iPhone 6 Plus ឆេះចេញផ្កាភ្លើង លើគ្រែបុរសម្នាក់ ខណៈពេលកំពុងគេង
- 2015-12-31 15:48:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6 Plus ឆេះចេញផ្កាភ្លើង លើគ្រែបុរសម្នាក់ ខណៈពេលកំពុងគេង
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះមានយុវវ័យមួយចំនួនចូលចិត្តដាក់ទូរសព្ទក្បែរខ្លួននៅពេលពួកគេរៀបគេង ដោយពួកគេមិនបានដឹងទេថា ការធ្វើបែបនេះអាចបង្កជាគ្រោះថ្នាក់ដែលនឹកស្មានមិនដល់បាន។
ជាក់ស្ដែងបុរសមួយរូបឈ្មោះ David Grimsley មកពីទីក្រុង Atlanta រដ្ឋ Georgia បានជួបប្រទះហេតុការណ៍ចៃដន្យមួយ នោះគឺទូរសព្ទ iPhone 6 Plus របស់គាត់ស្រាប់តែឆេះចេញផ្កាភ្លើងខណៈពេលកំពុងគេង។
មុនពេលដែលទូរសព្ទឆេះ David បានសាកទូរសព្ទទៅនឹងរន្ធដោតមួយ ដោយយកទូរសព្ទមកដាក់ក្បែរខ្លួន។ នេះបើតាមការឲ្យដឹងពីទូរទស្សន៍ Fox 5 News។ ជាសំណាងល្អបុរស ដែលជាជាងកាត់សក់រូបនេះបានដឹងខ្លួនទាន់ពេល ហើយបានរុញទូរសព្ទចេញឆ្ងាយពីខ្លួនរួចទម្លាក់ទៅលើឥដ្ឋ ហើយភ្លើងក៏បានរលត់ទៅ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងមិនយូរប៉ុន្មាន ក្រុមហ៊ុន Apple ក៏ផ្ដល់សំណងជាទូរសព្ទ iPhone 6 Plus ថ្មីមួយគ្រឿងភ្លាមៗ ប៉ុន្តែការធ្វើដូចនេះមិនបានធ្វើឲ្យបុរសរូបនោះស្ងប់ចិត្តឡើយ។ គាត់នៅតែព្រួយបារម្ភថា ហេតុការណ៍នេះអាចនឹងកើតឡើងម្ដងទៀត នៅពេលគាត់សាកទូរសព្ទដោតចោលនៅកន្លែងណាមួយ។
នេះមិនមែនជាលើកទីមួយទេដែលហេតុការណ៍នេះបានកើតឡើង។ កន្លងមកវាបានកើតឡើងទៅលើទូរសព្ទជាច្រើនប្រភេទដែលផលិតចេញពីក្រុមហ៊ុនផ្សេងៗគ្នា។ យ៉ាងណាក្ដីនេះជាលើកទីពីរហើយចំពោះករណីបានកើតឡើងលើអ្នកប្រើប្រាស់ iPhone 6 Plus នាខែនេះ ដោយកាលពីដើមខែទូរសព្ទដែលទុកក្នុងហោប៉ៅខោបុរសម្នាក់ក៏បានឆេះឡើងដែរ។
មូលហេតុចម្បងពីរដែលបណ្ដាលឲ្យកើតមានហេតុការណ៍នេះឡើងនោះគឺ ថ្មទូរសព្ទដែលមានបញ្ហា ឬមកពីឆ្នាំងសាកក្លែងក្លាយគុណភាពអន់។ នេះបើតាមការលើកឡើងរបស់វិបសាយ PhoneArena៕
ចុចអាន៖ អ្នកប្រើប្រាស់ iPhone 4s ប្ដឹងទារសំណងពី Apple ៥លានដុល្លារព្រោះ iOS 9
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena