ការប្រើប្រាស់ម៉ាស៊ីន ATM ក្រៅពីងាយស្រួលក៏នាំហានិភ័យខ្ពស់
- 2016-01-14 02:49:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រើប្រាស់ម៉ាស៊ីន ATM ក្រៅពីងាយស្រួលក៏នាំហានិភ័យខ្ពស់
ចន្លោះមិនឃើញ
ការប្រើប្រាស់ម៉ាស៊ីន ATM មានការកើនឡើង តែក៏កំពុងបង្កើតក្តីព្រួយបារម្ភដល់អតិថិជនដោយសារមានការកើតមានឡើងបទឧក្រិដ្ឋការលួចលុយតាមប្រព័ន្ធ ATM ដែលទាមទារបណ្តាស្ថាប័នហិរញ្ញវត្ថុនានាត្រូវយកចិត្តទុកដាក់និងរកវិធានការបង្កាសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។
ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន First Cambodia លោក Rob Grantham បានថ្លែងថា ប្រព័ន្ធសុវត្ថិភាពគឺមានសារះសំខាន់ណាស់សម្រាប់ស្ថាប័នហិរញ្ញវត្ថុដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន ATM បម្រើដល់អតិថិជនដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ដែលអាចកើតមានឡើង។
លោកបញ្ជាក់ថា បញ្ហាប្រឈមមានដូចជាការលួចដោយផ្ទាល់ និងការលួចតាមប្រព័ន្ធ Online ពីបណ្តាញក្រុមឧក្រិដ្ឋជន។ ករណីទាំងនេះធ្លាប់បានកើតមានឡើងដែលបានបង្កើតក្តីកង្វល់ជាច្រើន ហេតុនេះម្ចាស់ស្ថាប័នហិរញ្ញវត្ថុនានាត្រូវតែស្វែងរកដំណោះស្រាយក៏ដូចជាពង្រឹងប្រព័ន្ធសុវត្ថិភាពឲ្យកាន់តែរឹងមាំ ដើម្បីចៀសវាងហានិភ័យក៏ដូចជាផ្តល់ទំនុកចិត្តដល់អតិថិជនក្នុងការប្រើប្រាស់ប្រព័ន្ធសេវាធនាគាររបស់ខ្លួន។
ចំនួនការប្រើប្រាស់ម៉ាស៊ីន ATM នៅប្រទេសកម្ពុជាកំពុងមានការកើនឡើង ដោយគ្រឹះស្ថានហិរញ្ញវត្ថុនានាបានខិតខំពង្រីកបន្ថែមប្រព័ន្ធដកប្រាក់ទំនើបនេះនៅគ្រប់ទីកន្លែង ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន។ យ៉ាងណាធ្លាប់មានករណីកើតមានឡើងជាហូហែរដោយមានជនទុច្ចរិតបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីលួចដកប្រាក់ពីអតិថិជនតាមរយៈប្រព័ន្ធ ATM។
លោក Grantham បានបន្ថែមថា វិធានការដោះស្រាយចំពោះមុខគឺត្រូវពង្រឹងដោយផ្ទាល់ទាំងប្រព័ន្ធសុវត្ថិភាព online និងសុវត្ថិភាពទូទៅដែលស្ថាប័នហិរញ្ញវត្ថុទាំងអស់គួរយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដើម្បីរក្សាបានទំនុកចិត្តពីអតិថិជន។
នៅព្រឹកមិញនេះ ក្រុមហ៊ុន First Cambodia បានសហការជាមួយក្រុមហ៊ុន Wincor Nixdorf បង្ហាញពីប្រព័ន្ធការពារសុវត្ថិភាព ATM របស់ក្រុមហ៊ុន Wincor Nixdorf មានឈ្មោះថា Terminal Security ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុនានា។ ក្នុងកម្មវិធីវាគ្មិនបានធ្វើការបង្ហាញពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា Terminal Security ដូចជា Hard disk encryption, Access Protection និង Intrusion Protection ព្រមទាំង Solutions ផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយម៉ាស៊ីន ATM។ ក្នុងនោះក៏មានការធ្វើ Case Study ដើម្បីអ្នកចូលរួមអាចស្វែងយល់ដោយផ្ទាល់ផងដែរ។
អត្ថបទ៖ ប៊ុណ្ណារ៉ា