កុំ​​ហួស​​ចិត្ត​អី ៧០ ​លាន​ដុល្លារ​ថត​រឿង "​មហា​អាណាចក្រ​ខ្មែរ" បាត់​ស្រមោល​​ពី​​​កម្ពុជា​​ហើយ!

  • 2014-09-17 22:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង ​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោក ស៊ិន ចន្ទ​សាយ៉ា​ និយាយ​ថា​​ "មហា​អាណាចក្រ​ខ្មែរ" ​​​​ចាយ​ទុន ៧០​ លាន​ដុល្លារ​ មិន​​អាច​ដំណើរការ​បាន​ទេ ដោយ​រលត់​​ពី​ទីផ្សារ​កម្ពុជា​បាត់​ហើយ ព្រោះ​​តែ​គ្មាន​​គម្រោង​ និង​​ ថវិកា​ផលិត​​គ្រប់គ្រាន់។

 

លោក​បាន​បញ្ជាក់​ថា៖ "រឿង​លុយ និង ​គម្រោង​ច្បាស់លាស់​គឺ​ចាំ​បាច់​បំផុត ព្រោះ ​៧០​ លាន​ដុល្លារ​ច្រើន​ណាស់ ហើយ​គាត់​អត់​ដឹង​ថា​បាន​លុយ​មក​ពី​ណា​ធ្វើ​ផង​ហ្នឹង តើ​អាច​ធ្វើ​ទៅ​រួច​ទេ"។

 

អានអត្ថបទ៖Jean-Paul Ly​ ​​​​កូន​ខ្មែរ​ឧស្សាហ៍​​​​លេច​មុខ​ក្នុង​​​ឈុត​វាយប្រហារ​​​​ហូលីវូដ​​

 

ដំណឹង​នៃ​ការ​ផលិត​​ខ្សែ​ភាពយន្ត​រឿង ​"មហា​អាណាចក្រ​ខ្មែរ" ប្រើ​ទុន​ ៧០ ​​ដុល្លារ​ ពី​សំណាក់​ផលិតករ Hollywood លោក តូនី ​​មាន​រយៈ​ជាង​៤​ឆ្នាំ​ហើយ ក៏ប៉ុន្តែ​ដំណឹង​នេះ​បាន​ស្ងាត់​ឈឹង​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

 

ប្រធាន​នាយកដ្ឋាន​ខាង​លើ​បន្ត​ថា​ចាប់​តាំង​ពី​ធ្វើ​សន្និសីទកាសែត​កាល​ពី​ឆ្នាំ​២០០៩ រៀប​ចំ​ដោយ​ក្រសួង​ព័ត៌មាន​​មក​​ ផលិតករ Hollywood រូប​នេះ មិន​បាន​ផ្ដល់​ដំណឹង​មក​​ភាគី​កម្ពុជា​​ទៀត​​​ឡើយ។

 

ការ​ស្ងាត់​ជិត​ឈឹង​នៃ​ដំណឹង​ការ​ថត​​ខ្សែ​ភាពយន្ត​"មហា​អាណាចក្រ​ខ្មែរ" ត្រូវ​បាន​លោក ស៊ិន ចន្ទ​សាយ៉ា អះអាង​ទំនង​ជា​មិន​មាន​ថវិកា​គ្រប់គ្រាន់​​ធ្វើ​ឱ្យ​រាំង​ស្ទះ​ក្នុង​​ដំណើរការ​ផលិត​ខ្សែ​ភាពយន្ត​នេះ។ ម្យ៉ាង​ទៀត​ការ​រៀប​គម្រោង​ផលិត​ឱ្យ​ច្បាស់លាស់​​ថា​ត្រូវ​ដំណើរការ​ដូច​​ម្ដេច​​ខ្លះ​ក៏​គ្មាន​ដែរ។

 

ប្រធាន​នាយកដ្ឋាន​រូប​នេះ​បញ្ជាក់​ដូច្នេះ​បន្ទាប់​ពី​លោក​​បាន​ស្គាល់ លោក តូនី គឺ​គ្រាន់​តែ​ជា​​អ្នក​និពន្ធ​សៀវភៅ ជនជាតិ​ ហុង​គ្រី​ ម្នាក់​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កាល​ពី​សម័យ អ៊ុន​តាក់។ លោក​បាន​ស្រាវជ្រាវ ហើយ​សរសេរ​​​ចង​ក្រង​ជា​​សៀវភៅ​​​និយាយ​ពី​ព្រះបាទ ជ័យវរ្ម័ន​ទី៧​ឡើង​ ដោយ​យក​ទៅ​លក់​នៅ​តំបន់ អឺរ៉ុប និង​សហរដ្ឋអាមេរិក។

អានអត្ថបទ៖ ​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌

 

បន្ទាប់​ពី​សៀវភៅ​និយាយ​ពី​ភាព​រុងរឿង និង​​អស្ចារ្យ​ក្នុង​សម័យ​អង្គរ​ ក្រោម​ការ​ដឹក​នាំ​ដ៏​ខ្លាំង​ពូកែ​​របស់​ព្រះបាទ ជ័យវរ្ម័ន​ទី៧ លក់​ដាច់ និង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​អ្នក​អាន​នៃ​បណ្ដា​ប្រទេស​ធំៗ​ខាង​លើ។

 

លោក​ តូនី ក៏​កើត​ជា​គំនិត​ចង់​ផលិត​ខ្សែ​ភាពយន្ត​នេះ​​ដោយ​យក​ស្នាដៃ​របស់​ខ្លួន​ដាក់​លក់​លើ​ទីផ្សារ​មូលប័ត្រ​( Stock Market) នៅ​សហរដ្ឋអាមេរិក ហើយ​មក​ទាក់ទង​ប្រទេស​កម្ពុជា​ឱ្យ​ជួយ​ផ្សព្វផ្សាយ​គម្រោង​ដ៏​ធំ​មួយ​នេះ។ ក៏ប៉ុន្តែ​ប្រហែល​ជា​មិន​​មាន​លទ្ធភាព​ប្រមូល​លុយ​បាន​គ្រប់គ្រាន់​បាន​ ទើប​គម្រោង​នៃ​ការ​ផលិត​ស្ងប់ស្ងាត់​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ការ​ដើរ​លើ​វិថី​សិល្បៈ បញ្ហា​ប្រឈម និង ​ធ្វើ​ខ្លួន​បែប​ណា​​ឱ្យ​ល្បី​ជា​អ្វី​ដែល​តារា​ៗ​ធ្លាប់​ឆ្លង​កាត់

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​លោក ស៊ិន ចន្ទ​សាយ៉ា ច្រាន​ចោល​ដំណឹង​លើក​ឡើង​ថា​ខ្សែ​ភាពយន្ត​ដែល​ចំណាយ​ទឹក​​ប្រាក់ ៧០​លាន​ដុល្លារ​រឿង"មហា​អាណាចក្រ​ខ្មែរ" ត្រូវ​បាន​ថត​នៅ​ប្រទេស​ថៃ​ស្ងាត់ៗ។

 

“អត់​មាន​ទៅ​ថត​នៅ​ឯណា​ទេ​អូន! ខ្សែ​ភាពយន្ត​និយាយ​​ពី​ព្រះ​មហាក្សត្រ​​យើង​ទៅ​ថត​នៅ​ថៃ​ម៉េច គេ​ត្រូវ​ថត​នៅ​ខ្មែរ​មុន ហើយ​ត្រូវ​​សុំ​អាជ្ញាធរ​របស់​យើង​សិន ទើប​ថត​បាន"។ លោក​បាន​បញ្ជាក់​បន្ថែម។

 

ក្រុម​ហ៊ុន ​Hollywood ដឹក​នាំ​ដោយ​ លោក តូនី បាន​សហការ​ជា​មួយ​នឹង​ក្រសួង​ព័ត៌មាន ធ្វើ​សន្និសីទកាសែត​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ថត​រឿង ​“មហា​អាណាចក្រ​ខ្មែរ” នៅ​កម្ពុជា។

 

រឿង​នេះ​គ្រោង ​​ចំណាយ​ទុន​ ៧០​លាន​ដុល្លារ​ដើម្បី ​ថត​បញ្ចប់ ដោយ​គ្រោង​រយៈ​ពេល​៣​ឆ្នាំ ពោល​គឺ​​មួយ​ឆ្នាំ​កន្លះ​រៀប​ចំ​ការ​ថត​ក៏​ដូច​ជា​បច្ចេកទេស ហើយ​មួយ​ឆ្នាំ​កន្លះ​ទៀត​​គឺ​ថត។

ទី​កន្លែង​នៃ​ការ​ថត​គឺ​នៅ​ខេត្ត​សៀមរាប និង​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​កម្ពុជា តែ​មក​ទល់​នឹង​ពេល​នេះ​កំពុងតែ​ស្ងាត់​នៅ​ឡើយ​។

តារា​សម្ដែង​បរទេស​ ល្បីៗ​គ្រោង​នឹង​សម្ដែង​រឿង​នេះ​មាន​ដូច​ជា តួ​អង្គ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ គឺ​សម្ដែង​ដោយ​ អ្នក​កីឡាកាស​​ល្បី​ល្បាញ​ ចន ស៊ីណា មាន​មាឌ​ធំ​ខ្ពស់ និង​តួ​ឯក​ស្រី​​គឺ​សម្ដែង​ដោយ​ តារា​ស្រី​កូរ៉េ ហាន់ ជីអ៊ុន ព្រម​ទាំង​តារា ​Hollywood Angelina jolie និង លី លានជា (Jet Li) ៕

http://youtu.be/eXmhZgkl4VA

អត្ថបទ៖ អ៊ីង សុឡា