ទម្លាប់​មិន​ល្អ ៧យ៉ាង ដែល​ធ្វើ​ឲ្យ​មុខ​អ្នក​កើត​មុន​កាន់​តែ​ច្រើន

  • 2016-01-29 13:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​គិត​ថា ខ្លួន​អាច​ធ្វើ​អ្វី​គ្រប់យ៉ាង​ឲ្យ​តែ​អាច​ព្យាបាល​មុន​លើ​ផ្ទៃ​មុខ​បាន។ ប៉ុន្តែ​ជួន​កាល​កំហុស​តូច​ៗ​មួយ​ចំនួន​ដែល​ពួក​គេ​មិន​ដែល​ចាប់​អារម្មណ៍ នឹង​ធ្វើ​ឲ្យ​មុន​កើត​ឡើង​កាន់​តែ​ច្រើន។ ខាង​ក្រោម​នេះ​គឺ​ជា​កំហុស​ចំនួន​៧ ដែល​គួរ​ចៀសវាង៖

 

 

១. ប្រើ​ទូរសព្ទ​ដៃ​កខ្វក់ ត្រូវ​ដឹង​ថា មុខ​របស់​អ្នក​តែងតែ​បញ្ចេញ​ជាតិ​ខ្លាញ់​និង​ញើស ដែល​នឹង​តោង​ជាប់​ទូរសព្ទ​ដៃ​នៅ​ពេល​អ្នក​លើក​វា​មក​និយាយ​ម្ដង​ៗ។ ដូចនេះ​ប្រសិន​បើ​អ្នក​មិន​ដែល​​សម្អាត​ទូរសព្ទ​ចេញ ពេល​លើក​វា​មក​និយាយ​ក្រោយ​ៗ គឺ​ដូច​ជា​នាំ​មេរោគ​ទាំង​នោះ​ចូល​ទៅ​កាន់​ស្បែក​វិញ​ដូច្នោះ​ដែរ។

 

២. ប្រើ​សាប៊ូ​កក់​សក់ ឬ Gel ឲ្យ​ប៉ះ​នឹង​ស្បែក​មុខ

ប្រសិន​បើ​អ្នក​ប្រើ​ផលិតផល​ដែល​ធ្វើ​ឲ្យ​សក់​ត្រង់​ ឬ​ Gel លាប​សក់​ផ្សេង​ៗ គួរ​ប្រើ​វា កុំ​ឲ្យ​ប៉ះ​ស្បែក​មុខ ជា​ពិសេស​ថ្ងាស ឬ​ជើង​សក់។ ពុំ​ដូច្នោះ​ទេ ​​មុន​នឹង​កើត​នៅ​បរិវេណ​ទាំង​នោះ។

 

៣. ឆាប់​បោះបង់​ពេក

"មនុស្ស​គ្រប់​គ្នា​ចង់​ប្រើ​ថ្នាំ​ថ្ងៃនេះ ហើយ​ឲ្យ​មុខ​របស់​ពួក​គេ​ជា​នៅ​ថ្ងៃ​ស្អែក ប៉ុន្តែ​គ្មាន​ថ្នាំ​ទិព្វ​ឯណា​ខ្លាំង​ដល់​ថ្នាក់​នេះ​ទេ។ ផលិតផល​ដែល​ប្រើ​ដើម្បី​ព្យាបាល​មុន ត្រូវ​ការ​ពេល​រាប់​សប្ដាហ៍​ទើប​លេច​ចេញ​ប្រសិទ្ធភាព"។ វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ស្បែក Joshua Zeichner មក​ពី​មន្ទីរពេទ្យ Mt. Sinai នៅ​ញីវយ៉ក​ និយាយ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​ប្រើ​ផលិតផល​ណាមួយ ពី​ចន្លោះ ២ទៅ​៤សប្ដាហ៍​ហើយ នៅ​តែ​មិន​ឃើញ​ប្រសិទ្ធភាព ​នោះ​គួរ​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ។​

 

៤. លាង​មុខ​ច្រើន​ដង​ពេក

“លាង​មុខ​ច្រើន​ពេក​ធ្វើ​ឲ្យ​ស្បែក​អ្នក​បាត់​បង់​ទាំង​ខ្លាញ់​ដែល​ចាំ​បាច់ ធ្វើ​ឲ្យ​រាង​កាយ​ព្យាយាម​ផលិត​ខ្លាញ់​​ច្រើន​ទ្វេ​ដង ដែល​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មុន"។ វេជ្ជបណ្ឌិត Zeichner និយាយ។ លាង​មុខ​មួយ​ថ្ងៃ​ពីរ​ដង គឺ​គ្រប់គ្រាន់​ហើយ។

 

៥. កំហុស​ពេល​លាង​មុខ

កុំ​ប្រើ​កំណាត់​ឬ​កន្សែង​កខ្វក់​ជូត​មុខ ក្រោយ​ពី​អ្នក​លាង​មុខ​រួច ព្រោះ​បាក់តេរី​អាច​ឆ្លង​ចូល​ស្បែក​មុខ​អ្នក​ដោយ​ងាយ។ មួយ​ទៀត មិន​ត្រូវ​ប្រើ​ផលិតផល​ ឬ​ម៉ាស៊ីន​ជម្រុះ​កោសិកា​ញឹកញាប់​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​រោល​ ឬ​រមាស់ ដែល​អាច​នាំ​ឲ្យ​កើត​មុន​ដែរ។ ជម្រុះ​កោសិកា​ម្ដង​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​គឺ​គ្រប់គ្រាន់​ហើយ។

 

 

៦. ញេច ឬ​ឆ្កឹះ​មុន​ខ្លួន​ឯង

នេះ​មិន​មែន​ជា​វិធី​ល្អ​ទេ។ ធ្វើ​ដូច​នេះ អ្នក​អាច​ញេច​ក្បាល​មុន​ចេញ​មក​ក្រៅ​បាន ប៉ុន្តែ​វា​ដូច​ជា​រុញ​មេរោគ​មួយ​ចំនួន​ទៀត​ឲ្យ​ចូល​ស្បែក​កាន់​តែ​ជ្រៅ ធ្វើ​ឲ្យ​មុខ​អ្នក​មាន​ស្នាម។ ប្រើ​ថ្នាំ​លាប​​​មុន ឲ្យ​ស្រក គឺ​ជា​ដំណោះស្រាយ​ល្អ​ជាង។​

 

៧. ញ៉ាំ​របស់​ផ្អែម និង​ជាតិ​ម្សៅ​ច្រើន

អាហារ​ដែល​មាន​ជាតិ​ផ្អែម ឬ​ជាតិ​ម្សៅ​ដូច​ជា​នំប៉័ង Pasta នំ​ដំឡូង​បារាំង Cookies និង​នំ​ផ្សេង​ៗ គឺ​ជា​កត្តា​រួម​ផ្សំ​ដែល​អាច​នាំ​ឲ្យ​កើត​មុន​ដែរ។ ឯកសារ​ខ្លះ​និយាយ​ថា​ផលិតផល​ទឹកដោះគោ​អាច​ធ្វើ​ឲ្យ​កើត​មុន ប៉ុន្តែ​មិន​មាន​ភស្តុតាង​ច្បាស់លាស់​ឡើយ។

 

ចុចអាន៖អាការៈ​​​​​១២យ៉ាង​លើ​ដៃ​ ​ប្រាប់​ពី​​ដំណើរ​មិន​ស្រួល​នៃ​សុខភាព​​មនុស្ស

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ webmd