អ្នក​ធ្លាប់​អត់ ពេល​ពួកម៉ាក​ឡើងកូដ​មាន​បាន មិន​សូវ​​រាប់អាន​ដូចមុន?​

  • 2015-12-31 17:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​សង្កេត​ឃើញ​ថា មនុស្ស​ដែល​ធ្លាប់​រាប់អាន​គ្នា​​ជិតស្និទ្ធ [មិនមែន​ទាំងអស់] បែរ​ជា​ប្រែ​ប្រួល​​លែង​ដូច​ពីមុន។ តើ​មក​ពី​មូលហេតុ​អ្វី? តើ​អ្នក​ធ្លាប់ជួប​បញ្ហា​នេះ​ដែរ​ឬ​​ទេ?

 

 

“បើ​ទោះបី​ជា​អ្នក​ហ្នឹង​មាន ក្លាយ​ជា​ឯកឧត្ដម ឬ​មហាសេដ្ឋី​យ៉ាងណា​ក៏ដោយ ក៏​នៅ​តែ​រាប់អាន​ដែរ តែ​ប្រសិន​បើ​គេ​ប្រកាន់​ចរិត​ដូច​ដើម ដូច​កាល​មិន​ទាន់​មាន មិន​ប្រកាន់​ខ្ញុំ​នៅ​តែ​រាប់​អាន"។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក លាង លីណា។

 

អតីត​និស្សិត​សាកលវិទ្យាល័យ​ ភូមិនភ្នំពេញ​រូប​នេះបន្ត​ថា ប៉ុន្តែ​បើ​សិន​​​ជា​គេ​មានលុយកាក់ ហើយ​​សូវ​មាត់​ដូច​មុន លោក​ក៏​នឹង​មិន​ហ៊ាន​រាប់​អាន​ដែរ។ លោក​ថា ៖ "បើ​គេ​ព្រងើយកន្តើយ​មិន​និយាយ​ដូច​មុន ខ្ញុំ​ក៏​ស្ងាត់​ដែរ...”។

 

ចំណែក​លោក ជឿន ជឺន បាន​ប្រាប់​ថា ពី​មុន​លោក​មាន​ពួកម៉ាក​ជិតស្និទ្ធ​បំផុត​បី​នាក់ ប៉ុន្តែ​​ក្រោយ​មក​ពេល ​ពួកគេ​ឡើង​កូដ​​មក ទំនាក់​ទំនង​របស់​លោក​ បាន​ប្រែប្រួល​ស្ទើរ​តែ ១០០%។ ចំពោះ​មូលហេតុ​លោក​ថា ដោយសារ​តែម្នាក់ៗ​រវល់​នឹង​ការងារ មាន​ប្រពន្ធ​កូន និង​គ្មាន​ពេល ៖ "​គេ​ក៏​រវល់​យើង​ក៏​រវល់តាម​បែប​យើង អត់​មាន​ពេល​ជួប​គ្នា អាការ​រាប់​អាន​នៅ​តែមាន តែ​គ្រាន់​ថា​លែង​ស្និទ្ធស្នាល​ខ្លាំង​ដូចពី​​មុន ហើយ​យើង​នៅ​តែ​ស្រលាញ់​គ្នា"។

 

ហេតុផល​ដោយ​ឡែក​ផ្សេង​ទៀត​ បើ​ទោះបី​​មិន​មែន​ជា​រឿង​របស់​ខ្លួន​ក៏ដោយ យុវជន វី ដារ៉ា បាន​ប្រាប់ Sabay ៖ "ខ្ញុំ​មាន​មិត្តភ័ក្ដិ​ម្នាក់ គាត់​ថា គាត់​លែង​ហ៊ាន​រាប់​អាន​ពួកម៉ាក ព្រោះ​តែ​រអៀសខ្លួន។ គាត់​ថាពេល​គេ​ហៅ​ទៅ​ញ៉ាំអី​ម្ដងៗ​គេ​ប៉ាវ​រហូត គាត់​សុំ​ចេញ​ដែរ​តែ​គេ​មិន​ឱ្យ​ចេញ យូរៗ​គាត់​ចេះ​តែ​មាន​លេះ​នេះ​លេះ​នោះ ហើយ​ទំនាក់ទំនង​ក៏​ឃ្លាតឆ្ងាយទៅ​តាម​ហ្នឹង​ដែរ​ទៅ"។

 

យុវជនម្នាក់​ក៏​បាន​ទម្លាយ​ឱ្យ​ដឹង​ដែរ តែ​ក្នុង​ន័យ​មិន​បញ្ចេញ​ឈ្មោះ​ថា ទំនាក់ទំនង​រូប​គេ​នឹង​មិត្តភ័ក្ដិម្នាក់​ កាន់​តែ​ឆ្ងាយ​ទៅៗ ដោយ​សារ​តែ​សម្ដី​តូច​សម្ដី​ធំ។ "រាប់អាន​នៅ​តែ​រាប់​អាន តែ​​ធម្មតា​​គេ​​ធូរធារ គេ​តែ​ងមាន​​សម្ដី​ធំ ហើយ​ធ្វើអី​​អាង​ទឹកលុយ។ ខ្ញុំ​អត់​សូវ​ចូលចិត្ត ...គាត់​អត់​ដូច​មុន ហើយ​និយាយ​នេះ​មិន​មែន​ខ្ញុំ​ច្រណែន​គេ​ទេ ខ្ញុំ​​ចង់​ឱ្យ​តែ​ពួកម៉ាក​មាន​បាន​ហ្នឹង...គ្រាន់​តែ​ខ្ញុំ​អត់​ចូលចិត្ត​សម្ដី​ធំ សម្ដី​ឈ្លើយប៉ុណ្ណឹង​"។

 

រីឯ ណាវី ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ប្រធាន​បទ​មួយ​នេះ​ដែរ។ និស្សិត​​​ច្បាប់​នៅ RULE បាន​ប្រាប់​ថា ក្នុង​រង្វង់​មិត្តមិត្តិ​របស់​កញ្ញា ​​​មិន​មាន​បញ្ហា​នេះឡើយ ប៉ុន្តែ​កញ្ញា​​ពោល​ថា ករណី​មិន​សូវ​រាប់អាន​ដូចពី​មុន​នេះ ​អាច​មាន​ច្រើន​ចណុច​ដូច​ខាងក្រោម៖

 

-ច្រណែន៖ ឃើញ​គេ​មានបានជាង​ខ្លួន​ច្រណែន ​

-ខ្លាច​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក៖ ដូច​ការ​លើកឡើង​ខាងលើ​ដែរ គេ​ហៅ​មិន​ហ៊ាន​ទៅ ហើយ​​ថ្ងៃ​ក្រោយ ​​អ្នក​ហៅលែង​ហ៊ានបបួល

-​ក្រអឺតក្រទម មិន​ស្គាល់​មិត្តភ័ក្តិ៖ ​លុយ​ធ្វើ​ឱ្យ​មនុស្ស​ផ្លាស់ប្ដូរ ពី​ចរិត​ស្លូត​មក​កាច ​ឈ្លើយជាដើម

-អ្នកឡើងកូដ​រវល់​ការងារ៖ ធម្មតា​ពេល​មាន​លុយកាក់ គេ​អាច​រវល់​រឿង​រកស៊ី ឬ​ការងារ​ជា​ដើម ដូច្នេះ​ទើប​ធ្វើ​ឱ្យ​ម្ខាងទៀត​យល់​ថា គេ​មាន​លែង​ចង់​រាប់​អានខ្លួន​៕

 

 

ច្បាប់​ចរាចរណ៍​ថ្មី​ផ្សាយ​ច្រើន​ដង​ តែ​យុវវ័យ​ខ្លះ​​នៅ​តែ​មិន​ទាន់​ដឹង​រឿង

ហេតុ​​អ្វី​​​បុរស​នារី​ឥលូវ​ អាយុ​ច្រើន​ ​យូររៀបការ​​ម្ល៉េះ​?

 

តើ​អ្នក​យល់​ថា​មក​ពី​មូលហេតុ​អ្វី?

 

អត្ថបទ៖ អ៊ុំ សុភក្តិ