ធាតុផ្សំ​សំខាន់ៗ​ដើម្បី​បង្កើត​អង់តែន​ទូរសព្ទ

  • 2016-01-19 16:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដំឡើង​​បង្គោល​អង់តែន​ទូរសព្ទ​មួយ​ត្រូវការ​បច្ចេកទេស​ខ្ពស់។ បច្ចេកវិទ្យា​មាន​ទាំង​ការ​ស្វែង​​រក​​វិស្វករ​ជំនាញ​ៗ​ដើម្បី​ធ្វើ​​លើ​ការ​ងារ​ដំឡើង​​​និង​ការ​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​​​ដើម្បី​អាច​ដំណើរការ។

 

 

តើ​មាន​គ្រឿង​បរិក្ខារ​ចាំបាច់​ណា​ខ្លះ ដើម្បី​យក​ទៅ​ដំឡើង​អង់តែន​ទូរសព្ទ​មួយ​?

 

  • Lighting Rod ជា​ឧបករណ៍​ការពារ​រន្ទះ ដោយ​ឧបករណ៍​នេះ​ត្រូវ​បាន​ភ្ជាប់​ពី​កំពូល​អង់តែន​ភ្ជាប់​ខ្សែ​មក​ដី។
  • Microwave ជា​ឧបករណ៍​សម្រាប់​ភ្ជាប់​សេវា​ពី​អង់តែន​មួយ​ទៅ​អង់តែន​មួយ​ទៀត។
  • Antenna ជា​ឧបករណ៍​សម្រាប់​ផ្សាយ​សេវា ដើម្បី​ឲ្យ​ទូរសព្ទ​អាច​ហៅ​ចេញ​ចូល​បាន។
  • RRU ជា​ឧបករណ៍​ភ្ជាប់​ជាមួយ Antenna support
  • DDU ជា​ឧបករណ៍​ភ្ជាប់​ជាមួយ Microwave Support
  • Bracket ជា​ឧបករណ៍​សម្រាប់​ភ្ជាប់​ពី​តួ​អង់តែន​ជាមួយ​ឧបករណ៍ (RW, RF, RRU, DDU)។
  • Base Transmitter Station (BTS) ជា​ទូ​ភ្លើង​សម្រាប់​ដំណើរការ​ផ្សាយ។ កន្លែង​ខ្លះ​គេ​ប្រើ​ភ្លើង​រដ្ឋ ម៉ាស៊ីន​ភ្លើង​ឬ​ប្រព័ន្ធ​សូឡា សម្រាប់​ដំណើរការ​ផ្សាយ។

 

លោក លី ជិនរដ្ឋា វិស្វករ​បច្ចេកទេស​ក្រុមហ៊ុន​ដំឡើង​អង់តែន​ Pan Asia Tower ឲ្យ​ដឹង​ថា បង្គោល​អង់តែន​មួយ​អាច​គ្រប​ដណ្ដប់​ការ​ផ្សាយ​បាន​ឆ្ងាយ​ឬ​ជិត​អាស្រ័យ​លើ​ឧបករណ៍​បំពាក់ ទំហំ​ក្រុមហ៊ុន​ចង់​ផ្សាយ និង​ទំហំ​ហ្រ្វេកង់​ដែល​ក្រុមហ៊ុន​បាន​ពី​រដ្ឋ។

 

ជា​ទូទៅ​នៅ​ក្នុង​ទីក្រុង​ កម្លាំង​ការ​ផ្សាយ​បាន​ជិត​តែ​បម្រើ​តម្រូវការ​បាន​ច្រើន​ នេះ​ជា​ហេតុ​ដែល​ក្រុមហ៊ុន​ទូរសព្ទ​នានា​ត្រូវ​ធ្វើ​អង់តែន​ច្រើន​ដើម្បី​តម្រូវការ​អតិថិជន។ ចំពោះ​អង់តែន​នៅ​តាម​ទី​ជនបទ​កម្លាំង​ការ​​ផ្សាយ​បាន​​ឆ្ងាយ សម្រាប់​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់​មិន​សូវ​ខ្លាំង។

 

លោក លី ជិន​រដ្ឋា​បាន​បញ្ជាក់​ថា អង់តែន​ក្នុង​ក្រុង​ជា​មធ្យម​ការ​ផ្សាយ​គ្រប​ដណ្តប់​បាន​ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ​ជុំវិញ។ ចំណែក​នៅ​តាម​ទី​ជនបទ អាច​ចាប់​ចម្ងាយ​គ្រប​ដណ្តប់​បាន​ប្រហែល ១០ គីឡូម៉ែត្រ​ទៅ ២០ គីឡូម៉ែត្រ​អាស្រ័យ​តាម​តម្រូវការ។

 

អង់តែន​ទូរសព្ទ​ធម្មតា​មាន​កម្ពស់​ពី ៦ ម៉ែត្រ​ទៅ ៦០ ម៉ែត្រ​

 

  • ៦ ម៉ែត្រ​សម្រាប់​ដាក់​នៅ​លើ​ដំបូល​ផ្ទះ​ឬ​ដំបូល​អាគារ។
  • ៤៥ ម៉ែត្រ ដល់ ៦០ ម៉ែត្រ​នៅ​តាម​ជាយ​ក្រុង តាម​ផ្លូវ តាម​ភូមិ​ឬ​នៅ​លើ​ភ្នំ។

 

លោក​ លី ជិនរដ្ឋា​បាន​បញ្ជាក់​ថា សម្រាប់​ការ​ស្នើ​​សុំ​សាង​សង់​កម្ពស់​អង់តែន​ត្រូវ​សុំ​ច្បាប់​អនុញ្ញាតិ​​ ហើយ​មន្ទីរ​ពាក់ព័ន្ធ​នឹង​ធ្វើការ​សិក្សា​មុន​សម្រេច​ផ្ដល់​ការ​អនុញ្ញាត​សាងសង់។ ក្នុង​ករណី​ខ្លះ​សំណង់​​នៅ​ជិត​ព្រលាន​យន្តហោះ​អាជ្ញាធរ​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើ​ខ្ពស់​បាន​ទេ។

 

លោក​បន្ត​ថា បង្គោល​អង់តែន​​ទូរសព្ទ​មាន ៣ ប្រភេទ​គឺ​ Monopole Tower,​ The Lattice Tower ឬ Self Support និង Guyed Tower ដែល​មាន​រយៈ​កម្ពស់​សាង់សង់​ខុសៗ​គ្នា​និង​តម្រូវការ​ប្រើប្រាស់​ក៏​ខុស​គ្នា។

 

បន្ត​អាន៖ អង់តែន​​ទូរសព្ទ​​មួយ​ចំណាយ​មិន​ក្រោម​ ៨ ទៅ ១០​ម៉ឺន​ដុល្លារ​​ប្រើ​បាន​ពី​រ​ទៅ​បី​ក្រុមហ៊ុន​។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា