ម៉ៅ ស៊ីណាត​ រក​ឃើញ​អ្នក​ថ្មី ជា​បុរស​ពោះ​ម៉ាយ​

  • 2015-12-24 16:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយប្រកាស​រក​ស្វាមី​កាល​ពី​ប៉ុន្មាន​ខែ​មុន មេម៉ាយ​កូន​មួយ​ ម៉ៅ​ ស៊ីណាត​ ​ទើប​បាន​រក​​ឃើញ​​បុរស​យល់​ចិត្ត​ម្នាក់​ដែល​សុខ​ចិត្ត​ស្លាប់​​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​​ ទោះ​មិន​បាន​កើត​ថ្ងៃ​ជាមួយ​គ្នា​ក៏​ដោយ។ នាង​ថ្លែង​មក​កាន់​ Sabay ក្នុង​ឱកាស​ខួប​កំណើត​ ថន លក្ខិណា កាល​ពី​ពេល​ថ្មី​នេះ។ ម៉ៅ ស៊ីណាត និយាយ​ថា៖ “អូន​ដឹង​ទេ...បង​រំភើប​ខ្លាំង​នៅ​ពេល​ដែល​គាត់​កាន់​ដៃ​បង​យ៉ាង​ណែន​ ហើយ​និយាយ​មក​កាន់​បង​ថា ទោះ​បី​មិន​​បាន​កើត​ក្នុង​ថ្ងៃ​ជាមួយ​ខ្ញុំ​ក៏​ដោយ ប៉ុន្តែ​គាត់​សុំ​ស្លាប់​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នឹង​ខ្ញុំ គាត់​​បញ្ជាក់​ប្រាប់​បង​ថា​បង​ហ៊ាន​និយាយ​បង​ហ៊ាន​ធ្វើ​​"។

 

 

​តារា​ចម្រៀង​​​ចង្កេះ​អង្ក្រង​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នាង​ជាមួយ​សង្សារ​កំពុង​​ស្ថិត​នៅ ក្នុង​ដំណាក់​កាល​មើល​ចិត្ត​គ្នា​ រាប់​​អាន​គ្នា​ជា​សង្សារ​បើក​ចំហ​មិន​មាន​ការ​លួច​លាក់​អ្វី​នោះ​ឡើយ​។

 

មិន​តែ​ប៉ុណ្ណោះ​ តារា​ចម្រៀង​យេ​ៗ ដដែល​​​ប្រាប់​ថា​ នាង​និង​សង្សារ​ថ្មី​​ទើប​តែ​ស្គាល់​គ្នា​ប្រមាណ​ជាង​១០​ថ្ងៃ​ ប៉ុន្តែ​គាត់​ជា​បុរស​ល្អ​ម្នាក់​ដែល​អាច​ទទួល​យក​គ្រប់​បែប​យ៉ាង​របស់​នាង ​ដោយ​មិន​ប្រកាន់​ពី​អតីត​កាល​​ធ្លាប់​មាន​ស្វាមី​រួច​មក​ហើយ​នោះ​ទេ ​​ព្រោះបុរស​រូប​នោះ ក៏​ជា​ពោះ​ម៉ាយ​ដូច​គ្នា​ដែរ​។

 

 

“គាត់​មិន​មែន​ជា​អ្នក​មាន​អ្វី​ឡើយ ប៉ុន្តែ​គាត់​ជា​បុរស​ល្អ​ គាត់​អាច​ទទួល​​គ្រប់​យ៉ាង​នូ​វអ្វី​ដែល​បង​មាន។ គាត់​ប្រាប់​ថា​​ពេល​បង​​នៅ​លើ​ឆាក​ខុស​ពី​ខាង​ក្រៅ​ គាត់​ថា​បង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្រលាញ់​"។ ម៉ៅ ស៊ីណាត បន្ថែម។

 

ម៉ៅ ស៊ីណាត​ ប្រាប់​បន្ត​ទៀតថា នាង​​មិន​ទាន់​កំណត់​ពេល​វេលា​រៀបការ​ជាមួយ​បុរស​ពោះម៉ាយ​ខាង​លើ​នៅ​ឡើយ​ទេ ទោះ​បី​ជា​​ក្រុម​គ្រួសារ​ទាំង​​សង្ខាង​​សុទ្ធសឹងតែ​បាន​ដឹងឭ​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​​យ៉ាង​ណា​ក្ដី។  អ្នក​ម៉េម៉ាយ​រូប​នេះ​អះអាង​ថា ចង់​យក​​ពេល​វេលា​ ដើម្បី​​សិក្សា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​​បន្ថែម​ទៀត​សិន៕

 

អត្ថបទ៖ ថា ម៉ាលីដា​