Impact Hub ផ្ដល់​ចំណេះ​ដឹង​សហគ្រាស​សង្គមសម្រាប់​ ខ្មែរ​ និង ​បរទេស
  • 2015-12-17 18:33:25
  • ចំនួនមតិ

ចន្លោះមិនឃើញ

បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ ២០១៥ Impact Hub Phnom Penh ជា​បណ្ដាញ​សកល​​មួយ ដែល​មាន​​ចំនួន​ច្រើន​ជាង​​​ ៨០​​​ កន្លែង​នៅ​ទូទាំង​សកលលោក។ Impact Hub PP ជា​សហគមន៍​ផ្ដល់​ចំណេះ​​ដឹង​ទាក់ទង​នឹង​សហគ្រិនភាព​សង្គម និង​ជា​កន្លែង​ធ្វើ​ការ​រួមគា្ន ដែល​មាន​អ្នកចូលរួម​​ជា​ជន​ជាតិ​ខ្មែរ​ និង​បរទេស​ជាច្រើន​នាក់។    

 

បុគ្គលិក​ជំនាញ​ផ្នែក​ទំនាក់ទំនង កញ្ញា Melanie MOSSARD បាន​ប្រាប់​ថា Impact Hub ជា​សហគមន៍​​​ផ្ដល់​កន្លែង​ធ្វើការ​រួមគ្នា និង​មាន​បើក​​កម្មវិធី​សិក្ខាសាលា និង​ព្រឹត្តិការណ៍​ផ្សេងៗ ក្នុង​គោល​បំណង​គាំទ្រ​ដល់​ប្រជាជន​គ្រប់រូប ដែល​ចង់​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​តាមរយៈ​ការ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ដើម្បី​ផ្ដល់​ឱកាស​សហការ និង​រៀន​ពីរ​អ្នកដទៃ បូក​រួម​ការ​បង្កើត​​បណ្ដាញ (Networking) និង​មាន​​កម្មវិធី​​ប្លែកៗ​​ជាច្រើន​​ទៀត ដើម្បី​កម្សាន្ត​អារម្មណ៍​ផង​ដែរ។ បន្ថែម​លើ​នេះ Impact Hub PP មាន​សេវាកម្ម​មួយ​ទៀត គឺ​ផ្ដល់​ការណែនាំ (Mentor) សម្រាប់​ពិភាក្សា​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​អាជីវកម្ម និង​ការ​ផ្ដល់​ដំបូន្មាន​ជាដើម។

 

លោក ស៊ុន តេកលី បុគ្គលិក​ក្រុមហ៊ុន​​​លក់​សំបុត្រ​អនឡាញ (រថយន្ត នាវា យន្តហោះ) បាន​និយាយ​ថា លោក​ចូល​ជា​សមាជិក​នៃ​សហគមន៍​មួយ​នេះ ៥ ខែ​ហើយ ព្រោះ​ចង់​ជួប​នឹង Mentor ចង់​រៀន​ពី​ជំនួញ​សង្គម។ លោក​ថា ៖ «​ខ្ញុំ​ទទួល​បាន​​ប្រយោជន៍​ និង​ស្គាល់​បណ្ដាញ​ច្រើន ​ទាំង​ខ្មែរ​និង​បរទេស"។

 

 

ជា​ភ្ញៀវ​កិត្តិយស លោក ណេរ៉ុន បញ្ញវឌ្ឍន៍ ស្ថាបនិក​ក្រុមហ៊ុន​​ផ្ដល់​សេវា​កម្ចាត់​សត្វ​ចង្រៃ​មួយ​ក្នុង​​ខេត្ត​សៀមរាប បាន​ប្រាប់ Sabay ថា ៖ «កន្លែង​នេះ បើ​សម្រាប់​អ្នកធ្វើ​ការ​​ជាមួយ​អ៊ីនធឺណិត ដែល​មិន​ចាំ​បាច់​ត្រូវ​ការ​អ្វី​ច្រើ​គឺ​​ល្អ ខុស​ពី​កន្លែង​កាហ្វេ អស់​លុយ​ដូច​គ្នា តែ​កន្លែង​នេះ យើង​អាច​ស្គាល់​បណ្ដាញ​ច្រើន រៀន​​និង​ចែក​រំលែក​ចំណេះដឹង​ការងារ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ មាន​ខ្មែរ​បរទេស និង​និស្សិត ជាពិសេស​អ្នក​មាន​តំណែង​ធំៗ​នៅ​​ក្រុមហ៊ុន​ធំៗ។ យើង​មាន​ឱកាសជជែក​លេង​​ពួកគាត់»។

 

កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ សហគមន៍ Impact Hub បាន​បើក​កម្មវិធី​អបអរ​ការ​ប្ដូរ​ទីតាំង​ថ្មី​ ធំជាង​មុន ល្អ​ជាង​មុន និង​មាន​សេវា​កម្ម​ច្រើន​ជាង​មុន ដែល​មាន​អាសយដ្ឋាន ​នៅ​​ផ្ទះ​លេខ ១៧ ផ្លូវ ៣០៦ បឹងកេងកង ១ រាជធានី​ភ្នំពេញ។ ដើម្បី​ទទួល​​បាន​ចំណេះដឹង​ថ្មីៗ​ល្អ​ទាក់ទង​នឹង​សហគ្រិន​ភាព​សង្គម ឬ​ចង់​ស្វែង​រក​កន្លែង​សម្រាប់​ធ្វើការ​មាន​បរិយាកាស​រីករាយ​នោះ សូម​ទាក់ទង​លេខទូរសព្ទ ០១៧ ៥២ ៣៩ ៤៩ / ០១៧ ៥២១ ៨៦៤ ៕

 

 
 
 
 
 
 

 

អត្ថបទ៖ ដៃគូសហការ