​​គ្រូ​កែវិញ្ញសា​បាក់​ឌុប ​​ធ្លោយ​​បង្ហើប​លទ្ធផល​កំណែ​ និង​ ទស្សន៍ទាយចំនួន​​អ្នក​ជាប់​គួរ​ឲ្យ​ទុក​ចិត្ត​បាន​​​​​​​

  • 2014-10-22 20:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែ​វិញ្ញាសា​ សម្រាប់​បេក្ខជន​ប្រលង​បាក់​ឌុប​​លើក​ទី​២ ​នឹង​ត្រូវ​​​បិទ​បញ្ចប់​​នៅ​ថ្ងៃ​នេះ​ជា​ស្ថាពរ​ ​នៅ​តាម​មណ្ឌល​​កំណែ​ទាំង​៩​ ក្នុង​រាជ​ធានី​ភ្នំពេញ​​។ ​​ប្រភព​​​​ពី​លោក​​គ្រូ​-អ្នក​​គ្រូ​ ដែល​បាន​ចូល​រួម​កែ​វិញ្ញាសា​ប្រលង​​ឲ្យ​ដឹង​ថា​ បេក្ខជន​​ភាគ​​​​តិច​​បំផុត​ទទួល​​​បាន​ពិន្ទុ​ជាប់​។ ម្យ៉ាង​អ្នក​​​ជាប់​ក៏​​បាន​ពិន្ទុ​ទាប​​ដែរ។ លទ្ធ​​ផល​អ្នក​ជាប់​តាម​មុខវិជ្ជាទាប​​​​បែប​នេះ​ នឹង​​កាន់​តែ​បង្ហាញ​ច្បាស់ ​ពី​ភាគរយ​អ្នក​ជាប់​​បាក់ឌុប​​ពេល​​ប្រកាស​លទ្ធផល​​ផ្លូវ​ការ​​។​​

 

“​កែ​ម៉ា​ដុំ ២៥ នាក់ ​​​មាន​ជាប់ ​​ច្រើន​បំផុត​បាន៤ ទៅ​ ​​៥ នាក់​ប៉ុណ្ណោះ​​”។ នេះ​បើ​តាម​កា​រ​រៀប​រាប់​របស់​​សាស្ត្រាចារ្យ​​មួយ​រូប​​សុំ​មិន​​បញ្ចេញ​ឈ្មោះ។ ​លោក​​សាស្ត្រាចារ្យ​​​​ ​កែ​​មុខ​វិជ្ជា រូបវិទ្យា​​ នៅ​មណ្ឌល​វត្ត​កោះ​ ​​​បាន​​រៀប​រាប់​ថា​ ​មាន​បេក្ខជន​ខ្លះ​បាន​សូន្យ​តែ​ម្តង​ ព្រោះ​​សន្លឹក​កិច្ច​ការ​គ្មាន​សរសេរ​អ្វី​ទាំង​អស់​។ ដូច្នេះ​​តាម​ការ​សន្និដ្ឋាន​​របស់​​លោក​គ្រូ​​​ បាក់​ឌុប​លើក​ទី​២ នេះ​មាន​បេក្ខជន​ច្រើន​បំផុត​១៥​% ​ជាប់​។

 

 

ចំណែក​លោក​​គ្រូ​​ ប៉ាន់ វណ្ណៈ ​សាស្ត្រាចារ្យ​​​អក្សរ​សាស្ត្រ​ខ្មែរ​កែ​នៅ​មណ្ឌល​​ព្រះ​​ស៊ីសុវត្ថិ​​​ក៏​បាន​​លើក​​ឡើង​ថា​ បេក្ខជន​ចន្លោះ​ពី​១៥% ទៅ​១៧ % ប៉ុណ្ណោះ​បាន​ពិន្ទុ​ជាប់​លើ​​មុខ​វិជ្ជា​ខ្មែរ​​​ នៅ​មណ្ឌល​ព្រះ​​ស៊ីសុវត្ថិ​។ ចំណែក​គណិតវិទ្យា​​ក្រដាស​វិញ្ញាសា​​ ៣០០ នាក់​ ​មាន​អ្នក​ជាប់​ ៣​នាក់​ទៅ​៤ នាក់​ ប៉ុណ្ណោះ។​ “ការ​​កែ​គឺ​មិន​​មាន​​ការ​បន្ធូរ​បន្ថយ​​នោះ​​ទេ​ ។ ​មួយ​បន្ទប់​ជាប់​ច្រើន​បំផុត​​១០ នាក់​ ប៉ុណ្ណោះ​។ នេះ​​និយាយ​តែ​ភាសាខ្មែរ​ទេ​។ រីឯ​គណិត​វិទ្យា​ខ្ញុំ​ឭ​លោក​គ្រូ​-អ្នក​គ្រូ​​​ថា​ ជាប់​តិច​ជាង​នេះ​ទៅ​ទៀត។ ដូច្នេះ​លទ្ធផល​ផ្លូវ​ការ​ ខ្ញុំ​គិត​ថា​ មិន​លើស​ពី១៥% នោះទេ​​​”។ លោក​ គ្រូ​ ប៉ាន់​ វណ្ណៈ​ បន្ថែម​។

 

 

ប្រភព​​ពី​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​បាន​ឲ្យ​ដឹង​ថា​ សន្លឹក​កិច្ច​ការ​របស់​បេក្ខជន​ភាគ​ច្រើន​បាន​​ដឹក​ទៅ​ដល់​​​​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ ​ដើម្បី​​រង់​ចាំ​ផ្ទៀងផ្ទាត់​ ​និង​បូក​សរុប​​​។​ អង្គភាព​ប្រឆាំង​អំពើ​​ក៏​បាន​កត់​សំគាល់​ថា​ ដំណើរ​ការ​កំណែ​វិញ្ញាសា​គីមី​ ​បាន​បញ្ចប់​ហើយ​​នៅ​​មណ្ឌល​​​ព្រះយុគន្ធរ​។  ​សន្លឹក​កិច្ច​ការ​​សរុប​ ទាំង​អស់​ចំនួន ​២៦១៣ ​សន្លឹក​។ ​មាន​អ្នក​ជាប់​តែ​ ៦.៦​% ​ប៉ុណ្ណោះ​។

 

លោក រស់​ សាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​​បាន​លើក​ឡើង​ថា​ ​​​ការ​​កែ​នៅ​តាម​​មណ្ឌល​​ទាំង​ ៩ គឺ​ប្រព្រឹត្តិ​ទៅ​ល្អ​​ដូច​​ការ​កែ​លើក​ទី​១​ដែរ​ ដោយ​មាន​អ្នក​សង្កេត​ការណ៍​​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​​នៅ​តាម​​មណ្ឌល​កំណែ។ លោក​ថា ចំពោះ​លទ្ធផល​ពិន្ទុ​តាម​​មុខ​វិជ្ជា​ យើង​មិន​​ទាន់​អាច​វាយ​តម្លៃ​បាន​​នៅ​​ឡើយ​ ដោយ​សារ​​​នៅ​តាម​មណ្ឌល​ខ្លះ​​បញ្ចប់​ការ​កែ​នៅ​​ថ្ងៃ​នេះ​​។ "​​ភាគ​ច្រើន​មុខវិជ្ជា​ខ្មែរ​ និង​គីមី​វិជ្ជា​បេក្ខជន​ធ្វើ​បាន​​ពិន្ទុ​ជាប់​ច្រើន​​គួរ​សម​​។ ប៉ុន្តែ​​​មុខ​វិជ្ជា​​គណិត​វិទ្យា​ និង​រូប​វិទ្យា​ គឺ​បាន​​ពិន្ទុ​ទាប​។ ប៉ុន្តែ​យ៉ាង​ណា​​យើង​នៅ​តែ​​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ ព្រោះ​​​បើ​គិត​ពី​របាយ​គឺ​មិន​ទាន់​ស្មើ​សាច់​ទេ​ ដោយ​សារ​មណ្ឌល​ខ្លះ​នឹង​បញ្ចប់​ការ​កែ​នៅ​​ថ្ងៃ​នេះ​។ បើ​សិន​ជា​បេក្ខជន​បាន​ពិន្ទុ​ខ្ពស់ លើ​​មុខ​វិជ្ជា​ខ្មែរ​ និង​គណិត​វិទ្យា​​ ​​អាច​មាន​​អត្រា​អ្នក​ជាប់​​ច្រើន​​ ព្រោះ​ទាំង​ពីរ​មុខ​នេះ​​បាន​ពិន្ទុ​ខ្ពស់​”។

 

 

ការ​ប្រលង​បាក់​ឌុប​លើក​ទី​​​២ ​មាន​បេក្ខជន​ ទូទាំង​ប្រទេស​ ៦៧០០០ នាក់​ ដោយ​ ចែក​ចេញ​ជា​១១៧ មណ្ឌល​ ហើយ​លទ្ធផល​​ប្រលង​នឹង​ប្រកាស​នៅ​​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤។ ​​លទ្ធផល​​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់​ឌុប)​ លើក​ទី​១​ មាន​បេក្ខជន​ប្រលង​ជាប់​ចំនួន​ ​២៣១២៦​ នាក់​​ ស្នើ​នឹង​ ២៥,៧២​% ​ប៉ុណ្ណោះ​ ក្នុង​នោះ​មាន​​អ្នក​ជាប់​និទ្ទេស​A ១១​នាក់​៕

 

 

អាន​អត្ថបទ៖ ហៃ​ វណ្ណា សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ហ៊ាន​​បោះ​ទុន​​បើក​ក្រុមហ៊ុន​​នៅ​​​ប្រទេស​ជប៉ុន ចុច​ត្រង់​នេះ​

 

អត្ថបទ៖មៃ សុខលីម​ ​​