ផលិត​ករ​ភាព​យន្ត​​​​ដ៏​ល្បី​តំណាង​ឲ្យ​ខ្មែរ​មួយ​រូប​ជាប់​ពានរង្វាន់​ពហុ​វិស័យ​អាស៊ី​

  • 2014-10-23 00:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​  រិទ្ធី ប៉ាន់ ផលិត​ករ​ភាព​យន្ដ​​​ខ្មែរ បាន​ទទួល​ពាន​រង្វាន់​ពហុវិស័យ​អាស៊ី។ ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី (ERIA)  គឺជា​ ពាន​រង្វាន់​​ចម្រុះ​ជាតិ​សាសន៍​​អាស៊ី ក្រោម​ការ​សហការ​រៀប​ចំ​របស់​​វិទ្យាស្ថាន​ ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​ បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី ដែល​ពិធី​ប្រកាស​អ្នក​ជាប់​ជយលាភី​បាន​ធ្វើ​​នៅ​សណ្ឋាគារ​ អាំង​ទែរ​កង់​ទី​ណង់​តាល់ កាល​ពី​ព្រឹក​​ថ្ងៃ​ទី ២២ ខែ ​តុលា ឆ្នាំ​២០១៤។

 

លោក រិទ្ធី ប៉ាន់

 

ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី ​មាន​ទី​តាំង​នៅ​ទីក្រុង​ ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ​ហើយ​គោល​បំណង​នៃ​ការ​បង្កើត​ឲ្យ​មាន​​កម្មវិធី​ផ្ដល់​ពានរង្វាន់​​ចម្រុះ​ជាតិ​សាសន៍​ទាំង​អស់​នេះ​ឡើង គឺ​ដើម្បី​បង្រួម​គំលាត​រវាង​បណ្ដា​ប្រទេស​ប្រចាំ​តំបន់​​អាស៊ី​ឲ្យ​កាន់​តែ​តូច​ ឈាន​ទៅ​រក​ការ​រួម​បញ្ចូល​គ្នា​រវាង​វប្បធម៌ និង​ សេដ្ឋកិច្ច ជា​ពិសេស​ការ​រីក​ចម្រើន​ក្នុង​សង្គម​ និង​ មាន​ស្ថេរ​ភាព។

 

លោក ហ៊ីដេតុស្សិ នីស្សិមូរ៉ា ប្រធាន​វិទ្យាស្ថាន ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​ អាស៊ាន និង​អាស៊ី​បូព៌ាបាន​​បញ្ជាក់​ថា ​ពាន់​រង្វាន់​ពហុ​វិស័យ​អាស៊ី​​នេះ​ ធ្វើ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង ហើយ​នេះ ​ជា​លើក​ទីពីរ​​ក្នុង​ការ​ផ្ដល់​ពាន់​រង្វាន់​​ទៅ​ឲ្យ​បុគ្គល​ និង​ សមាគម​ ដែល​បាន​សម្រេច​សមិទ្ធផល​កិត្តិយស​​ធំ​បំផុត នៅ​ក្នុង​វិស័យ​សង្គម វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង ​វប្បធម៌។

 

បន្ថែម​ពី​លើ​នេះ សម្តេច​ នរោត្តម សេរីវុឌ្ឍ ប្រធាន​នាយក​វិទ្យាស្ថាន​ខ្មែរ​ សម្រាប់​សហ​​​ប្រតិបត្តិការ​ និង​ សន្តិសុខ មាន​បន្ទូល​​ថា ឆ្នាំ​នេះ​អ្នក​ដែល​ទទួល​បាន​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី​មាន​៥រូប។ ​ហើយ​ព្រះ​អង្គ​មាន​សេចក្ដី​រំភើប​ខ្លាំង​ណាស់​ ក្នុង​ចំណោម​ ប្រទេស​អាស៊ី​បូព៌ាចំនួន​១៦ ​ប្រទេស ​ដែល​បាន​ស្នើ​ដាក់​ឲ្យ​​ជ្រើសរើស​បេក្ខជន​សម្រាប់​ផ្នែក​នីមួយៗ ក្នុង​នោះ​មាន​ខ្មែរ​យើង​មួយ​រូប​ផង​ដែរ​ គឺ​លោក​ ប៉ាន់ រិទ្ធី ​លើ​ផ្នែក​វប្បធម៌។

 

ខណៈ​ដែល ​អ្នក​​ទទួល​ពានរង្វាន់​ធំ គឺ​រង្វាន់​ពហុ​វិស័យ​អាស៊ី បាន​ទៅលើ​លោក Manmohan Singh អតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ហើយ​ពាន​រង្វាន់​ផ្នែក​សេដ្ឋកិច្ច និង ​វិទ្យាសាស្ត្រ​សង្គម បាន​ទៅលើ​លោក Peter David Drysdale ជា​សាស្ត្រា​ចារ្យ​សេដ្ឋកិច្ច និង ​ទស្សនៈ​កិច្ច​សមាជិក នៃ​សាលា​សេដ្ឋកិច្ច ​និង ​រដ្ឋបាល Crawford នៃ​សកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី និង ​លោក Wang Gungwu សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​សិង្ហបុរី​ និង ​ក្រុមហ៊ុន The Takarazuka Revue ​ដែល​ជា​ក្រុមហ៊ុន​ល្ខោន​តន្ត្រី​ដែល​បាន​បង្កើត​ឡើង​ពី ក្រុម​នារី​នៅ​លីវ ក៏​ទទួល​​បាន​ពាន​រង្វាន់​វប្បធម៌​នេះ​ដែរ​។

 

ដោយ​ឡែក​ លោក​ រិទ្ធី ប៉ាន់ ​បាន​ថ្លែង​ប្រាប់​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​ក្នុង​ពិធី​នេះ​ថា៖ "ខ្ញុំ​ត្រេក​អរ​ និង ​មាន​មោទនភាព​​​ខ្លាំង​ណាស់ ដែល​​ជាប់​ពាន​រង្វាន់​ផ្នែក​វប្បធម៌​នេះ​នៅ​ក្នុង​កម្មវិធី​ចម្រុះ​ជាតិ​សាសន៍​មួយ​នេះ។

 

លោក​ប៉ាន់ រិទ្ធី គឺ​ជា​​ ជនជាតិ​ខ្មែរ​មួយ​រូប​​ដែល​​​ស្នាដៃ​របស់​គាត់​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ និង ​អ្នក​ដឹក​នាំ និង​ សរសេរ​ស្គ្រីប​ភាពយន្ត​បែប​ឯកសារ​ដ៏​ល្បី។ កាល​ពី​ឆ្នាំ ​២០១៣ កន្លង​ទៅ​ស្នាដៃ​និពន្ធ​ និង​ ដឹក​នាំ​រឿង​ របស់​គាត់​ឈ្មោះ​ The Missing Picture ដែល​ជា​ភាព​យន្ត​ខ្មែរ​មួយ​រៀប​រាប់​អំពី​របប​អាវ​ខ្មៅ​​នៅ​កម្ពុជា​ ក៏​បាន​ឈ្នះ​ពាន​រង្វាន់​នៃ​ Un Certain Regard ហើយ​ក្នុង​ឆ្នាំ ​២០១៤​ នេះ ស្នា​ដៃ​របស់​គាត់​ក៏​ទទួល​រង្វាន់​ផ្នែក​សិល្បៈ​ពី​វិទ្យាស្ថាន Foreign Language Film Category ទៀត​ផង៕

 

អត្ថបទ៖ យិន សំបូរ​​​