អភិបាល​ខេត្ត​បាត់ដំបង​យល់​ព្រម​សំណើ Angelina Jolie ហើយ

  • 2016-01-13 19:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាល​ខេត្ត​បាត់​ដំបង​លោក ច័ន្ទ សុផល បាន​ព្រម​ឱ្យ​ថត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" តប​តាម​សំណើ​ររបស់ Angelina Jolie រួចរាល់​ហើយ​កាល​ពី​ពេល​ថ្មី​នេះ។

 

 

“ព្រោះ​នេះ​ជា​កិត្តិយស​ខេត្ត​របស់​ខ្ញុំ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ការ​រក្សា​បាន​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្លាប់​សាធារណៈ" ។ លោក​ថ្លែង​មក​កាន់ Sabay មុន​នេះ​បន្តិច។ លោក​បន្ត​ថា ក្រុម​ការងារ​ត្រូវ​ចាប់​ផ្ដើម​ថត​នៅ​ចុង​ឆ្នាំ ២០១៦ ក្នុង​ក្រុង​បាត់ដំបង, តំបន់​ស្ពាន និង​សំណង់​អគារ​ចាស់ៗ ក៏​ដូច​ជា​ដង​ផ្លូវ​មួយ​ចំនួន ដែល​មាន​ស្ថានភាព​ប្រហាក់ប្រហែល​ជំនាន់​មុន។

 

អភិបាល​ខេត្ត​ខាង​លើ​បន្ថែម​ទៀត​ថា Angelina Jolie ក៏​ត្រូវ​ការ​ពលរដ្ឋ​ក្នុង​ខេត្ត​បាត់​ដំបង​ជា​ច្រើន​នាក់ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​រឿង​ដែរ ដោយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន។ ហើយ​ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ខេត្ត​លោក​​​អះអាង​ថា បាន​យក​ចិត្ត​ទុកដាក់​ពង្រឹង​ការ​សហការ​ល្អ​ជាមួយ​តារា​ហូលីវូដ​រូប​នេះ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​នាង​មាន​ការ​ក្រែង​ចិត្ត និង​ធានា​រក្សា​សុវត្ថិភាព​គ្រប់​បែប​យ៉ាង​ពេល​ដំណើរ​ការ​ថត។

 

ជាមួយ​គ្នា​នោះ លោក​អភិបាល​ខេត្ត​សង្ឃឹម​ថា ខេត្ត​របស់​លោក​នឹង​មាន​ភ្ញៀវ​ទេសចរទៅ​ទស្សនា​កាន់​តែ​ច្រើន​បន្ទាប់​ពី​ការ​ថត​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​នេះ។ ម្យ៉ាង​ទៀត ក្រៅ​ពី​សក្ដានុពល​កសិកម្ម បាត់​ដំបង ក៏​សម្បូរ​រមណីយដ្ឋាន​ធម្មជាតិ, ធម្មជាតិ​ប្រវត្តិសាស្ត្រ និង​សំណង់​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ផង​ដែរ។ លោក​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​ខេត្ត និង​ចូលរួម​លើក​ស្ទួយ​សោភ័ណភាព៕

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ Facebook