កីឡាករ​១០​នាក់​​​មាន​ចិត្ត​សប្បុរស​បំផុត​​​ បរិច្ចាគប្រាក់​មិន​ចាញ់​មហាសេដ្ឋី

  • 2014-10-22 15:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ​ភាព ការ​ចូល​ចិត្ត​ ការ​គោរព​ស្រលាញ់ ការ​មិន​រើស​អើង​ភេទ​ឬ​ពណ៌សម្បុរ​ គឺ​ជា​និមិត្ត​សញ្ញា​នៃ​វិញ្ញាណ​ក្នុង​ពិភព​បាល់​ទាត់។ ដូច្នេះ​ហើយ​បាន​ជា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ស្រលាញ់​បាល់​ទាត់​ដូចជា​ជីវិត​របស់​គេ​អីចឹង។ ដោយ​មាន​ការ​ស្រលាញ់​ និង​គោរព​ទាំង​នេះ​ហើយ​ បាន​ជា​មាន​កីឡាករ​បាល់​ទាត់​មិន​តិច​នោះ​ទេ​ ដែល​មាន​ចិត្ត​សប្បុរស​ ហ៊ាន​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​របស់​គេ​ទៅ​ជួយ​ដល់​កុមារ​កំព្រា​ ​​ជន​ទុរគត​ ឬ​មូលនិធិ​ផ្សេងៗ​ជា​ដើម។ ​ថ្ងៃ​នេះ​​ Sabay ​សូម​ណែ​នាំ​កីឡាករ​១០​នាក់​ដែល​បាន​បរិច្ចាគ​​ប្រាក់​ជា​ច្រើន​របស់​ពួកគេ ​ជួយ​ដល់​​សង្គម​ ជា​ពិសេស​គឺ​ដើម្បី​កុមារ​ទូទាំង​​ពិភព​លោក៖

 

១. Didier Drogba

 

 

Drogba ​ជា​កីឡាករ​ដែល​បាន​ធ្វើ​អំពើ​មនុស្សធម៌​ច្រើន​​​​ជាង​គេ​បំផុត​នៅ​​​​ស្រុក​កំណើត (ប្រទេស​កូឌីវ័រ​) ពោល​គឺ​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កូឌីវ័រ​ដែល​អូស​បន្លាយ​ពេល​៥​ឆ្នាំ ​បាន​បញ្ចប់​ទៅ​នោះ មាន​តែ​កីឡាករ​ម្នាក់​នេះ​ហើយ​ដែល​ខ្នះខ្នែង​ជួយ​រក​មូលនិធិ​ជួយ​ប្រជាជន​ទាំង​នោះ។ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Chelsea ​រូប​នេះ​ក៏​នៅ​មាន​មូលនិធិ​មួយ​ដែរ​ មាន​ឈ្មោះ​ថា​ The Didier Drogba Foundation ។

 

២. Craig Bellamy

 

 

Craig Bellamy ​ជា​អតីត​កីឡាករ​របស់​ Liverpool ​ដែល​ហ៊ាន​ចំណាយ​ប្រាក់​ ២,២​លាន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើត​មូលនិធិ​ផ្ទាល់​ខ្លួន​មួយ​មាន​ឈ្មោះ​ថា Craig Bellamy Foundation ។ Craig Bellamy Foundation ​​​បង្កើត​ឡើង​ដើម្បី​អាច​ជួយ​នាំ​កុមារ​កំព្រា​ណា​ដែល​ចង់​លេង​បាល់​ទាត់​មក​ហ្វឹកហាត់​ដើម្បី​អាច​ក្លាយ​ជា​កីឡាករ​អាជីព​បាន។

 

៣. Jack Wilshere

 

 

Jack Wilshere ​មិន​ទាន់​មាន​មូលនិធិ​អី​ធំ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​កីឡាករ​រូប​នេះ​បាន​បង្កើត​ Page ​នៅ​តាម​គេហទំព័រ​ផ្សេង​ៗ​ដើម្បី​រៃអង្គាស​ប្រាក់​ទៅ​ជួយ​កុមារ​ម្នាក់​មាន​ឈ្មោះ​ថា Jack Marshall ​ដែល​មាន​ជំងឺ​ខាង​សរសៃ​ខួរ​ក្បាល​រាំរៃ។

 

៤. Mario Balotelli

 

 

Mario Balotelli គឺ​ជា​កីឡាករ​លេង​រាង​កាច​បន្តិច​នៅ​អឺរ៉ុប ​ហើយ​តែង​តែ​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ។ ជា​ការ​ពិត​ទៅ​ កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​មាន​ចិត្ត​ល្អ​ណាស់​ រូប​គេ​បាន​បរិច្ចាគ​ប្រាក់​ពាក់​កណ្ដាល​នៃ​ប្រាក់​ឈ្នួល​របស់​គេ​ទៅ​ធ្វើ​រឿង​សប្បុរសធម៌​ជា​ច្រើន។

 

៥. Dirk Kyut

 

 

Dirk Kyut ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ដែល​មាន​អត្តចរិត​ល្អ​ទាំង​ក្នុង​ទីលាន​ប្រកួត​ និង​ក្រៅ​ទីលាន​ប្រកួត។ ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​មាន​មូលនិធិ​មួយ​ឈ្មោះ​ថា​ Dirk Kyut Foundation ​ដែល​អង្គការ​មួយ​នេះ​ធ្វើ​ឡើង​ដើម្បី​ជួយ​កុមារ​ក្រីក្រ​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍។

 

៦. Ryan Giggs

 

 

អតីត​កីឡាករ​របស់​បិសាច​ក្រហម​រូប​នេះ​ប្រហែល​ជា​មិន​សូវ​ជា​ល្បី​ដូច​កីឡាករ​ផ្សេង​ៗ​ដែល​មាន​មូលនិធិ​ផ្ទាល់​ខ្លួន​នោះ​ទេ ប៉ុន្តែ​បុរស​វ័យ​៤០​ឆ្នាំ​រូប​នេះ​បាន​ជួយ​ការងារ​ជា​ច្រើន​នៅ​អង្គការ​ UNICEF។ លោក​ក៏​ធ្លាប់​ទៅ​​ប្រទេស​សេរ៉ាឡេអូន​ ​ផង​ដែរ​ជាមួយ​អង្គការ​ UNICEF ។

 

៧. Michael Essien

 

 

កីឡាករ​ជំនិត​របស់​លោក Jose Mourinho, Michael Essien ​ជា​អ្នក​ចូល​រួម​កម្មវិធី​សប្បុរសធម៌​ច្រើន​ជាង​គេ​នៅ​តំបន់​អាហ្វ្រិក​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់។ ខ្សែ​បម្រើ​វ័យ​៣១​ឆ្នាំ​រូប​នេះ​តែង​តែ​រៀប​ចំ​ការ​ប្រកួត​សប្បុរសធម៌​មួយ​ជា​រៀង​រាល់​ឆ្នាំ​ប្រចាំ​តំបន់​អាហ្វ្រិក​ក្នុង​ន័យ​សប្បុរសធម៌​ផង​ និង​ផ្សព្វផ្សាយ​ពី​ការ​លេង​កីឡា​​នាំ​មក​នូវ​សន្តិភាព​ផង។

 

៨. Mesut Ozil

 

 

Ozil ​ជាប់​ឈ្មោះ​ជា​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ដំបូង​គេ​ដែល​បាន​បរិច្ចាគ​ប្រាក់​ជួយ​កុមារ​កំព្រា​ច្រើន​ជាង​គេ។ ជាក់​ស្ដែង​អំឡុង​ព្រឹត្តិការណ៍​ World Cup 2014 ​នេះ​ ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បាន​បរិច្ចាគ​ប្រាក់​ដែល​គេ​ទទួល​បាន​ចំនួន ៣៨២ ៧៦៤ ដុល្លារ​អាមេរិក​ជួយ​ដល់​កុមារ​ក្រីក្រ​ចំនួន​២៣​នាក់​នៅ​ប្រទេស​ប្រេស៊ីល។

 

៩. Lionel Messi

 

 

Messi បាន​ក្លាយ​ជា​តារា​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​អាហ្សង់ទីន​ដែល​បាន​ធ្វើ​រឿង​មនុស្សធម៌​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​នេះ។ បុរស​សង្ហា​រូប​នេះ​មាន​អង្គការ​មួយ​មាន​ឈ្មោះ​ថា Leo Messi Foundation ​ហើយ​រូប​គេ​ក៏​មាន​ឈ្មោះ​ជា​សមាជិក​របស់​ UNICEF ​ផង​ដែរ។ ក្នុង​នាម​ជា​ប្រធាន​​មូលនិធិ​​ Leo Messi Foundation ​រូប​គេ​បាន​សាង​សង់​អគារ​ពេទ្យ​មួយ​នៅ​ប្រទេស​អាហ្សង់ទីន​ដើម្បី​ជួយ​ដល់​កុមារ​កំព្រា។

 

១០. Cristiano Ronaldo

 

 

CR7 ​ត្រូវ​បាន​គេ​ដឹង​ឮ​ថា​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​អំពើ​មនុស្សធម៌​ច្រើន​ដែរ​ ប៉ុន្តែ​រូប​គេ​មិន​ចូល​ចិត្ត​បង្ហាញ​ឱ្យ​អ្នក​ណា​ដឹង​នោះ​ទេ។ ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​ជិត​២​លាន​ដុល្លារ​អាមេរិក​ទៅ​ដល់​តំបន់​កាហ្សា​ដើម្បី​សាងសង់​សាលារៀន​ឡើង​វិញ​ ដោយ​ប្រាក់​ទាំង​នោះ​បាន​មក​ពី​ការ​លក់​ពាន​ Golden Boot ​ដែល​រូប​គេ​បាន​ឈ្នះ​តាំង​ពី​ឆ្នាំ​២០១២។ ប៉ុន្មាន​ខែ​មុន​នេះ​ CR7 ​ក៏​បាន​ជួយ​ដល់​កុមារ​ម្នាក់​ដែរ​ឈ្មោះ​ថា​ Madeira ​ដែល​មាន​ជំងឺ​មហារីក។ កីឡាករ​ព័រទុយហ្គាល់​រូប​នេះ ក៏​ជា​អគ្គរដ្ឋទូត​របស់​អង្គការ Save The Children ផង​ដែរ៕

 

ក្រៅ​ពី​កីឡាករ​ទាំង​១០​ខាង​លើ ក៏​នៅ​មាន​កីឡាករ​បាល់ទាត់​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ដែល​បាន​បរិច្ចាគ​ប្រាក់​របស់​ខ្លួន​ជួយ​ដល់​សង្គម៕

 

ចុច​អាន៖ Pep, Wenger, Van Gaal, Mourinho…កាល​ពី​ក្មេង​លេង​បាល់​មិន​ណយ

 

ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖ mensxp

អត្ថបទថ្មី