ខ្មែរ​-ថៃ ចាប់​ដៃ​គ្នា​ផ្លាស់ប្ដូរ​ផលិតផល​ភាពយន្ត

  • 2014-09-18 22:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មន្ត្រី ​ខ្មែរ​-ថៃ និង ផលិតករ​ភាពយន្ត​ នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​​ប្រកាស​បើក​ទីផ្សារ​ភាពយន្ត​ទៅ​វិញ​ទៅ​មក ដោយ​នឹង​នាំ​យក​ភាព​យន្ត​ខ្មែរ​ទៅ​កាន់​ប្រទេស​ថៃ និង ថៃ​មក​កាន់​កម្ពុជាវិញ។ ការ​ចាប់​ដៃ​គ្នា​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ចាប់​ដៃគូ​ពាណិជ្ជកម្ម​រវាង​ថៃ-កម្ពុជា កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ នៅ​សណ្ឋាគារ​ សូហ្វីតែល (Sofitel) រាជធានី​ភ្នំពេញ។

សូមចុចអាន៖ សុខ សោម៉ាវត្តី កុង​ត្រា​តួ​ឯក​​រឿង​ដំបូង​ឲ្យ​ផលិតកម្ម​ថ្មី!

លោកស្រី Jiranun Wongmongkol ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ទូត​ថៃ បាន​ថ្លែង​នៅ​ក្នុង​អង្គ​សន្និសីទ​ព្រឹក​មិញ​នេះ​ថា គោល​បំណង​នៃ​កម្មវិធី​នៅ​ពេល​នេះ គឺ​​ចង់​ជំរុញ​​រឿង​ថៃ​មក​កាន់​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​ច្រើន។ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ភាព​យន្ដ​ថៃ បាន​ស្ងាត់​ឈឹង​មួយ​រយៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

គេ​នៅ​ចាំ​បាន​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ការ​ចាក់​បញ្ចាំង​គ្រប់​ខ្សែភាព​យន្ដ​ថៃ​នៅ​គ្រប់​ស្ថានីយ ​ទូរទស្សន៍​ខ្មែរ​ទូទាំង​ប្រទេស​ កាល​ពី​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០០៣។ ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្អាក​ការ​ចាក់​បញ្ចាំង​រឿង​ថៃ គឺ រាជរដ្ឋាភិបាល​កម្ពុជា​​បាន​សម្រេច​ចិត្ត​ភ្លាម​ៗ បន្ទាប់​ពី​ប្រជាពលរដ្ឋ​​ខ្មែរ ផ្ទុះ​ ហិង្សា​ដុត​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ដោយ​សារ​​តារា​សម្ដែង​ថៃ​ម្នាក់​បាន​និយាយ​ថា ប្រាសាទ​អង្គរវត្ត​ជា​កម្មសិទ្ធ​របស់​ថៃ។ ប៉ុន្ដែ មួយ​រយៈ​ចុង​ក្រោយ​នេះ គេសង្កេត​ឃើញ​ថា វត្តមាន​រឿង​ថៃ​បាន​ចាប់​ផ្ដើម​​មាន​បណ្ដើរ​ៗ​ឡើង​វិញ​ហើយ ជាពិសេស​ផ្ដើម​ដំបូង​តាម​រយៈ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥។

 

លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌​ បាន​ស្វាគមន៍​ចំពោះ​វត្តមាន​រឿង​ថៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​​ថា គេ​មិន​អាច​រាំង​ខ្ទប់​​បាន​នោះ​ទេ គឺ​អាស្រ័យ​លើ​ទីផ្សារ​ដែល​ជា​អ្នក​ត្រូវ​ការ​ ដូច្នេះ ក្រសួង​ក៏​មិន​បាន​កំណត់​កូតា​រឿង​ថៃ​ប៉ុន្មាន​រឿង ដែល​អាច​អនុញ្ញាត​ឲ្យ​បញ្ចាំង​នៅ​តាម​រោង​កុន និង ស្ថានីយ​ទូរទស្សន៍​នោះ​ទេ។

 

 

លោក​ ស៊ិន ចន្ទសាយ៉ា ក៏​បាន​បញ្ជាក់​ដែរ​ថា វត្តមាន​រឿង​ ឬ ភាពយន្ត​ថៃ នៅ​ប្រទេស​កម្ពុជា​នេះ​អាស្រ័យ​ពីរ​កត្តា ទី ១ កត្តា​ពាណិជ្ជកម្ម និង​ កត្តា​យោគយល់។ ម្យ៉ាង​ប្រទេស​ថៃ ​គឺជា​ ភូមិ​ផង​របង​ជាមួយ និង ជា​មិត្ត​របស់​កម្ពុជា។

 

បច្ចុប្បន្ន​នេះ​ រឿង​ភាគ​ថៃ​មួយ​ចំនួន​កំពុង​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ និង ស្ថានីយ​ទូរទស្សន៍​ធំៗ​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ក្នុង​ការចរចា​ ហើយ​ត្រៀម​បញ្ចាំង​រឿង​ថៃ​ផង​ដែរ។ ប៉ុន្តែ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូប​នេះ មិន​បាន​បញ្ជាក់​ពី​ស្ថានីយ​ប៉ុន្មាន ហើយ​ឈ្មោះ​អ្វី​នោះ​ទេ ដែល​គ្រោង​នឹង​​ចាក់​បញ្ចាំង​រឿង​ថៃ​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

 

 

ទន្ទឹម​នឹង​ការ​​នាំ​យក​រឿង​ថៃ​មក​កាន់​ទីផ្សារ​កម្ពុជា​នោះ នៅ​ក្នុង​អង្គ​សន្និសីទ​ក៏​បាន​ប្រកាស​នាំ​យក​រឿង​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​គឺ​រឿង​ "ស្បែកគង់" របស់​ផលិត​កម្ម​ អង្គរ Picture ក្នុង​ពេល​ឆាប់​ៗ​នេះ។ នេះ​ជា​លើក​ទី ១ ក្នុង​រយៈពេល​ ៤១ ឆ្នាំ​ហើយ​ដែល​​ថៃ​បើក​ទីផ្សារ​ភាព​យន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ប៉ុល វិបូ ផលិត​ករ និង​ ជា​ចាងហ្វាង​ផលិត​កម្ម អង្គរ Picture។

 

លោក Surapol Maneepong ឯក​អគ្គ​រដ្ឋ​ទូត​រង​ថៃ​ប្រចាំ​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ដែរ​ថា ពិធី​ប្រកាស​ចាប់​ដៃគូ​ពាណិជ្ជកម្ម​រវាង​ថៃ-កម្ពុជា នៅ​ពេល​នេះ គឺជា ផ្នែក​មួយ​បង្កើន​ការ​ពង្រីក​ទីផ្សារ​ភាពយន្ត​នៃ​ប្រទេស​ទាំង​ពីរ។ ជាក់​ស្ដែង​ រឿង​ "ស្បែកគង់" របស់​ខ្មែរ ដែល​នឹង​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ និង បណ្ដា​ប្រទេស​មួយចំនួន គឺ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​​គេ​ស្គាល់​កម្ពុជា។ ទន្ទឹម​នឹង​នេះ ​កម្មវិធី​នេះ ​នឹង​ជំរុញ​ភាព​រីក​ចំរើន ​នៃ​វិស័យ​ភាព​យន្ត​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ការ​រីកចម្រើន​ទាំង​ក្នុង​តំបន់ និង ឈាន​ទៅ​កាន់​ទីផ្សារ​ពិភពលោក៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម