ប្រជាជន​វៀតណាម​​​អស់​ប្រាក់​​រយ​ពាន់​លាន​ដុង​​ពី​​ការ​ឆបោក​​​ថ្មី​លើ​អនឡាញ

  • 2014-10-21 21:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ឆបោក​នៅ​លើ​អនឡាញ​បាន​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​រាប់​ពាន់​​នាក់​​ក្លាយ​ជា​ជន​រងគ្រោះ​ បើ​គិត​ជា​ទឹកប្រាក់​គឺ​ស្មើ​នឹង​ ៤៨៧ ​ពាន់​លាន​ដុង ​(២៣ ​លាន​ដុល្លារ)។ ​​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​សន្តិសុខ​សាធារណៈ។

 

ក្រុមហ៊ុន​ Khai Thai ​​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ​ កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​​ឆបោក​នៅ​លើ​អនឡាញ​តាម​រយៈ​រចនាសម្ព័ន្ធ​​ពីរ៉ាមីត​​​ខុស​ច្បាប់។ ​​ប៉ូលិស​បាន​ធ្វើ​ការ​ចាប់​ខ្លួន​នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​សញ្ជាតិ​តៃវ៉ាន់​លោក​ Hsu Ming Jung ​​និង​នាយក​គ្រប់គ្រង​សាខា​​​ជា​ជនជាតិ​វៀតណាម​ចំនួន ៥ ​នាក់​ទៀត។

ការ​ចាប់​ខ្លួន​នោះ​ប៉ូលិស​បាន​រឹបអូស​ទឹកប្រាក់​ ២០ ​ពាន់​លាន​ដុង (៩៤២០០ ​ដុល្លារ) ​​ពី​ការិយាល័យ​របស់​ក្រុមហ៊ុន​ដដែល​ ​និង​ ៧០ ​ពាន់​លាន​ដុង​ពី​ផ្ទះ​របស់​លោក​ Jung ​អម​ជាមួយ​កុំព្យូទ័រ ​និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន។

បើ​តាម​សម្ដី​ឧត្ដមសេនីយ៍ទោ​ Tran Trong Luong ​​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​នេះ​ជា​គម្រោង​បោកប្រាស់​​​ថ្មី​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​ទេ។

ក្រុមហ៊ុន​បាន​ប្រើ​វិធី​ឆបោក​ដោយ​តាំង​ខ្លួន​ជា​ក្រុមហ៊ុន​វិនិយោគ​​រូបិយវត្ថុ​​បរទេស​ និង​មាស​ដ៏​មាន​សក្ដានុពលមួយ។​ ​ដើម្បី​អាច​បញ្ចុះបញ្ចូល​អតិថិជន​ឲ្យ​​មក​ចូល​ប្រើ​សេវាកម្ម​របស់​ពួកគេ​ ក្រុម​នេះ​បាន​ជួយ​បុគ្គលិក​រាប់​រយ​នាក់ ​ដោយ​ផ្ដល់​ប្រាក់​ខែ​ខ្ពស់ ​និង​​ជួល​ការិយាល័យ​ធំ​ក្នុង​អគារ​ទំនើប។ ​​​បុគ្គលិក​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់បំប៉ន​ឲ្យ​បញ្ចុះបញ្ចូល​អតិថិជន​ដាក់​ប្រាក់​​ដើម្បី​ប្ដូរ​ទៅ​វិញ​នូវ​អត្រា​ការ​ប្រាក់​ដ៏​ខ្ពស់។ ​ប្រសិន​បើ​បុគ្គលិក​ណា​ចាប់​បាន​អតិថិជន​ធំ​នោះ​គេ​អាច​បាន​ប្រាក់​រង្វាន់​ដល់​ទៅ​រាប់​រយ​លាន​ដុង។

​​ដំណើរការ​ទាំង​អស់​ត្រូវ​បាន​អនុវត្ត​តាម​​រចនាសម្ព័ន្ធ​រាង​ពីរ៉ាមីត​ដែល​ខុស​នឹង​ច្បាប់។ ​ក្រុមហ៊ុន​ Khai Thai ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១១ ​​និង​បាន​កែសម្រួល​អាជ្ញាប័ណ្ណ​​មុខ​ជំនួញ​របស់​ខ្លួន​ ៦ ​ដង​ហើយ។

​​​

ពេល​នេះ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ត​លើ​ករណី​បោកប្រាស់​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ៕

 

អាន៖ សេវា​បញ្ចូល​បទ​ភ្លេង​​មួយ​បទ​នៅ​សល់​​ប៉ុន្មាន​ហើយ​ឥឡូវ​នេះ?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​thanhniennews

អត្ថបទថ្មី