កញ្ញា គង់ កែវ​សុគន្ធា​៖ កំព្រា​ឪពុក​​​​ធ្វើ​​ឲ្យ​ខ្ញុំ​រឹងប៉ឹង​​​រហូត​​បាន​​កាន់​តំណែង​​ធំៗ​​

  • 2014-10-23 17:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា គង់ កែវ​សុគន្ធា ជា​​កូន​កំព្រា​ឪពុក​ ជា​ក្មេង​ធ្លាប់​សោយសុខ​ ប៉ុន្តែ​ជីវិត​របស់​កញ្ញា បាន​ប្រែប្រួល​ខ្លាំង​​ បន្ទាប់​ពី​​​ឪពុក​ជា​ទី​ស្រលាញ់​​ធ្លាក់​ខ្លួន​ឈឺ ហើយ​លាចាក​លោក​​បាត់​ទៅ។ កញ្ញា​បាន​ចាប់​ផ្ដើម​ការងារ​​កំឡុង​ពេល​សិក្សា​នៅ​ ​​មហា​វិទ្យាល័យ​​​ឆ្នាំ​២ ធ្វើការ​​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ហើយ​​បាន​តស៊ូ​​រហូត​ក្លាយ​​ខ្លួន​ជា​អ្នក​ គ្រប់គ្រង​វិទ្យុ​សារិកា ​​និង​ក្រោយ​មក​បាន​​ក្លាយ​ជា​​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ឲ្យ​អង្គការ​ធំ​ៗ​​ ជា​ច្រើ​ទៀត ​ដែល​ទទួល​​ចំណូល​ប្រចាំ​ខែ​បាន​​រាប់ពាន់​ដុល្លារ​។

 

តើ​ឆាក​ជីវិត​កញ្ញា​​ ជួប​រឿង​ជូរ​ចត់​​ដូចម្ដេច​ខ្លះ?

កញ្ញា គង់​ កែវសុគន្ធា​ កើត​នៅ​ឆ្នាំ​​១៩៨៥ មាន​ស្រុក​កំណើត​​នៅ​ក្រុង​ភ្នំពេញ ក្នុង​ត្រកូល​អ្នក​រៀន​សូត្រ​ ​មាន​លោក​ឪពុក​ជា​វេជ្ជបណ្ឌិត អតីត​ប្រធាន​មន្ទីរពេទ្យ​របេង​ និង​ម្ដាយ​ជា​មេផ្ទះ ដែល​​​អាច​និយាយ​បាន​ថា​​ ​​ជា​គ្រួសារ​​​មួយ​ដ៏​មាន​ក្ដី​សុខ​និង​សុភមង្គល​ ​​ពោរពេញ​ទៅ​ដោយ​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​។​ ក្នុង​​វ័យ​សិក្សា​កញ្ញា​​រៀន​សូត្រ​ ​មិន​សូវ​ពូកែ​ប៉ុន្មាន​ទេ ហើយ​ចូលចិត្ត​​​ដើរ​​លេង​តាម​របៀប​ យុវវ័យ ប៉ុន្តែ​ក្ដី​សប្បាយ​រីករាយ​នេះ​ មិន​នៅ​ស្ថិតស្ថេរ​ឡើយ​។ នៅ​ឆ្នាំ​ ២០០៣ ឪពុក​របស់​កញ្ញា​បាន​ចាប់​ផ្ដើម​ឈឺ ​​ហើយ​បាន​លា​ចាក​លោក​នៅ​ឆ្នាំ​២០០៨​ បន្សល់​កូន​កំព្រា​គ្មាន​ឪពុក​ លែង​មាន​អ្នក​ផ្គត់ផ្គង់​គ្រួសារ​​ ព្រោះ​​​សេដ្ឋកិច្ច​គ្រួសារ​របស់​កញ្ញា​ទាំង​មូល​ពឹង​ផ្អែក​ស្ទើរតែ​ទាំង​ ស្រុង​លើ​ ឪពុក​​។

 

 

ចង់​ធ្វើជា​បង្គោល​គ្រួសារ​គួរ​តែ​រៀន​ឲ្យ​មាំទាំ​ ​ នៅ​ឆ្នាំ​២០០៣ ​ជា​និស្សិត​ឆ្នាំ​​​ទី​២​នៅ​មហាវិទ្យាល័យ​ ​​ដែល​ជា​ក្មេង​ស្រី​ម្នាក់​​​​ធ្លាប់​ដើរ​លេង​សប្បាយ ​​ប្រែ​ក្លាយ​ជា​ក្មេង​​គ្មាន​ទិស​ដៅ ប្រៀប​ដូច​ ចក​រសាត់អណ្ដែត​កណ្ដាល​បឹង​ គ្មាន​កោះ​ត្រើយ។ ក្នុង​អំឡុង​ពេល​​នោះ​​កញ្ញា ស្ទើរតែ​បោះបង់​ការ​សិក្សា​ចោល​ក៏​ព្រោះ​តែ​​ជំងឺ​ឪពុក​​​កាន់​តែ​ដុនដាប​ បន្តិច​​​ម្ដងៗ​។ប៉ុន្តែ​​ ក្នុង​កាលៈទេសៈ​នេះ ម្ដាយ​របស់​កញ្ញា​ដែល​ធ្លាប់​រស់នៅ​ស្រួល​ គ្មាន​ការ​លំបាក​ក៏​ព្រោះ​មាន​ស្វាមី​ជា​​អ្នក​​មាន​មុខ​តំណែង​គួរសម​ និង​អាច​រក​​ប្រាក់​កម្រៃ​បាន​ស្រួល ​​​​បានជំរុញ​កញ្ញា​ឲ្យ​តស៊ូ​ ក្នុង​ជីវិត​ ខិតខំ​រៀន​សូត្រ​ឡើង​វិញ​ ធ្វើ​ជា​បង្គោល​គ្រួសារ​។

 

រៀន​​ឆ្នាំ​ទី​២ នៅ​​មហាវិទ្យាល័យ​ឆ្លៀត​ធ្វើការ​​ក្រៅ​ម៉ោង​

 

ដោយ ​មាន​ការ​ជំរុញ​ទឹក​ចិត្ត ​ សុគន្ធា បាន​ចាប់​ផ្ដើម​​ដូរ​វេន​សិក្សា​មក​រៀន​ពេល​យប់​ ​សិក្សា​​មុខ​វិជ្ជា​គ្រប់គ្រង​ពាណិជ្ជកម្ម​ និង​​សិក្សា​ភាសា​អង់គ្លេស​ នៅ​ IFL ​​ហើយ​​ពេល​ថ្ងៃ​​ឆ្លៀត​រក​ការ​ងារ​ក្រៅ​ម៉ោង​​ធ្វើ​ដើម្បី​ទ្រទ្រង់​ខ្លួន​ ឯង​ក្នុង​ការ​រៀន​សូត្រ​។

 

ការងារ​ដំបូង​ប្រាក់​ខែ​​ត្រឹម​ ៥០​ដុល្លារ​

កញ្ញា​បាន​កាត់​បន្ថយ​ចំណាយ​ និង​បាន​ខិតខំ​ប្រឹងប្រែង​​រៀន​សូត្រ ​ជាង​មុន លើស​ពី​នេះ​ទៅ​ទៀត​កញ្ញា បាន​ព្យាយាម​រក​ការងារ​ធ្វើ​នៅ​ពេល​ថ្ងៃ​ ទោះ​ជា​ការងារ​តូច​​តាច​ប៉ុណ្ណា ក៏​មិន​អាច​បណ្ដោយ​ឲ្យ​ឱកាស​មួយ​កន្លង​ផុត​ទៅ​ងាយ​ៗ​ដែរ​ ​រហូត​ទទួល​បាន​ត្រឹម​ការងារ​ជា​​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​​អង្គការ និចហ្វិច​ ជា​អ្នក​បកប្រែ​ និង​សរសេរ​របាយការណ៍​​​ ដោយ​ទទួល​បាន​បៀវត្សរ៍​ ៥០​ដុល្លារ​។

 

ប្ដូរ​ការងារ​ដើម្បី​ស្វែង​រក​​បទពិសោធន៍​ថ្មី​ៗ

នៅ​ឆ្នាំ​២០០៤ ​​កញ្ញា​ ក៏​បាន​ចូល​ធ្វើ​ការ​ងារ​ នៅ ក្នុង​​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ឈ្មោះ Diethelm Travel។ រយៈ​ពេល​ត្រឹម​១ ខែ ​សុគន្ធា​ ត្រូវ​បាន​ថ្នាក់​លើ​មើល​ឃើញ​ និង​ផ្ដល់​ ឱកាស​ការងារ​​​ជា​ច្រើន​។ នៅ​ឆ្នាំ​២០០៥ ​កញ្ញា​ ​បាន​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ ​និង​​មាន​តួនាទី​ ជា​អ្នក​កក់​សំបុត្រ (Reservation Clerk) ​ដោយ​ទទួល​បាន​បៀវត្សរ៍​​ ​១០០​ដុល្លារ​។ ជាមួយ​ការងារ​ថ្មី​នេះ ហាក់​ត្រូវ​ជា​មួយ​ជំនាញ​កញ្ញា​ ដែល​បាន​រៀន​នៅ​មហាវិទ្យាល័យ​ ប៉ុន្តែ​​​​កញ្ញា​បែរ​ជា​មិន​ពេញ​ចិត្ត​នឹង​ការងារ​ដែល​បាន​ធ្វើ​សោះ​ ព្រោះ​​កញ្ញា​យល់​ថា​ ការងារ​នេះ​មិន​អាច​អភិវឌ្ឍ​​ខ្លួន​បាន​ឆាប់​រហ័ស​សោះ។

 

ឱកាស​នៃ​ការ​ទំនាក់ទំនង​មាន​គ្រប់ពេលវេលា​

នៅពេល​សិក្សា​​ ជា​ឱកាស​មួយ​របស់​កញ្ញា ដែល​ជួប​ជាមួយ​អ្នក​មាន​បទពិសោធន៍​ច្រើន​ សុទ្ធ​តែ​មាន​តំណែង​ខ្ពស់​ៗ តាម​ស្ថាប័ន​ផ្សេង​ ​នៅ​ ចុង​ឆ្នាំ​២០០៧ ពេល​នោះ​ មនុស្ស​ម្នាក់​បាន​ណែនាំ​កញ្ញា​ឲ្យ​ប្រឡង​ចូល​ធ្វើការ​នៅ​វិទ្យុ​ស្ត្រី​១០២។

 

ប្ដូរ​ការងារ​ត្រូវ​ទៅតាម​ជំនាញ​ និង​ចំណូល​ចិត្ត​​

 

នៅ ​ឆ្នាំ​២០០៨ កញ្ញា បាន​ប្រឡង​ជាប់​​​នៅ​វិទ្យុ​ស្ត្រី​១០២ ​ហើយ​បាន​សម្រេច​ចិត្ត​​លាលែង​តំណែង​ពី​ក្រុមហ៊ុន​ចាស់​ ហើយ​ទទួល​បាន​តំណែង​ជា ជំនួយ​ការ​ ប្រធាន​ផ្នែក​ផលិត​ព័ត៌មាន​នៅ ​​វិទ្យុ​ នោះ។ នៅ​ទីនោះ​ កញ្ញា​បាន​ទទួល​ បទពិសោធន៍​ជា​ច្រើន​ពី​ដំណើរ​ការ​របស់​ស្ថាប័ន​​ ពិសេស​ការងារ​​​កៀរ​គរ​រក​ហិរញ្ញវត្ថុ​ទ្រទ្រង់​​​ការ​ផលិតកម្មវិធី​តែម្ដង​ ​។

 

បទពិសោធន៍​ច្រើន​ ឱកាស​កាន់​តែ​ច្រើន

 

ដោយ ​មាន​ចិត្ត​ចង់​សាកល្បង​ជាមួយ​ការងារ​ថ្មី​ៗ មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ (CCIM) ដែល​មាន​ ស្ថានីយ​វិទ្យុ​សារិកា ១០៦.៥​FM បាន​ប្រកាស​ជ្រើសរើស​មនុស្ស​សម្រាប់​មុខ​តំណែង​ ជំនួយ​ការ​កៀរគរ​ថវិកា​ ( Fun Raising Assistance)។ នៅ​ឆ្នាំ​ ២០០៩ ​កញ្ញា​បាន​ជាប់​មុខ​តំណែង​​នៅ​ក្នុង​ស្ថាប័ន​ថ្មី​នេះ​ ក៏​ព្រោះ​​​តែ​ត្រូវ​នឹង​មុខ​វិជ្ជា​ដែល​កញ្ញា​​បាន​រៀនផង​ដែរ។

 

អាយុ​២៥​ឆ្នាំ​ ក្លាយ​ជា​អ្នក​គ្រប់គ្រង​ស្ថានីយ​

 

ឆ្នាំ ​២០១១ ដោយ​មាន​សមត្ថភាព​​បំពេញ​​ការងារ​ ​កញ្ញា ត្រូវ​បាន​ដំឡើង​ឲ្យ​ក្លាយ​ជា​ប្រធាន​គ្រប់គ្រង​ស្ថានីយ​វិទ្យុ​១០៦.៥​ ប៉ុន្តែ​ដោយ​យល់​ថា​ជា​មនុស្ស​ចំណូល​ថ្មី បែរ​ក្លាយ​ជា​​មនុស្ស​ម្នាក់​ដែល​​គ្រប់គ្រង​បុគ្គលិក​ចាស់ៗ​ ពេល​នោះ​កញ្ញា​ព្យាយាម​បដិសេធ មិន​ទទួល​ព្រោះ វា​ដូចជា​ឆាប់​រហ័ស​ពេក ​និង​ម្យ៉ាង​គិត​ថា មិន​សម​ ប៉ុន្តែ​​​ថ្នាក់​ដឹកនាំ​​បាន​​ជំរុញ​​យ៉ាងខ្លាំង។

 

ការ​គាំទ្រ​ផ្លូវ​ចិត្ត​ជា​រឿង​សំខាន់​

ពី​ដំបូង​ឡើង​ កញ្ញា​ហាក់​នៅ​រារែក​ ក៏​សុំ​ពេល​​​១​ថ្ងៃ​ ដើម្បី​គិត​ ប៉ុន្តែ​ពេល​យប់​នោះ​កញ្ញា ក៏​បាន​ទទួល​ការ​ជំរុញ​ និង​គាំទ្រ​ពី​អ្នក​ម្ដាយ ​​កញ្ញា​​ក៏​សុខ​ចិត្ត​ទទួល​យក​ការងារ​នោះ​តែ​ម្ដង។

ប្រជុំ​លើក​ទី​១ គ្មាន​មនុស្ស​ចូលរួម​រឿង ​មួយ​ដែល​កញ្ញា បារម្ភ​ខ្លាំង​គឺ វិវាទ​បាន​កើត​ឡើង​ ការ​មិន​ចុះ​សម្រុង​ ខណៈ​មនុស្ស​ចូល​ធ្វើការ​មុន​ មាន​វ័យ​ចាស់​ៗ ជាង​ គេ​មិន​ឲ្យ​តម្លៃ​កញ្ញា។ មិន​ខុស​ពី​ការ​គិត​ប៉ុន្មាន​ ការ​ប្រជុំ​លើក​ទី​មួយ​គ្មាន​មនុស្ស​ចូល​រួម​សូម្បី​ម្នាក់​សោះ​ ពេល​នោះ​កញ្ញា​ ហាក់​បាក់​ទឹក​ចិត្ត​បន្តិច​ ព្រោះ​គ្មាន​បទ​ពិសោធន៍​ជា​អ្នក​គ្របគ្រង​ពី​មុន​មក​សោះ​ ហើយ​ការងារ​ជា​អ្នក​គ្រប់គ្រង​ស្ថានីយ​ ពិបាក​លើស​មុន​ ៣​ដង​ ចំពោះ​កញ្ញា​។

 

ពុះពារ​គង់​បាន​សម្រេច​​

 

ប៉ុន្តែ ​សម្រាប់​កញ្ញា មិន​មាន​ការ​បាក់​ទឹក​ចិត្ត​ខ្លាំង​ឡើង​ កញ្ញា​គិត​ថា ​មាន​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ ឲ្យ​បាន​សម្រេច​នោះ​ទេ ទើប​គេ​អាច​ទទួល​ស្គាល់​បាន​ ។ ក្រោយ​រយៈ​ពេល​ច្រើន​ខែ​កន្លង​ទៅ​ លទ្ធផល​ជា​ទី​គាប់​ប្រសើរ​ ការ​មិន​ពេញ​ចិត្ត​ទាំង​ប៉ុន្មាន​បាន​រលាយ​សាបសូន្យ​បន្សល់​មក​វិញ​​​ភាព​ ជឿជាក់​គ្នា។ សម្រាប់​កញ្ញា​ ការ​ប្រជែង​ដណ្ដើម​មិន​ជោគជ័យ​ទេ លទ្ធផល​ចេញ​ពី​សមត្ថភាព​ទើប​ឆ្លុះ​បញ្ជាក់​ពី​ជោគជ័យ​ពិត​ប្រាកដ​។

 

មាន​សមត្ថភាព​មិន​ខ្វះ​តំណែង​

 

ខែ ​មករា​២០១១​ កញ្ញា​ត្រូវ​បាន​ដំឡើង​តំណែង​មួយ​ថ្នាក់​ទៀត​ក្លាយ​ជា​ អ្នក​គ្រប់គ្រង​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ (Media Business Manager) បន្ទាប់​មក​ទៀត នៅ​ឆ្នាំ​ដដែល​ ខែ​តុលា ​សុគន្ធា​ បាន​ក្លាយ​សមាជិក​ក្រុមប្រឹក្សាភិបាល​បណ្ដោះអាសន្ន​ (Interim Board Director) ដែល​ជា​តំណែង​ខ្ពស់​បំផុត​នៅ​ក្នុង​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នេះ។

 

 

ផែនការ​អនាគត​

កញ្ញា ​សព្វ​ថ្ងៃ​កំពុង​រៀន​យក​ថ្នាក់​អនុបណ្ឌិត ជំនាញ​គ្រប់​គ្រង​​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ Charler Sturt ដែល​ពេល​បញ្ចប់​ថ្នាក់​សិក្សា​ នឹង​ទទួល​​បាន​សញ្ញាបត្រ​ពី​ប្រទេស​អូស្ត្រាលី។ ​កញ្ញា​បាន​​​​យក​ការ​សិក្សា​ជា​កត្តា​សំខាន់។ ​កញ្ញា បញ្ជាក់ ថា​ ៖”រៀន​រហូត​ដល់​ថ្ងៃ​ស្លាប់​ ព្រោះ​ជីវិត​មនុស្ស​មាន​រឿង​ច្រើន​ដែល​យើង​មិន​ទាន់​ចេះ រៀន​ពី​សាលារៀន​ ក្រៅ​សាលា រៀន​ពី​ជីវិត​មនុស្ស ព្រោះ​មនុស្ស​មាន​ជោគជ័យ​​ខុស​ៗ គ្នា ហើយ​មិន​ប្រាកដ​ថា​ អ្នក​មាន​លុយ​ មាន​តំណែង​ខ្ពស់​ ទើប​យើង​អាច​រៀន​សូត្រ​បាន​នោះ​ទេ​​”។

 

បទ​ពិសោធន៍​ជីវិត

កញ្ញា បាន​រៀប​រាប់​ថា​ ៖”ក្នុង​ពេល​សិក្សា ​គឺ​ជា​ពេល​វេលា​នៃ​កសាង​ប្រព័ន្ធ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​គឺ​អ្នក​រៀន​ពេល​យប់​តែ​ម្ដង​ ដូច​ខ្ញុំ​ជា​ដើម​ពេល​ជួប​មិត្ត​រួម​ថ្នាក់​ចាស់​ៗទាំង​នោះ ​ខ្ញុំ​បាន​ទទួល​ទាំង​បទពិសោធន៍​និង​ ឱកាស​ការងារ​ជា​ច្រើន​បន្តបន្ទាប់​គ្នា​ ដូច្នេះ​សូម​ប្អូន​ៗ​ ចាប់​ឱកាស​ក្នុង​ពេល​សិក្សា​ កុំ​ទុក​ពេល​វេលា​ចោល​ឥត​ប្រយោជន៍​”។

 

អ្នក​ដឹកនាំ​ល្អ ត្រូវ​បង្កើត​អ្នក​ដឹកនាំ​ថ្មី​ៗ​ទៀត​

ស្ថិត​នៅ​ក្នុង​វ័យ​ក្មេង​ពិត​មែន​ ប៉ុន្តែ​មាន​​ទស្សន​ វែង​ឆ្ងាយ​ ពេល​អង្គភាព ​បញ្ជូន​ទៅ​រៀន​ម្ដងៗ​ គឺ​បាន​ខិតខំ​​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ និង​បាន​ប្រើប្រាស់​ចែក​រំលែក​ទៅ​កាន់​ថ្នាក់​ក្រោម​ឲ្យ​ ចេះ​ដឹក​នាំ​ជំនួស​កញ្ញា រហូត​ដល់​បាន​បណ្ដុះ​បណ្ដាល​ ឲ្យ​កូន​ចៅ​របស់​កញ្ញា​មក​កាន់​ តំណែង​ជំនួស ព្រោះ​កញ្ញា​ចូល​ចិត្ត​សាកល្បង​ជា​មួយអ្វី​ដែល​​ថ្មី​។

 

ការ​ផ្ដាំផ្ញើ​ ពូកែ​ប៉ុណ្ណា​កុំ​ភ្លេច​រឿង​សម្រស់​

 

ទោះបី​ជាធ្វើការ​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាងណា​ក៏​ដោយ​ មនុស្ស​ស្រី​នៅ​តែ​ចាំបាច់​គិត​គូរ​រឿង​ សម្ផស្ស​ ព្រោះ​ មនុស្ស​ស្រី​រៀន​កាន់​តែ​ច្រើន​ វ័យ​កាន់​តែ​ចាស់​ៗ​ទៅ​ កាន់​តំណែង​កាន់​តែ​​ខ្ពស់​ គឺ​កាន់តែ​​ចាស់​ ដូច្នេះ​ត្រូវ​ចេះ​បែងចែក​ពេលវេលា​ ​រវាង​ការ​ងារ​ និង​​​ការ​ហាត់​ប្រាណ​ ថែទាំ​សុខភាព​ ​។ ​​

 

ធ្វើ​ល្អ​ បាន​ល្អ​ តែ​ត្រូវ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​

 

សូមយុវវ័យ​កុំ​មើល​ឃើញ​ផល​បច្ចុប្បន្ន​ខ្លាំង​ពេក​ ហើយ​រំពឹង​ថា តើ​យើង​បាន​ ធ្វើ​អ្វី​ខ្លះ​ដល់​ស្ថាប័ន​នោះ​ប្រសើរ​ជាង​ធ្វើ​តាម​តម្លៃ​ដែល​ គេ​ឲ្យ​? ទើប​យើង​មាន​ឱកាស​ និង​អភិវឌ្ឍ​សមត្ថភាព​រីក​ចម្រើន​​បាន។ នៅ​ពេល​ដែល​ប្រធាន​ផ្ដល់​ការងារ​ឲ្យ​អ្នក​មាន​ន័យ​ថា អ្នក​មាន​ឱកាស​សាកល្បង​ជាមួយ​ការងារ​ថ្មី និង​ប្រធាន​របស់​អ្នក​មើល​ឃើញ​សក្ដានុពល​របស់​អ្នក​ដែរ​ ហើយ​អ្នក​នឹង​​ក្លាយ​ជា​អ្នក​ដឹកនាំ​​នៅ​​ថ្ងៃ​អនាគត៕

 

អាន​អត្ថបទ៖ ហៃ​ វណ្ណា សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ហ៊ាន​​បោះ​ទុន​​បើក​ក្រុមហ៊ុន​​នៅ​​​ប្រទេស​ជប៉ុន ចុច​ត្រង់​នេះ​

អត្ថបទ​ កង ចាន់​បញ្ញា​