រឿង​ធំ​ៗ​កើត​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​នៅ​ឆ្នាំ ២០១៤

  • 2014-10-21 18:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ ឆ្នាំ ២០១៤ នឹង​ដាច់​ឈាន​ចូល​ដល់​ឆ្នាំ ២០១៥។ ក្នុង​រង្វង់​១០​ខែ​កន្លង​មក​នេះ មាន​រឿងរ៉ាវ រួម​ទាំង​ព្រឹត្តិការណ៍​ធំ​ៗ​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​សង្គម​សិល្បៈ ព្រឹត្តិការណ៍​ទាំង​នោះ​មាន៖

 

 

១. ភាពយន្ត​ភាគ​ថៃ​មាន​មុខ​ឡើង​វិញ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក ៖ នេះ​ចាត់​ជា​ព្រឹត្តិការ​ដ៏​ធំ និង​រសើប​ជាង​គេ បន្ទាប់​ពី​ខ្សែ​ភាពយន្ត​ភាគ​ថៃ ត្រូវ​បាន​បើក​ឲ្យ​ចរាចរណ៍​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ពីរ​ខែ​មុន​នេះ បន្ទាប់​ពី​អវត្តមាន​ជាង​១០​ឆ្នាំ ពោល​គឺ​តាំង​ឆ្នាំ ២០០២ មក ក្រោយ​មាន​កុប្បកម្ម​ប្រឆាំង​នឹង​តារា​ថៃ​ដែល​បាន​និយាយ​ថា ប្រាសាទ​អង្គរ​វត្ត​ជា​របស់​ប្រជាជាតិ​គេ។ ការ​វិល​ត្រឡប់​មក​វិញ​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​រសើប​មួយ ខណៈ​ភ្លាម​ៗ​បាន​បង្ក​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ។

 

រូប​តំណាង

ផលិតករ រួម​នឹង​តារា​សម្ដែង​មួយ​ចំនួន ព្រួយ​បារម្ភ​ថា នេះ​អាច​ជា​ឱកាស​ដួល​សន្លប់​ជា​ថ្មី​នៃ​សិល្បៈ​ភាពយន្ត​ខ្មែរ ក្នុង​នោះ​ពួក​គេ​ថែម​គ្រោង​ដាក់​ញត្តិ​ទៅ​ក្រសួង​ព័ត៌មាន​ទៀត​ផង សុំ​ឲ្យ​កំហិត(ទុក​ម៉ោង ៧:០០-៨:០០​យប់ ដែល​គេ​ចាត់​ជា​ម៉ោង "មាស" សម្រាប់​តែ​ភាពយន្ត​ខ្មែរ)​លើ​ការ​ចាក់​ផ្សាយ​ភាពយន្ត​ប្រទេស​ជិត​ខាង​មួយ​នេះ។ មន្ត្រី​ជំនាញ​អះអាង​ថា អនុវត្តន៍​នយោបាយ​ទីផ្សារ​សេរី កម្ពុជា​មាន​អាច​ដាក់​របាំង​លើ​ផលិតផល​ភាពយន្ត​របស់​ណា​មួយ​ទេ៕

 

២. រោង​ភាពយន្ត​ធំ​ៗ​ចំនួន​៣​ទៀត កើត​នៅ​រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​វិស័យ​សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក​ដែល​បាន និង​កំពុង​មាន​សន្ទុះ រោងភាពយន្ត​សម្រាប់​ទទួល​ចាក់​ផ្សាយ​ផលិតផល​ភាពយន្ត​ទាំង​នោះ បាន​កើត​ឡើង​ចំនួន​៣ បន្ថែម​ពី​លើ​រោង​ភាពយន្ត​ទំនើប​ដែល​មាន​ស្រាប់​ចំនួន​ពីរ គឺ Platinum Cineplex សូរិយា និង Legend ស៊ីធីម៉ល។

 

លោក ទេព រិនដារ៉ូ និង​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ក្នុង​ថ្ងៃ​សម្ពោធ​រោងភាពយន្ត Major Cineplex By Cellcard

រោងភាពយន្ត​ខ្នាត​ធំ​ទាំង​៣​នោះ​មាន៖ រោងភាពយន្ត​នៅ​ផ្សារ​ទំនើប TK និង​រោងភាពយន្ត​ទំនើប​នៅ​ផ្សាយ​ស្ទឹង​មាន​ជ័យ​ថ្មី ទាំង​ពីរ​នេះ គឺ​ជា​សាខា​របស់​រោងភាពយន្ត​ទំនើប Legend នៅ​ស៊ីធីម៉ល។ ដោយ​មួយ​ទៀត​គឺ Major Cineplex By Cellcard នៅ​ផ្សារ​ទំនើប AEON Mall។ នេះ​ជា​រោងភាពយន្ត​ទំនើប​ជាង​គេ​នៅ​ស្រុក​ខ្មែរ ដោយ​មាន​សាល​បំពាក់​បច្ចេកទេស 4DX ដំបូង​គេ និង​កន្លែង​លេង​ប៊ូលីង លំដាប់​អន្តរជាតិ​ទៀត​ផង។ តាម​លោក ស៊ិន ច័ន្ទ​សាយ៉ា គឺ​រោងភាពយន្ត​ទំនើប​នឹង​បន្ត​កើត​មាន​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ធំ​ៗ​ដូច​ជា​សៀមរាប​ជា​ដើម។

 

 

៣. ភាពយន្ត​ចំណាយ​ទុន​ច្រើន​បំផុត ៖ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ សម្រាប់​សិល្បៈ​ភាពយន្ត​ខ្មែរ ដែល​ភាពយន្ត​ខ្មែរ​ខ្នាត​ធំ​ពីរ​រឿង គឺ​រឿង "ស្បែក​គង់" និង​រឿង "Before The Fall” បាន​ចំណាយ​ទុន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ខ្មែរ។ រឿង "ស្បែក​គង់" ដែល​ទើប​នឹង​បញ្ចប់​ការ​ដាក់​បញ្ចាំង​នៅ​កម្ពុជា ហើយ​ពេល​នេះ​កំពុង​បញ្ចាំង​នៅ​ប្រទេស​ថៃ​នោះ ត្រូវ​អះអាង​ដោយ​ផលិតករ​លោក ប៉ុល វិបូ ហៅ នីត ថា ចំណាយ​ទៅ​ដល់​ទៅ ៦៨ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។

រឿង​"ស្បែក​គង់"

ដោយ​ឡែក​រឿង "Before The Fall” ឬ "មុន​ការ​ដួល​រលំ" របស់​ផលិតកម្ម Rock ទើប​បញ្ចប់​ការ​ថត កំពុង​កាត់​ត​សម្រួល​បច្ចេកទេស ត្រៀម​ដាក់​បញ្ចាំង​ស្វាគមន៍​ឆ្នាំ ២០១៥ ខាង​មុខ​នោះ ក៏​បាន​ចាយ​ទុន​ច្រើន​បំផុត​ដែរ។ តាម​លោក យឹម សុ​សត្យា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​នៅ​ផលិតកម្ម Rock ប្រាប់​ថា លោក​បាន​នាំ​យក​តារា​សម្ដែង និង​ផលិតករ​ពី​ហូលីវូដ​មួយ​ចំនួន​មក​ចូល​រួម​ផង។ ដូច្នេះ​ហើយ បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​កើត​ខ្ពស់ ដល់​ទៅ​ជិត​១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ៕

 តួ​សម្ដែង​ និង​អ្នក​ដឹក​នាំ​រឿង​ក្នុង​ភាពយន្ត​ខ្នាត​ធំ "Before The Fall" ឬ "មុន​ការ​ដួល​រលំ"

៤. តារា​ខ្មែរ​៣​ដួង​ឈ្នះ​ពាន​នៅ​អន្តរជាតិ៖ តារា​ម៉ូដែល​ប្រុស​ស្រី​៣ដួង​របស់​កម្ពុជា គឺ​កញ្ញា ទូច មិនាថ​លោក Edwin មក​ពី​ក្រុម Sun Super Model និង​កញ្ញា នូ ទឹម​ស្រី​នៀត ជយលាភី​លេខ​១​ពី​កម្មវិធី Khmer Super Model និង បាន​នាំ​យក​មោទនភាព​មក​ជូន​ជាតិ ដោយ​ឈ្នះ​ជយលាភី​ក្នុង​ការ​ប្រឡង​រៀង​ខ្លួន​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ទីក្រុង​ហុងកុង។

កញ្ញា ទូច មិនាថពេល​ធ្វើ​ការ​លើ​យន្តហោះ

ក្នុង​ចំណោម​តារា​ម៉ូដែល​ស្រី​របស់​កម្ពុជា​៣នាក់​មាន កញ្ញា លឹម មួយ​ហ្គិច កញ្ញា ពេជ្រ ចិន្ដា កញ្ញា ទូច មិនាថ មក​ពី​ក្រុមSun Super Models Cambodia បាន​ឈ្នះ​ពាន​ជា​តារា​រាង​ស្អាត​ក្នុង​កម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 នៅ​ប្រទេស ម៉ាឡេស៊ី កាលពីពាក់កណ្ដាលខែ កក្កដា កន្លងទៅ។

 

បើ​តាម លោក ម៉ែន និមលរតន៍ ប្រធាន ក្រុមSun Super Models Cambodia និង​ជា គណៈកម្មការ​មួយ​រូប ក្នុង​កម្មវិធី​នេះ Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 មាន​បេក្ខនារី​មក​ពី​៨ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ចូល​រួម​ក្នុង​នោះ​មាន​ដូច​ជា កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី សាំងហ្គាពួរ និង ម៉ាឡេស៊ី ជា​ដើម៕

 

កញ្ញា នូ ទឹម​ស្រី​នៀត បាន​ឈ្នះ​ជយលាភី​ផ្នែក​ប្រជាប្រិយ (Miss Popular Vote Award) ពី​កម្មវិធី Miss Grand International ពី​ប្រទេស​ថៃ កាល​ពី​ដើម​ខែ តុលា នេះ។ ស្រី​ស្អាត​វ័យ​ ១៩ ឆ្នាំ និង​មាន​កម្ពស់ ១៧៥ សង់ទី​ម៉ែត្រ​រូប​នេះ បាន​ឈ្នះ​ជយលាភី​ខាង​លើ លើ​បេក្ខនារី​មក​ជា​ច្រើន​ប្រទេស​មក​ពី​ទូទាំង​ពិភព​លោក​ឯណោះ។

កញ្ញា នូ ទឹម​ស្រី​នៀត(រូប​កណ្ដាល)

តារា​ម៉ូដែល​របស់ Sun Super Model Cambodia ម្នាក់​ទៀត គឺ​លោក យិត មាសឧស្សាហ៏ ហៅ Edwin ទើប​បាន​ឈ្នះ​ជយលាភី​ជា​តារា​ញញឹម​ស្រស់​ជាង​គេ “ Mr. Smiley Award in Mister Asia Contest 2014 ” នៅ​ទី​ក្រុង​ហុង​កុង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ លោក Edwin បាន​យក​ឈ្នះ​លើ​បេក្ខជន​ផ្សេង​ៗ​មក​ពី​ប្រទេស​ចំនួន​១០ ដូច​ជា កម្ពុជា ចិន ភូមា អាមេរិក កាណាដា និង​វៀតណាម​ជា​ដើម៕

លោក Edwin រូប​ទទួល​បាន

៥. ទូរទស្សន៍ ETV ៖ ទូរទស្សន៍​ថ្មី​មួយ​ទៀត​របស់ អគ្គនាយក​ដ្ឋាន​ទូរទស្សន៍​បាយ័ន គឺ​ទូរទស្សន៍ ETV ដែល​មាន​ទស្សនវិស័យ​ផ្ដោត​លើ​កម្មវិធី​កម្សាន្ត បាន​បើក​សម្ពោធ​កាល​ពី​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ​២០១៤​នេះ យ៉ាង​ឧឡារិក ដោយ​គ្រា​នោះ​មាន​ទាំង​តារា​ខ្មែរ និង​តារា​ថៃ​ល្បី​ជា​ច្រើន​ដួង​បាន​ចូល​រួម​ផង។ ETV បាន​ក្លាយ​ជា​ទូរទស្សន៍​កូន​ពៅ​គិត​ត្រឹម​ខែ​តុលា ២០១៤​នេះ ក្នុង​ចំណោម​ទូរទស្សន៍​ក្នុង​ស្រុក​ជាង​១០៕

 

អត្ថបទ៖ ទារិកា