មុន​ចូល​ទីផ្សារ​ថៃ និង​ អាមេរិក "ស្បែក​គង់" រក​ចំណូល​បាន​ជិត​ ៣០​ ម៉ឺន​ដុល្លារ

  • 2014-09-23 13:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​រឿង "ស្បែក​គង់" ដែល​ត្រៀម​​ចូល​ទីផ្សារ​ថៃ និង ​អាមេរិក​ក្រោយ​ភ្ជុំបិណ្ឌ​ហើយ មក​ទល់​នឹង​ពេល​នេះ​រក​ចំណូល​បាន​ជិត ៣០​ ម៉ឺន​ដុល្លារ។

 

ផលិតករ និង​ ជា​​ចាងហ្វាង​ផលិតកម្ម​ Angkor Picture លោក ប៉ុល វិបូ និយាយ​ថា៖ "គិត​ត្រឹម​ពេល​នេះ​យើង​មិន​រាប់​បញ្ចូល​ខេត្ត​ បាត់​ដំបង​ដែល​កំពុង​ដាក់​បញ្ចាំង​ទេ ចំណូល​ទទួល​បាន ២៨​ ម៉ឺន​ដុល្លារ មុន​នឹង​យើង​រក​រឿង​នេះ​ទៅ​ដាក់​បញ្ចាំង​នៅ​ទីផ្សារ​ថៃ និង​ អាមេរិក​ខាង​មុខ"។

អានអត្ថបទ៖ ខ្មែរ​-ថៃ ចាប់​ដៃ​គ្នា​ផ្លាស់ប្ដូរ​ផលិតផល​ភាពយន្ត

លោក ប៉ុល វិបូ ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម Angkor Picture

 

ខ្សែ​ភាពយន្ត​ចំណាយ​ទឹក​ប្រាក់​ជិត ៧០​ ម៉ឺន​ដុល្លារ​ ត្រូវ​បាន​ផលិតករ​រូប​នេះ​អះអាង​ថា ​នឹង​​ដាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ នា​ថ្ងៃ​ទី ១៦​ ខែ​ តុលា។ ដោយ​ឡែក​សម្រាប់​ទីផ្សារ​នៅ​អាមេរិក ដោយ​គ្រោង​ដាក់​បញ្ចាំង​ ១០​ រដ្ឋ នឹង​ត្រូវ​ទៅ​ដល់​នា​ថ្ងៃ​ទី ៣០​ខែ​តុលា​ខាង​មុខ។

 

លោក ប៉ុល វិបូ បន្ត​ថា​ចំណូល​ទទួល​បាន​ជិត ៣០​ម៉ឺន​ដុល្លារ​ពី​ទីផ្សារ​ក្នុង​ស្រុក​បាន​មក​ពី​ទស្សនិកជន​តាម​បណ្ដា​ខេត្ត-ក្រុង​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ សៀមរាប កំពង់ចាម ព្រះសីហនុ រីឯ​ខេត្ត​ បាត់​ដំបង​ កំពុង​ដាក់​បញ្ចាំង​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទេ។

 អានអត្ថបទ៖ កុំ​​ហួស​​ចិត្ត​អី ៧០ ​លាន​ដុល្លារ​ថត​រឿង “​មហា​អាណាចក្រ​ខ្មែរ” បាត់​ស្រមោល​​ពី​​​កម្ពុជា​​ហើយ!

សម្រាប់​ការ​ដាក់​បញ្ចាំង​រឿង "ស្បែក​គង់" ​នៅ​ទីផ្សារ​ថៃ និង​អាមេរិក​ខាង​មុខ​ ផលិតករ​រូប​នេះ​បាន​រំពឹង​ខ្ពស់​ថា​ នឹង​អាច​រក​ចំណូល​បាន​ច្រើន​ជាង​​ក្នុង​ស្រុក។ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ចំនួន​ជាក់​លាក់​នៅ​ឡើយ​ទេ ដោយ​ចាំ​មើល​ស្ថាន​ភាព​ជាក់​ស្ដែង។

 

ទាំង​ការ​ចំណាយ និង ​ចំណូល​ទទួល​បាន​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​ គឺ​មិន​ធ្លាប់​មាន​ទេ​ដែល​មាន​ខ្សែ​ភាពយន្ត​ចំណាយ​ដល់​ជិត ៧០​ម៉ឺន​ដុល្លារ ហើយ​ចំណូល​ទទួល​បាន​ជិត ៣០​ម៉ឺន​ដុល្លារ​ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ដាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស។

អានអត្ថបទ៖ ​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

ក្រោយ​ពី​បញ្ចប់​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត "ស្បែក​គង់" ផលិតកម្ម" Angkor Picture ត្រៀម​ផលិត​​ស្នាដៃ​ទីពីរ​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​គឺ​រឿង "ព្រាន​ព្រៃ​ឡឺ​កឺ" ដែល​គ្រោង​ចំណាយ​ទឹក​ប្រាក់​ជាង ៨០​ ម៉ឺន​ដុល្លារ៕

អត្ថបទ៖ អ៊ីង សុឡា