​​​ឱកាស​​បាន​​​​​​ការងារ​សម្បូរ​បែប​​​​​សម្រាប់​សិស្ស​និស្សិត​កំពុង​រក​ការងារ​ធ្វើ​ ​

  • 2014-10-21 18:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ សិស្ស​ និស្សិត​​ ដែល​កំពុង​​ស្វែង​រក​ការងារ ឬ​អ្នក​ចង់​ផ្លាស់​ប្ដូរ​ការងារ​​ទាំង​​ឡាយ អាច​ទៅ​កាន់​​សាល​​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​​​​ឆ្នាំ​២០១៤​​នេះ​ដែល​មាន​ការងារ​​ជាង​ ៤០​០០​​​ កន្លែង​កំពុង​រង់​ចាំ​​នៅ​អគារ​​ពិព័រណ៍​ D E ​និង F ​​​​នៃ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​ដែល​ចាប់​បើក​​ឲ្យ​ចូល​ស្វែង​រក​ដោយ​ស៊េរី​​នៅ​ថ្ងៃ​ទី​២១តុលា​នេះ​​ដល់​ទី​២២​តុលាស្អែក​។

 

 

ក្រុម​ហ៊ុន​ ស្ថាប័ន​​ ​​​ចំនួន​៦៥​ កំពុង​​បើក​​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​រក​ការងារ​​​​នៅ​ក្នុង​សាល​ដែល​​សិស្ស​និស្សិត​រាប់​រយ​នាក់​កំពុង​សម្រុក​ទៅ​​​។ ​ក្រៅ​ពី​ក្រុម​ហ៊ុន​អាជីវកម្ម​នានា នៅ​មាន​​ក្រុមហ៊ុន​​​​ឯកទេស​​​ជ្រើសរើស​បុគ្គលិក​​​ធំ​​ៗ​​​ក្នុង​ប្រទេស​​ក៏​កំពុង​ផ្ដល់​ឱកាស​​ការងារ​សម្បូរ​បែប​​នៅ​ទី​នោះ​​​ដែរ​ដូច​​ជា​ក្រុម HrInc ក្រុម​ហ៊ុន EBM Col, Ltd និង​ក្រុមហ៊ុន​ Camhr ជា​ដើម។

 

 

 

លោក លី វណ្ណរិទ្ធ​ ប្រធាន​ផ្នែក​​​​ប្រតិបត្តិការ​ប្រចាំ​ក្រុមហ៊ុន​​សេវា​​ជ្រើស​រើស​បុគ្គលិក​ Camhr ​​ថា​​រយៈ​ពេល​២​ថ្ងៃ​នេះ​ក្រុមហ៊ុន​លោក​​​នឹង​បើក​ឲ្យ​ សិស្ស​ និស្សិត​​ទាំង​ឡាយ​​បំពេញ​បែបបទ​​ស្វែង​រក​ការងារ​​​ យ៉ាង​សម្បូរ​ដែល​ពួក​​គេ​ពេញ​ចិត្ត​។

 

 

រី​ឯ​តំណាង​ក្រុមហ៊ុន​​​​ជ្រើសរើស​បុគ្គលិក​ EBM Col., Ltd វិញ​​ក៏​​​បញ្ជាក់​ពី​ការ​បើក​​ចំហ​ជា​​ទូទៅ​ដល់​​យុវជន និង​អ្នក​ចង់​រក​ការងារ​​ធ្វើ​​​ថា​អាច​ទៅ​ចុះ​​ឈ្មោះ​ស្វែង​រក​​នៅ​​បញ្ជរ​របស់​ក្រុមហ៊ុន​នេះ​បាន។ ​​សិស្ស​ និស្សិត​ គ្រាន់​តែ​​ទៅ​​ចុះ​ឈ្មោះ​​ កម្រិត​ចំណេះដឹង​​​ ទុក​លេខ​ទូរសព្ទ ​ឬ ​​អ៊ីម៉ែល​ ​​និង​ជ្រើសរើស​ជំនាញ​ការងារ​ណា​​ដែល​ខ្លួន​ពេញ​ចិត្ត​​​។ ក្រុមហ៊ុន EBM នឹង​ទាក់ទង​​ទៅ​​សម្ភាស​និង​វាយ​តម្លៃ​​​​ ​នៅ​ពេល​ក្រុមហ៊ុន​ណា​​មួយ​​ដែល​ ជា​អតិថិជន​ខ្លួន​ត្រូវ​ការ។

 

 

ឯក​ឧត្ដម​ ហុង ជឿន ​ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​​ និង​ ការងារ ពន្យល់​ថា​ ពិព័រណ៍​​ការងារ​ថ្នាក់​ជាតិ​​នេះ​រៀប​ចំ​ឡើង​​ដើម្បី​​បើក​ឱកាស​ឲ្យ​​សិស្ស​ និស្សិត​ កំពុង​រក​ការងារ​ធ្វើ​ អាច​ជួប​ជាមួយ​​និយោជក ដែល​ត្រូវ​ការ​បុគ្គលិក។ យុវជន ទាំង​​ឡាយ​ក៏​​នឹង​ទទួល​បាន​បទពិសោធន៍ និង​ចំណេះដឹង​ល្អៗ​​ពី ​អ្នក​បណ្ដុះ​បណ្ដាល​ការងារ និង​វាគ្មិន​ដែល​​បក​ស្រាយ​ក្នុង​ពិព័រណ៍​​​​ប្រចាំ​ឆ្នាំ​​មួយ​នេះ៕

http://youtu.be/aFfQXz6Nnd4

អត្ថបទ៖ ប៉ែន សុផាន់ណា​​

អត្ថបទថ្មី