ជំនឿ​ឆ្មា​ខ្មៅ​កន្លង​សព ស្ដាប់​ហើយ​ព្រឺក្បាល​ខ្ញាក!

  • 2014-10-22 14:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​អប្បិយជំនឿ​ សាសនា​តាវ​ប្រទេស​ចិន ពេល​​មនុស្ស​ស្លាប់ ហើយ​ត្រូវ​ឆ្មា​ខ្មៅ​កន្លង ​សាកសព​នឹង​ដឹង​ខ្លួន​ឬ​ក្រោក​ពី​មឈូស។ ចំណែក​នៅ​កម្ពុជា​វិញ រឿង​នេះ​ក៏​ត្រូវ​បាន​គេ​និយាយ​ត​គ្នា​ដែរ។ តើ​ពិត​ជា​បែប​នេះ​មែន​ឬ​ក៏​យ៉ាងណា? ​

 

រូប​តំណាង

ថ្ងៃ​មួយ​ឪពុក​ខ្ញុំ បាន​ទទួល​​ទូរសព្ទ​ពី​មន្ទីរពេទ្យ​ថា ជីដូន​ខ្ញុំ​ស្លាប់​ដោយសារ​ខូច​សរីរាង្គ​ខាង​ក្នុង។ ខ្ញុំ​ពិបាក​ចិត្ត​ណាស់។ ភ្លាមៗ​នោះ ឪពុក​ម្ដាយ​​ និង​សាច់​ញាតិរបស់​​ខ្ញុំ បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​យក​សព​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

 

ពេល​​​ដឹកសពមក​ដល់​ផ្ទះ និង​រៀបចំ​ទុកដាក់​រួច​​ហើយ ម្ដាយ​មីង​ខ្ញុំ​បាន​លាប​ម្សៅ ចំណែក​សាច់​ញាតិ​ផ្សេង បាន​ពាក់​គ្រឿង​អលង្ការ​ឱ្យ​គាត់ (សព)។ ពិធី​បុណ្យ​តាម​ប្រពៃណី​ក៏​ចាប់​ផ្ដើម​ធ្វើ​នា​ពេល​ល្ងាច​នោះ។ ពួកគេ​បាន​ឱ្យ​ខ្ញុំ​លុតជង្គង់ កាន់​ធូប​មួយ​នៅ​ចន្លោះ​ម្រាមដៃ ហើយ​មនុស្ស​ជា​ច្រើន​បាន​គោរព​សព​ដោយ​ក្ដី​​សោកស្ដាយ។

 

យប់​ទី១​ឆ្លង​ផុត​ ​គ្មាន​អ្វី​កើតឡើង។ ខ្ញុំ​បាន​អុជ​ក្រដាស​ អុជធូប ខណៈ​ឪពុក​ខ្ញុំ​លេង​បៀ​ជាមួយ​សាច់​ញាតិ ដើម្បី​យាម​មឈូស​ ប៉ុន្តែ​ក្នុង​យប់​ទី២ រឿង​ចម្លែកមួយ​បាន​កើតឡើង ។ ពេល​ព្រះសង្ឃ​សម្ដែង​ធម៌ ផ្ដល់​នូវ​ផ្ទះ​ក្រដាស ឡាន​ក្រដាស​ជាដើម​នោះ ស្រាប់​តែ​មាន​​ឆ្មា​ខ្មៅ​​មួយ​ក្បាល​ លោត​កន្លង​មឈូស។ ​​

 

​តាម​អប្បិយជំនឿ បើ​សិន​ឆ្មា​ខ្មៅ​កន្លង​សព សព​នឹង​ដឹង​ខ្លួន​ និងក្រោក​ឡើង ហើយសព​​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ឡើយ។ រំពេច​នោះ​ខ្ញុំ​បាន​ដេញ​ឆ្មា​​ចេញ​។ ពេលយប់​ខ្ញុំ​​សម្រាក ខ្ញុំ​បាន​ឮ​សំឡេង​ស្រី​ ស្រដៀង​សំឡេង​លោកយាយ​​របស់​ខ្ញុំ។

​​

“ប្រាប់​គ្រួសារ​យើង​ផង​ថា យើង​ចូលចិត្ត​ផ្ទះ​​ដែល​ដុត​ឱ្យ​យើង​នេះ​ខ្លាំង​ណាស់”

 

ខ្ញុំ​ព្រឺ​ក្បាល​ប៉ុន​កញ្ជើ...ដេក​មិន​លក់​បក់​មិន​ល្ហើយ ធ្វើ​អី​​មិន​កើត​ពេញ​មួយ​យប់។ ខ្ញុំ​​អត់​ហ៊ាន​ទៅណា​ទាំងអស់។ ព្រឹក​ឡើង​ ​ខ្ញុំ​បាន​ប្រាប់​រឿងរ៉ាវ​ដល់​សាច់​ញាតិ​ ប៉ុន្តែ​​គ្មាន​អ្នកណា​ម្នាក់​ជឿ​​ខ្ញុំ​ទេ។

 

ថ្ងៃ​ចុង​ក្រោយ ម្ដាយ និង​មីងខ្ញុំ ​បាន​ជជែក​គ្នា​​ពី​ការ​ស្លាប់​របស់​លោកតា​ (ស្លាប់​​ពី​​មុន)​ នៅ​ខាងក្រៅ។ ភ្ញាក់​ព្រឺត ព្រោះ​​កៅអី​អង្គុយ​​មួយ បាន​ចាប់​ផ្ដើម​ដើរ​ទៅ​កាន់​​​ម្ដាយ ​និង​មីងរបស់​​ខ្ញុំ។ ​សំឡេង​ស្រែក​ភ្លាត់​មាត់ បាន​បន្លឺ​ឡើង​ផ្អើល អ្នក​នៅ​បុណ្យ​ទាំងអស់។ ​ពួកគាត់​ឈប់​និយាយ ហើយ​ក៏​រត់​សំដៅ​ទៅ​កុងម៉ា​អុជ​ធូប ព្រោះ​ពួកគាត់​ជឿ​ថា ​ព្រលឹងលោក​យាយ​ ចាប់​អារម្មណ៍​លើ​រឿង​លោក​តា។

 

ថ្ងៃ​ចុងក្រោយ​ជា​ថ្ងៃ ដែល​គ្រួសារ​ខ្ញុំ​កើត​ទុក្ខ​បំផុត។ ពួក​យើង​បាន​បួងសួង​ជូន​លោក​យាយ​ជា​លើក​ចុងក្រោយ​មុន​បូជា។ សំឡេង​ស្រែក​យំ បាន​បន្លឺ​លាន់​ទ្រហឹង។ ថ្ងៃ​បន្ទាប់​ពួក​យើង​បាន​រើស​ឆ្អឹងមក​ទុក។

រូប​តំណាង

 

អាការៈ​ព្រឺសម្បុរគីង្គក់ ​​បាន​កើត​ឡើងជា​ថ្មី​​ម្ដង​ទៀត សម្រាប់​គ្រួសារ​ខ្ញុំ ព្រោះ​យើង​​មាន​ជំនឿ​ថា នៅ​ថ្ងៃ​ទី​៧ ព្រលឹង​ខ្មោច​​នឹង​មក​លេង។ ពួក​យើង​បាន​បាច​ម្សៅ​លើ​ផ្ទះ ព្រោះ​គេ​ជឿ​ថា​​​ពេល​ខ្មោច​មកលេង ​​​នឹង​មាន​ដានជើងជាប់​លើ​ម្សៅ​​។

 

ពេល​យប់​​គ្រួសារ​សាច់​ញាតិ​ខ្ញុំ​អត់​ដេក​ទេ ព្រោះ​នៅ​ចាំ​មើល លើក​លែង​តែ​ប្អូន​ជីដូន​មួយ​អាយុ៥​ឆ្នាំ ដែល​កំពុង​លង់លក់។ ស្រាប់​តែ​ប្អូន​ខ្ញុំ​ស្រែក​យ៉ាង​ខ្លាំង។ វា​ប្រាប់​ពួក​យើង​ថា យាយ​មក​លេង។ ពេល​​មក​ដល់​កុងម៉ា ខ្ញុំ​ឃើញ​ថា​កញ្ចូញ​មាន់ ដែល​លោកយាយ​​ចូលចិត្ត​​បាត់ស្រមោល ហើយ​លើ​ឥដ្ឋ​ឃើញ​មាន​ស្នាម​ជើង​តូចៗ ខ្ញុំ​ស្គាល់​ថា​ជា​ដាន​ជើង​យាយ​ខ្ញុំ។

 

សាច់​រឿង​ឆ្មា​កន្លង​សព​​​នេះ ជា​ការ​ចែក​រំលែក​បទពិសោធន៍​ របស់​មិត្ត​អ្នកអាន​ជនជាតិ​ចិ​ន​ម្នាក់​។ ជនជាតិ​ចិន​ម្នាក់​នេះ បាន​សរសេរ​​ទៅ​​កាន់​គេហទំព័រ Oocities។ ក្រោយ​អាន​រឿង​នេះ តើ​ប្រិយមិត្ត​ជឿ​អត់? តើ​ធ្លាប់​ឮ​​ចាស់ៗ​និយាយ​រឿង​នេះ​ដែរ​ឬ​ទេ? ​​

 

 ​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​​មនុស្ស​​​នៅ​មាន​វិញ្ញាណ​ក្រោយ​​ស្លាប់

ជំនឿ​នៅ​ចិន បោះ​លុយ​ចូលអណ្តូង​ទឹក​ក្នុង​ប្រាសាទ​សេះ​ស​អាច​នាំ​សំណាង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Oocities

អត្ថបទពេញនិយម