​​គោលដៅ​​ទេសចរណ៍​ទាំង​១០​នៅ​អាស៊ី​ សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ

  • 2015-12-28 16:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបសាយ HotelClub ដែល​​ប្រៀប​ដូច​ជា​សហគមន៍​​​ទេសចរណ៍​អនឡាញ​ដ៏​ធំ​មួយ​ក្នុង​លោក បាន​ចាត់​ថ្នាក់​គោលដៅ​ទាំង​១០​ប្រចាំ​ទ្វីប​អាស៊ី ដែល​ទេសចរ​គួរ​ទៅ​ក្នុង​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ។ ក្នុង​ចំណោម​គោលដៅ​ទាំង​១០​នោះ ក៏​មាន​ខេត្ត​សៀមរាប​ផង​ដែរ។

 

១០. ហុងកុង

 

 

ក្រៅ​ពី​ដើរ​ផ្សារ​​នៅ​តំបន់​ Monk Kok ដ៏​ល្បី ទេសចរ​ក៏​អាច​ភ្លក់​រសជាតិ​ឌីមសាំ​ដ៏​ឆ្ងាញ់ផង​ដែរ។ ទេសចរ​ក៏​នឹង​រីករាយ​នៅ​សណ្ឋាគារ​លំដាប់​ពិភពលោក​ និង​កម្មវិធី​កម្សាន្ត​សប្បាយ​នា​រាត្រី​ឆ្លង​ឆ្នាំ។

 

៩. Langkawi (ម៉ាឡេស៊ី)

 

 

Langkawi នៅ​តែ​ជា​គោលដៅ​ទី​១​សម្រាប់​អ្នក​ចង់​លេង​ឆ្នេរ​នៅ​ម៉ាឡេស៊ី។ មានឆ្នេរ​​ស្អាតៗ និង​រីសត​​ជា​ច្រើន​សម្រាប់​ស្វាគមន៍​ទេសចរ អម​ដោយ​អាកាសធាតុ​ដ៏​អំណោយផល​នា​ដើម​ខែ​មករា​ទៀត​នោះ អ្នក​នឹង​កាន់​តែ​រីករាយ។

 

៨. West Bengal (​ឥណ្ឌា)

 

 

ឥណ្ឌា​ជា​ប្រទេស​សម្បូរ​គោលដៅ​ទេសចរណ៍​មួយ​ក្នុង​តំបន់​អាស៊ី ក្នុង​នោះ West Bengal ជា​គោលដៅ​ធំ​មួយ​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ។ ទេសចរ​នឹង​អាចរីករាយ​នឹង​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO គឺ​ផ្លូវរថភ្លើង​កាត់​ភ្នំ និង​សម្រស់​ធម្មជាតិ​ជា​ច្រើន​ទៀត។

 

៧. កោះ​ស៊ូម៉ាត្រា (ឥណ្ឌូណេស៊ី)

 

 

ចាវ៉ា និង​បាលី ជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសច​មក​កាន់​ឥណ្ឌូណេស៊ី​ ប៉ុន្តែ​ស៊ូម៉ាត្រា​ក៏​មិន​ធម្មតា​ដែរ។ ធ្លាប់​ឮ​ឈ្មោះ​ក្នុង​បទ​សម្រៀង​លោក​ស៊ីន ស៊ីសាមុត ស៊ូម៉ាត្រា​ជា​កោះ​ធំ​ទី​៦​ក្នុង​លោក ដែល​ល្អ​បំផុត​សម្រាប់​ដំណើរ​ទេសចរណ៍​ផ្សេង​ព្រេង​ដ៏​​អស្ចារ្យ។

 

៦. សិង្ហបុរី

 

 

អស្ថិរភាព​សេដ្ឋកិច្ច​សកល ហាក់​មិន​ធ្វើ​ឲ្យ​រង្គើ​កេរ្តិ៍ឈ្មោះ​សិង្ហបុរី​ក្នុង​ចិត្ត​អ្នក​ទេសចរ​នោះ​ឡើយ។ ទីក្រុង​ដែន​កោះ​ដ៏​តូច​មួយ​នេះ ត្រូវ​បាន​គេ​មើល​ឃើញថា​កំពុង​​អភិវឌ្ឍ​តាម​របៀប​ទីក្រុង​ឌូបៃ។ និយាយ​ជា​រួម សិង្ហបុរី ជា​ទីក្រុង​ និង​ជា​ប្រទេស​ដែល​ផ្ដល់​ភាព​រីករាយ​ដែល​ទេសចរ​ពី​គ្រប់​ទិសទី។

 

៥. ម៉ាល់ឌីវ

 

 

ម៉ាល់ឌីវ​ជា​ប្រទេស​ដែនកោះ​​ដ៏​ស្រស់​ស្អាត​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ដែល​នឹង​ផ្ដល់​ឲ្យ​ទេសចរ​នូវ​ដំណើរ​កម្សាន្ត​មិន​អាច​បំភ្លេច​បាន។ តើ​អ្នក​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន​មែនទេ? មិន​ខុស​ទេ អ្វីៗ​គឺ​ថ្លៃ ប៉ុន្តែ​វា​សក្ដិសម​នឹង​ថ្លៃ​ដែល​អ្នក​ចំណាយ។

 

៤. ខេត្ត​សៀមរាប (កម្ពុជា)

 

 
 

ទោះ​បី​ជា​ពេល​ខ្លះ​រថយន្ត​ក្រុង​ទេសចរណ៍​​ស្ទះ​តម្រៀប​ជូរ​គ្នា​តាម​ផ្លូវ​ទៅ​កាន់​អង្គរវត្ត​ក៏​ពិត​មែន ប៉ុន្តែ​ភាព​អស្ចារ្យ​នៃ​ទីក្រុង​ខ្មែរ​បុរាណ​​មួយ​នេះ មិន​អាច​បញ្ឈប់​ចិត្ត​ទេសចរ​បរទេស​ដែល​អន្ទះសា​ចង់​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ។ អច្ឆរិយ​ពិភពលោក​មួយ​នេះ នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​មួយ​ដែល​ទាក់ទាញ​ចិត្ត​មនុស្ស​ពី​គ្រប់​​ផ្នែក​នៃ​ពិភពលោក​មក​ទស្សនា។ ទេសចរ​ក៏​នឹង​សប្បាយ​រីករាយ​នឹង​ការ​កម្សាន្ត​នា​ពេល​រាត្រី​ឆ្លង​ឆ្នាំ​ក្នុង​ក្រុង​សៀមរាប​ផង​ដែរ។

 

៣. ក្រុង Gyeongju (កូរ៉េខាងត្បូង)

 

 

Gyeongju ​ជា​បេតិកភណ្ឌ​ពិភពលោក UNESCO ដ៏​ល្អ​បំផុត​មួយ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ តំបន់​ប្រវត្តិសាស្រ្ដ​មួយ​នេះ អាច​បង្វែរ​ចិត្ត​ទេសចរ​ពី​រដ្ឋធានី​សេអ៊ូល មក​ទស្សនា​ទីក្រុង​វប្បធម៌ ប្រវត្តិសាស្រ្ដ​ដ៏​សម្បូរបែប​។

 

២. កោះ Borneo

 

 
 

Borneo ជា​កោះ​ធំ​បំផុត​នៅ​អាស៊ី និង​ធំ​បំផុត​ទី​៣​ក្នុង​លោក ដែល​ស្ថិត​​ក្នុង​ប្រជុំ​កោះ​ម៉ាឡេ នៅ​ក្នុង​ដែន​ដី​ប្រ៊ុយណេ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ វា​ជា​កន្លែង​នៃ​ឆ្នេរ​ដ៏​ស្រស់​ស្អាត ព្រៃ​ត្រូពិក​ដែលមាន​ជីវិត​សត្វ​ជា​ច្រើន ការ​កម្សាន្ត​នៅ​ចំណុច​ខ្ពស់​បំផុត​នៃ​កោះ ក៏​ដូច​ជា​ការ​មុជ​ចុះ​មើល​ទេសភាព​បាត​សមុទ្រ​ផង​ដែរ។

 

១. តូក្យូ (ជប៉ុន)

 

 

តូក្យូ​ជា​​ទីក្រុង​ធំ​បំផុត​របស់ជប៉ុន​ដែល​ទាក់ទាញ​ទេសចរ​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំៗ។ ទេសចរ​អាច​ដើរ​ទិញ​ឥវ៉ាន់​ ការ​កម្សាន្ត​សម្បូរបែប ភ្លក់​អាហារ​ជប៉ុន ក៏​ដូច​ជា​ស្វែងយល់​ពី​វប្បធម៌​ចំណាស់​របស់​ប្រទេស​នេះ តាម​រយៈ​សារមន្ទីរ និង​ប្រាសាទ​បុរាណ​ជា​ដើម៕

 

ចុចអាន៖ វីដេអូ​ពិសេស​​៩នាទី​​​ពី​កម្មវិធី​ល្បី​អាមេរិក “Survivor” ដែល​មក​ថត​នៅ​កោះ​រុង​និង​អង្គរវត្ត

 

ដោយ៖​ សុវត្ថិ

ប្រភព៖ HotelClub