឆ្នាំ ត្រូវចូលរួមការប្រកួត Grand Slam ដ៏ធំប្រចាំឆ្នាំ២០១៦ Australian Open ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Melbourne ពីថ្ងៃទី១៨ ដល់៣១ ខែមករា ពោលគឺប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលដែលប្រពន្ធរបស់គេត្រូវដល់ពេលវេលាសម្រាលកូនទី១ ដែលតាមការឲ្យដឹងរបស់គ្រូពេទ្យ គឺអាចនៅពាក់កណ្ដាលខែកុម្ភៈ។
នៅពេលដែលSportsmail សួរថាតើ Murray អាចនឹងបោះបង់ការប្រកួតដើម្បីប្រពន្ធទេ ក្នុងករណីចាំបាច់ណាមួយ កីឡាករដែលកំពុងហ្វឹកហាត់នៅទីក្រុងឌូបៃបានឆ្លើយដោយមិនស្ទាក់ស្ទើរថា៖ "ពិតណាស់ ខ្ញុំនឹងត្រឡប់មកផ្ទះភ្លាម។ វាពិតជាសំខាន់ ខ្ញុំនឹងធ្វើឲ្យប្រាកដថា ខ្លួនឯងអាចនៅទីនោះជួយដល់គាត់ (ប្រពន្ធ) នូវអ្វីដែលអាចជួយបាន"។
Murray និងភរិយា Kim
Andy Murray បច្ចុប្បន្នកំពុងកាន់តំណែងលេខ២ ពិភពលោក នៅក្រោមកីឡាករសញ្ជាតិស៊ែប Novak Djokovic។ ក្រោយប្រឡូកជាកីឡាករអាជីពជាង១០ឆ្នាំ រូបគេបានឈ្នះពានរង្វាន់សរុបទាំងអស់ ៣៥ ក្នុងនោះមាន Grand Slam ធំ២ គឺ US Open កាលពីឆ្នាំ ២០១២ និងWimbledon កាលពីឆ្នាំ ២០១៣៕
ចុចអាន៖ ថៃជួលកីឡាករវាយតិនីសពិភពលោកមកប្រកួតនៅប្រទេសខ្លួន ក្នុងតម្លៃខ្លួនជាង៤លានដុល្លារ
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ sportsmail