យូ ជិនហុង វីរបុរសនាំមេដាយពី Asian Games ជូនកម្ពុជាមុនគេ តាំងពីឆ្នាំ ១៩៦២
- 2014-09-17 23:00:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យូ ជិនហុង វីរបុរសនាំមេដាយពី Asian Games ជូនកម្ពុជាមុនគេ តាំងពីឆ្នាំ ១៩៦២
ចន្លោះមិនឃើញ
រំលងតែ ១ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាថ្នាក់ទ្វីប Asian Games លើកទី ១៧ នឹងចាប់ផ្ដើមប្រារព្ធឡើងហើយនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ពោលគឺចាប់ពីថ្ងៃទី ១៩ កញ្ញា ដល់ថ្ងៃទី ៤ តុលា ឆ្នាំ ២០១៤។ ងាកទៅមើលប្រវត្តិសាស្ត្រវិញ លោក យូ ជិនហុង គឺជាវីរបុរសកម្ពុជាដំបូងគេបង្អស់ដែលអាចដណ្ដើមបានមេដាយជូនជាតិកម្ពុជាបានមុនគេពីកីឡាថ្នាក់ទ្វីប ក្នុងឆ្នាំ ១៩៦២។
តែមសម្គាល់ដែលបង្ហាញពីកីឡាប្រដាល់នៅឆ្នាំ ១៩៦២ នៅប្រទេសឥណ្ឌូណេស៊ី (រូបថត៖ postagestampcollection)
តាមពិតកម្ពុជា ធ្លាប់ឈ្នះមេដាយពីកម្មវិធីកីឡានេះចំនួន ៦ គ្រឿងនាពេលអតីតកាល ប៉ុន្ដែលោក យូ ជិនហុង ជាអ្នករកបានមេដាយដំបូងគេបង្អស់ពីកីឡា Asian Games ឆ្នាំ ១៩៦២ ដែលកាលនោះរៀបចំលើកទី៤ នៅទីក្រុងហ្សាកាតាប្រទេស ឥណ្ឌូណេស៊ី។ លោកជាអ្នកប្រដាល់សកលប្រភេទទម្ងន់ ៦០ គីឡូក្រាម។
យោងតាមវេបសាយ amateur-boxing លោក យូ ជិនហុង បានយកឈ្នះពិន្ទុកីឡាករ Jo Pil-Kyu របស់ប្រទេសកូរ៉េ នៅវគ្គ ៨ នាក់ចុងក្រោយនាថ្ងៃទី ២៨ សីហា ឆ្នាំ ១៩៦២ តែចាញ់ពិន្ទុម្ចាស់មេដាយមាសជំនាន់នោះឈ្មោះ Padam Bahadur Mall ជាជនជាតិឥណ្ឌា នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៦២។
លទ្ធផលទម្ងន់ ៦០ គីឡូក្រាមនៅឆ្នាំនោះ មេដាយមាសបានទៅកីឡាករ Padam Bahadur Mall ហើយមេដាយប្រាក់បានទៅកីឡាករ Kanemaru Shiratori របស់ជប៉ុន និងមេដាយសំរឹទ្ធបានមកកីឡាករ យូ ឈិនហុង របស់កម្ពុជា និង កីឡាករ Catalino Arpon របស់ហ្វីលីពីន។
លោក យូ ជិនហុង (រូបថត៖ កាំង សុធា)
រហូតដល់ Asian Games លើកទី ៦ ក្នុង ១៩៧០ នៅក្រុមបាងកក ប្រទេសថៃ ទើបកម្ពុជាដណ្ដើមបានមេដាយចំនួន ៥ គ្រឿងទៀត។ ក្នុងនោះមេដាយប្រាក់ ២ គ្រឿងមកពីកីឡាប្រដាល់សកល ដោយកីឡាករ ខៀវ សឿន ចាញ់ម្ចាស់ស្រុក Srisook Bantow ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកមេដាយប្រាក់មួយគ្រឿងទៀតរកបានដោយកីឡាករ ឡុង សាវឿន ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ក្រោយចាញ់កីឡាករ Jung Yong-geun របស់កូរ៉េខាងត្បូង។
នៅឆ្នាំ ១៩៧០ ដូចគ្នានេះដែរ មេដាយផ្សេងទៀតមាន បាល់ទះនារីកម្ពុជាឈ្នះមេដាយសំរឹទ្ធ បន្ទាប់ពីរបូតមេដាយមាស បានទៅប្រទេសជប៉ុន និង មេដាយប្រាក់បានទៅក្រុមកូរ៉េខាងត្បូង។ ចំណែកមេដាយ សំរឹទ្ធ ២ ទៀតបានមកពីកីឡាហែលទឹក។
Asian Games បង្កើតឡើងបាន ១៧ លើកហើយដោយតែងតែរៀបចំឡើងរៀងរាល់ ៤ ឆ្នាំម្ដង។ ទិន្នន័យត្រឹមពេលនេះប្រទេសចិនជាអ្នករកបានមេដាយបានច្រើនជាងគេ ដោយឈ្នះមេដាយមាស ១១៩១ គ្រឿង, ប្រាក់ ៧៩២ គ្រឿង និង មេដាយសំរឹទ្ធ ៥៧០ គ្រឿង។ ចំណែកកម្ពុជា ធ្លាប់តែឈ្នះចំនួន ៦ មេដាយប៉ុណ្ណោះគឺមេដាយប្រាក់ ២ គ្រឿង និង សំរឹទ្ធ ៤ គ្រឿង ព្រោះមិនសូវបានបញ្ជូនកីឡាករទៅចូលរួមប្រកួតទៀងទាត់ទេ ណាមួយរយៈពេលចុងក្រោយកម្ពុជាជួបសង្គ្រាមស៊ីវិល។
ក្រោយបញ្ចប់សង្គ្រាមក្នុងស្រុកជាង ៣០ ឆ្នាំចុងក្រោយកម្ពុជា មិនធ្លាប់ដណ្ដើមបានមេដាយនោះទេពី Asian Games។ នៅឆ្នាំ ២០១៤ នេះកម្ពុជាបានបញ្ជូនកីឡាករចំនួន ២១ នាក់ ក្នុងចំណោមកីឡា ៧ ប្រភេទចេញទៅប្រកួតដែលរៀបចំកូរ៉េខាងត្បូង៕
តើមានកីឡាករ ឬ កីឡាការិនី ជំនាន់ថ្មីរូបណាអាចចារឈ្មោះដណ្ដើមបានមេដាយពីកីឡាថ្នាក់ទ្វីបនាសម័យទំនើបនេះបានទេ?
អត្ថបទ៖ ម៉ឺន រស្មី