iPhone 7c នឹងចេញលក់ខែមេសា ចំណែកឯ Galaxy S7 នឹងចេញលក់ខែមីនា
- 2015-12-23 16:32:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7c នឹងចេញលក់ខែមេសា ចំណែកឯ Galaxy S7 នឹងចេញលក់ខែមីនា
ចន្លោះមិនឃើញ
យោងតាមក្ដារព័ត៌មានរបស់ China Mobile ក្រុមហ៊ុនលក់ទូរសព្ទដ៏ធំមួយក្នុងប្រទេសចិនបានបង្ហាញថា ទូរសព្ទ iPhone 7c នឹងដាក់លក់ជាផ្លូវការនាខែមេសា ឆ្នាំ២០១៦។
រូបរាងគំរូ iPhone អេក្រង់៤អ៊ីញ
ព័ត៌មានចុងក្រោយបង្អស់ទាក់ទងនឹងលក្ខណៈសម្បត្តិទូរសព្ទបានឲ្យដឹងថា វាមានអេក្រង់៤អ៊ីញ កម្រិត Resolution ៦៤០x១១៣៦ ដែលមានដង់ស៊ីតេ ៣២៥ភីកសែលក្នុងមួយអ៊ីញ។ ទូរសព្ទនឹងដំណើរការដោយបន្ទះ Chip A9 រួមជាមួយនឹង RAM ទំហំ២GB។ មិនតែប៉ុណ្ណោះនឹងមានបំពាក់នូវមុខងារ Touch ID កាមេរ៉ាខាងក្រោមទំហំ៨MP និងតួខ្លួនផលិតពីលោហៈ។ ជម្រើសនៃពណ៌គឺពណ៌មាស ពណ៌ខ្មៅ និងពណ៌ប្រាក់។ ចំណែកតម្លៃវិញគឺលើសពី ៣០០០យ័ន (លើសពី ៤៦៣ដុល្លារ)។
កន្លងមកពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយថា ទូរសព្ទអេក្រង់៤អ៊ីញជំនាន់ថ្មីរបស់ Apple ត្រូវបានគេឲ្យឈ្មោះថា iPhone 6c ដោយឡែកក្ដារព័ត៌មានរបស់ក្រុមហ៊ុន China Mobile ហៅទូរសព្ទនេះថា iPhone 7c ទៅវិញ។
ក្រៅពី iPhone 7c គេក៏សង្កេតឃើញទូរសព្ទមួយចំនួនទៀតនៅលើក្ដារព័ត៌មានដែររួមមាន Samsung Galaxy S7 ដែលនឹងចេញលក់នាខែមីនា ហើយតម្លៃរបស់វាក៏លើសពី ៣០០០យ័នដែរ។ ចំណែកឯទូរសព្ទ Galaxy A5 (២០១៦) និង Galaxy A7 (២០១៦) ក៏នឹងចេញលក់តាមរយៈក្រុមហ៊ុន China Mobile នាខែមីនាដូចគ្នា ដោយតម្លៃទូរសព្ទទាំងពីរគឺចន្លោះពី ១៥០០ ទៅ ៣០០០យ័ន (២៣១ដុល្លារ ទៅ ៤៦៣ដុល្លារ)។
រូបរាងគំរូ Galaxy S7
គួរបញ្ជាក់សារជាថ្មីថា ក្រុមហ៊ុន Samsung ទំនងជាបង្ហាញរូបរាងទូរសព្ទ Galaxy S7 ជាលើកដំបូងក្នុងកម្មវិធី Unpacked ដែលប្រព្រឹត្តឡើងនាថ្ងៃទី២២ខែកុម្ភៈ៕
ចុចអាន៖ ថែបប្លែត Xiaomi Mi Pad 2 បន្ថែមមួយពណ៌ទៀត អាចស៊ីនឹងនារីសម័យថ្មី
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena